សេដ្ឋកិច្ចជប៉ុន

សេដ្ឋកិច្ចជប៉ុនកើនយឺតជាងការរំពឹងទុកនៅត្រីមាសទី២ឆ្នាំនេះ, តើមកពីហេតុអ្វី?


ទិន្នន័យថ្មីចុងក្រោយបានបង្ហាញនៅថ្ងៃចន្ទទី១៥សីហាថា សេដ្ឋកិច្ចរបស់ប្រទេសជប៉ុនបានស្ទុះងើបឡើងវិញក្នុងល្បឿនយឺតជាងការរំពឹងទុកនៅក្នុងត្រីមាសទីពីរឆ្នាំ២០២២នេះ ពោលគឺជាការងើបឡើងដ៏យឺតមួយ ពីការធ្លាក់ចុះដែលបណ្តាលមកពីវិបត្តិជំងឺកូវីដ១៩កន្លងមក។
សេដ្ឋកិច្ចជប៉ុនស្ទុះងើបចេញតិចតួចពីវិបត្តិកូវីដ១៩!

ទិន្នន័យចុងក្រោយនេះ បានកត់សម្គាល់ពីភាពមិនច្បាស់លាស់ មួយចំនួន ពាក់ព័ន្ធ​នឹង​ចំណាយលើការប្រើប្រាស់របស់ពលរដ្ឋ ដោយគេមិនទាន់ប្រាកដនៅឡើយទេថា ការចំណាយនេះ​​នឹងកើនឡើងគ្រប់គ្រាន់ដើម្បីជំរុញការស្ទុះងើបឡើងវិញដ៏យឺតយ៉ាវ និងផុយស្រួយរបស់សេដ្ឋកិច្ចជប៉ុនដែរ ឬយ៉ាងណានាពេលខាងមុខនេះ ខណៈដែលទស្សនវិស័យ​សេដ្ឋកិច្ចពិភពលោកកំពុងអាប់អ៊ួកាន់តែខ្លាំងនោះ​។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ដូចទៅនឹងសេដ្ឋកិច្ចប្រទេសមួយចំនួនធំផ្សេងទៀតដែរ ការរស់ឡើងវិញនៃសេដ្ឋកិច្ចជប៉ុនក្រោយវិបត្តិកូវីដ១៩ ត្រូវបានរំខាន​ដោយសង្រ្គាមនៅអ៊ុយក្រែន និងការកើនឡើងនៃតម្លៃទំនិញ និងបើទោះបីជាមានការកើនឡើង​នៃការប្រើប្រាស់ បានជំរុញឱ្យមានកំណើនសេដ្ឋកិច្ចខ្លះៗ នៅក្នុងខែមេសាដល់ខែមិថុនាក៏ដោយចុះ។

ទោះយ៉ាងណា ការចំណាយលើការប្រើប្រាស់ និងការចំណាយមូលធន​នឹងដើរតួនាទី​ជាអ្នកបន្តជំរុញកំណើននេះ សម្រាប់ខែកក្កដាដល់ខែកញ្ញាទៅមុខទៀត។ យ៉ាងណាមិញ ​សន្ទុះនេះ​អាច​នឹង​មានកំរិតមិនខ្លាំងក្លា​នោះ​ទេ ដោយសារ​ការ​កើនឡើង​អតិផរណា​​កំពុង​ធ្វើ​ឱ្យ​ការ​ចំណាយ​របស់​ពលរដ្ឋ និងនៅតាមក្រុមគ្រួសារនីមួយៗមានការក្បិតក្បៀតជាងមុន​។​ នេះបើតាម​ការអះអាងពីអ្នកសេដ្ឋកិច្ច​នៃវិទ្យាស្ថានស្រាវជ្រាវ​មួយ​ក្នុង​ប្រទេសជប៉ុន។

អ្នកជំនាញបន្តថា ស្របពេលដែលតម្រូវការ​ក្នុងស្រុក​អាចបន្ត​កើនឡើង ការនាំចេញ​របស់​ជប៉ុន​ធ្លាក់ចុះអាចរារាំង​ដល់ការងើបឡើងវិញ​របស់​សេដ្ឋកិច្ច​ធំលំដាប់ទី៣​ពិភពលោក​មួយនេះ។

ជាការពិត ទស្សនវិស័យសេដ្ឋកិច្ចជប៉ុន​ត្រូវបានបន្ទច់បង្អាក់​ដោយការផ្ទុះឡើងនៃមេរោគកូវីដ១៩ ការថយចុះនៃកំណើនសេដ្ឋកិច្ច​សកលលោក ឧបសគ្គនៃការផ្គត់ផ្គង់ និងការឡើងថ្លៃ​តម្លៃ​វត្ថុធាតុដើម។ ទាំងអស់នេះ កំពុងបង្កើន​ការចំណាយសម្រាប់ជីវភាពរស់នៅរបស់ក្រុមគ្រួសារក្នុងប្រទេសជប៉ុន។

ទិន្នន័យរបស់រដ្ឋាភិបាលជប៉ុនដែលជា សេដ្ឋកិច្ចធំទី២នៅអាស៊ី និងទី៣របស់ពិភពលោកបានកត់សម្គាល់ពីកំណើនសេដ្ឋកិច្ច​២,២% ក្នុងត្រីមាសទី២ឆ្នាំនេះ។ នេះជាការកើនឡើង​៣ត្រីមាសជាប់ៗគ្នាមកហើយសម្រាប់ជប៉ុន រាប់ចាប់ពីត្រីមាសចុងក្រោយ​ឆ្នាំ២០២១មក ប៉ុន្តែសម្រាប់អត្រា២,២% ជាកំរិតមួយតិចតួច និងផ្ទុយពីការព្យាករណ៍ដែលថា ជាមធ្យមកំណើនអាចមានដល់ ២,៥%។

ទោះយ៉ាងណាកំណើន ២,២%នេះ ត្រូវបានជំរុញភាគច្រើន​ពីការចំណាយមូលធន ចំណាយលើការប្រើប្រាស់ឯកជន ពិសេសនៅតាមភោជនីយដ្ឋាន និងសណ្ឋាគារ ដែលចាប់ផ្តើមមានតម្រូវការឡើងវិញក្រោយពីរដ្ឋាភិបាលក្រុងតូក្យូ លុបចោលការបម្រាម​ទប់ស្កាត់កូវីដ១៩មួយចំនួនធំ។

យ៉ាងណាមិញ អ្នកវិភាគខ្លះនិយាយថារលកឆ្លងកូវីដ១៩លើកទី៧ និងការឡើងថ្លៃទំនិញនាពេលថ្មីៗនេះ ពិសេសសម្រាប់ទំនិញដែលជាតម្រូវការប្រចាំថ្ងៃ អាចបង្អាក់ក្រុមគ្រួសារនៅជប៉ុនពីការចាយវាយ ដើរលេងកម្សាន្ត និងទទួលទានអាហារនៅក្រៅផ្ទះជាដើម។

សូមជម្រាបថា ទិន្នន័យដោយឡែកដែលបានចេញផ្សាយកាលពីសប្តាហ៍មុនបង្ហាញថា បំណុលជាតិរបស់រាជរដ្ឋាភិបាលជប៉ុន បើគិតក្នុងពលរដ្ឋម្នាក់ៗ (Government debt per capita) បានកើនឡើងលើសពី១០លានយ៉េន ឬប្រហែល ៧ម៉ឺន៥ពាន់ដុល្លារជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្ត្រ គិតត្រឹមចុងខែមិថុនា ស្របពេលដែលរដ្ឋាភិបាលទីក្រុងតូក្យូបានចាក់បញ្ចូលលុយយ៉ាងសន្ធឹកសន្ធាប់ ដើម្បីដោះស្រាយជំងឺរាតត្បាតកូវីដ១៩ និងបញ្ហាអតិផរណា ដែលកំពុងប៉ះពាល់ដល់សេដ្ឋកិច្ច និងជីវភាពពលរដ្ឋ៕




អត្ថបទបន្ទាប់


វៀតណាមពិចារណាគម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនតម្លៃជិត៥៦ពាន់លានដុល្លារ

ព័ត៌មាន
រដ្ឋាភិបាលវៀតណាម កំពុងពិចារណាសាងសង់ផ្លូវរថភ្លើងល្បឿនលឿនដែលរត់ឆ្លងកាត់ផ្ទៃប្រទេសជាមួយការវិនិយោគក្នុងទឹកប្រាក់រហូតដល់ជិត ៥៦ពាន់លានដុល្លា…

ក្រុមហ៊ុនប្រេងយក្សរបស់អារ៉ាប៊ីសាអូឌីត Aramco រកបានប្រាក់ចំណេញ ៨៨ពាន់លានដុល្លារនៅឆមាសទី១ឆ្នាំនេះ

ព័ត៌មាន
ក្រុមហ៊ុនថាមពលអារ៉ាប៊ីសាអូឌីត Aramco បានអះអាងថា ប្រាក់ចំណេញរបស់ខ្លួនបានកើន ឡើង ៩០% មានដល់ជិត៥០ពាន់លានដុល្លារ នៅក្នុងត្រីមាសទី ២ឆ្នា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ