
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព និងជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍កសិកម្មប្រាសាទសាមគ្គី ដែលកំពុងផលិតជីកំប៉ុស, ការដាំបន្លែសុវត្ថិភាព និងចិញ្ចឹមមាន់ ស្ថិតក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ ដើម្បីឈ្វេងយល់បន្ថែមអំពីស្ថានភាពនៃការអនុវត្តគម្រោង, តម្រូវការ, បញ្ហាប្រឈម និងសំណូមពរនានារបស់បងប្អូនប្រជាកសិករក្នុងសហគមន៍ ក៏ដូចជាដើម្បីបន្តផ្តល់នូវការគាំទ្រ និងផ្តល់នូវដំណោះស្រាយសមស្របតាមស្ថានភាពជាក់ស្តែង ដើម្បីជំរុញផលិតកម្មក្នុងស្រុក។

បន្ទាប់ពីបានស្តាប់របាយការណ៍របស់ឯកឧត្ដម ប៉ែន ធីរុង្គ ប្រធានក្រុមការងារលើកកម្ពស់ជីវភាពប្រជាជនខេត្តកំពង់ធំ ក៏ដូចជាបញ្ហាប្រឈម និងសំណូមពររបស់តំណាងសហគមន៍ដែលបានលើកឡើងរួចមក, ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងលើកទឹកចិត្តដល់បងប្អូនប្រជាកសិករក្នុងសហគមន៍ឱ្យបន្តខិតខំពង្រីកខ្លួន និងបង្កើនសមត្ថភាពក្នុងការផលិត ដើម្បីបង្កើតនូវមុខរបរបន្ថែម និងទទួលបាននូវប្រាក់ចំណូលបន្ថែមជួយឱ្យជីវភាពធូរធារ បន្ថែមពីលើការធ្វើស្រែ។ ឯកឧត្តមបានបន្តថា ការផលិតក្នុងស្រុក គឺចាប់ផ្តើមពីការផលិតតូចតាចតាមគ្រួសារ និងតាមសហគមន៍នេះឯង ហើយដែលប្រការនេះ គឺជាកត្តាគន្លឹះ ក្នុងការទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ, ការបង្កើតការងារ, ការបង្កើតមុខរបរ និងការបង្កើនប្រាក់ចំណូលបន្ថែម ក៏ដូចជាការធានាបាននូវឯករាជ្យភាព និងសន្តិសុខនៃសេដ្ឋកិច្ចជាតិ ព្រមទាំងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិយើងទាំងមូល ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំដ៏ស្វាហាប់ និងច្បាស់លាស់ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានបន្តថា ទោះបីសហគមន៍នៅមានការជួបបញ្ហាប្រឈម និងការលំបាកមួយចំនួនក៏ដោយ ក៏យើងត្រូវរួមគ្នាដោះស្រាយឱ្យខាងតែបាន ដូចជាការចុះបញ្ជីទទួលស្គាល់, ម៉ាកសញ្ញា, ទីផ្សារ និងការទទួលបានបច្ចេកទេស និងហិរញ្ញប្បទានជាដើម ដើម្បីគាំទ្រសហគមន៍ ជាពិសេសការដាំដុះដំណាំបន្លែបង្ការ និងដំណាំកសិកម្មជាយុទ្ធសាស្ត្រដទៃទៀត ព្រមទាំងការចិញ្ចឹមសត្វ និងការ ផលិតចំណីសត្វ ដើម្បីជំរុញផលិតកម្មក្នុងស្រុក។ ប៉ុន្តែសហគមន៍ក៏ត្រូវពង្រឹងការដឹកនាំ, ការគ្រប់គ្រងការប្រើប្រាស់និងចាត់ចែងហិរញ្ញវត្ថុ និងត្រូវរួមគ្នាប្រឹងប្រែង, មានសាមគ្គីភាពល្អ, ភាពស្មោះត្រង់, ឧស្សាហ៍ព្យាយាម ព្រមទាំងត្រូវបង្កើនដើមទុនបដិភាគ ដើម្បីសហគមន៍អាចរីកចម្រើនធំធាត់ និងអាចរស់បានដោយខ្លួនឯងនាពេលអនាគត សម្រាប់ជាប្រយោជន៍ដល់គ្រួសារ និងសហគមន៍ ក៏ដូចជាប្រទេសទាំងមូលផងដែរ។ ទន្ទឹមនេះ សហគមន៍ក៏ត្រូវចេះយកចិត្តទុកដាក់លើខ្សែចង្វាក់តម្លៃនៃផលិតកម្ម ទាំងបរិមាណ, គុណភាព និងតម្លៃ ដើម្បីកាត់បន្ថយថ្លៃដើមផលិតកម្ម និងបង្កើនប្រាក់ចំណេញ ជាពិសេសត្រូវចេះផលិតសម្រាប់ផ្គត់ផ្គង់តាមរដូវកាលនៃទីផ្សារ ប្រកបដោយគុណភាព និងថ្លៃសមរម្យ។

ក្នុងឱកាសនោះដែរ ដោយមើលឃើញពីតម្រូវការចំាបាច់របស់សហគមន៍កសិកម្មប្រាសាទសាមគ្គី, ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានប្រកាសផ្តល់ថវិកាដល់សហគមន៍ចំនួន ២០លានរៀល សម្រាប់ទិញម៉ាស៊ីនកែច្នៃជី និងជួយលើការសាងសង់ឃ្លាំងសម្ងួតជី ដើម្បីជួយឱ្យសហគមន៍អាចមានសមត្ថភាពឈានទៅផលិតជីកំប៉ុសបានក្នុងបរិមាណរហូតដល់ ១០០តោន ទៅថ្ងៃមុខ។ ទន្ទឹមនេះ ឯកឧត្តមក៏បានណែនាំដល់ក្រុមការងារ និងអាជ្ញាធរពាក់ព័ន្ធគ្រប់ថ្នាក់ទាំងអស់ ត្រូវផ្តល់នូវការជួយសម្រួល និងការគាំទ្រដល់ប្រជាសហគមន៍ និងប្រជាជនទាំងអស់។

គួរបញ្ជាក់ដែរថា គម្រោងលើកកម្ពស់ជីវភាពប្រជាជនខេត្តកំពង់ធំ ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការកាលពីខែមេសា ឆ្នាំ២០២៥ កន្លងទៅ។ គម្រោងនេះមានគោលបំណងបង្កើនប្រាក់ចំណូលប្រជាជនក្នុងមូលដ្ឋាន និងកាត់បន្ថយចំណាកស្រុក តាមរយៈការជំរុញការធ្វើពិពិធកម្ម និងការពង្រីកមុខរបរផលិតកម្មកសិកម្ម ដែលនឹងជំរុញដល់សកម្មភាពសេដ្ឋកិច្ចនៅតាមមូលដ្ឋាន សំដៅរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងលើកកម្ពស់កម្រិតជីវភាពប្រជាជន។ គម្រោងនឹងផ្តោតតែលើផលិតកម្មកសិកម្មខ្នាតតូច ដែលអាចហុចផលរហ័ស ត្រូវការទុនតិច និងមានតម្រូវការបច្ចេកទេសកសិកម្មមិនស្មុគស្មាញ បន្ថែមលើផលិតកម្មកសិកម្មគោល ដូចជា ការដាំបន្លែ, ការចិញ្ចឹមសត្វ, ការផលិតជីសរីរាង្គ, និងថ្នាំសម្លាប់សត្វល្អិតតាមបែបធម្មជាតិ តាមរយៈការចូលរួមផ្តល់ទុនបដិភាគ (ចូលរួមជាភាគហ៊ុនក្នុងមុខរបរសហគមន៍កសិកម្ម) និងចូលរួមសម្របសម្រួល និងផ្តល់វគ្គបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម និងការជំរុញកសាងខ្សែចង្វាក់តម្លៃកសិកម្មនៅតាមបណ្ដាមូលដ្ឋាន/សហគមន៍។ គម្រោងនឹងត្រូវអនុវត្តក្នុងរយៈពេល ៤ឆ្នាំ (២០២៥-២០២៨) ដោយផ្តល់ជាទុនបដិភាគដល់សហគមន៍កសិកម្មចំនួន ៧៥ (ដែលបានចុះបញ្ជី និងកំពុងមានសកម្មភាពផលិតកម្មកសិកម្ម ឬតាមស្ថានភាពជាក់ស្តែង នៅក្នុងបណ្តាស្រុក/ក្រុងទាំង ៩ នៃខេត្តកំពង់ធំ) និងសម្រាប់ចំណាយគាំទ្រប្រតិបត្តិការ និងការបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម និងមានទឹកប្រាក់សរុបប្រមាណជាង ៤០ ម៉ឺនដុល្លារអាម៉េរិក ដែលគាំទ្រដោយថវិកាផ្ទាល់របស់ឯកឧត្តម វង្សី វិស្សុត និងក្រុមការងារ ព្រមទាំងសប្បុរសជន។







