
នាពីធីអបអរសាទរគម្រប់ខួប៣០ឆ្នាំ នៃក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា (SCA) នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនអាកាសយានដ្ឋាន VINCI របស់បារាំង និងក្រុមហ៊ុន Muhibbah របស់ម៉ាឡេស៊ី ចំពោះការវិនិយោគប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងបានវិនិយោគអស់ទឹកប្រាក់រាប់លានដុល្លារ ធ្វើឱ្យសន្ទុះនៃកំណើនអ្នកដំណើរតាមផ្លូវអាកាសកើនឡើងយ៉ាងខ្លាំង។ បើតាមឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ ទន្ទឹមនឹងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពរយៈពេល៣០ឆ្នាំកន្លងមកនេះ ក្រុមហ៊ុននឹងបន្តឈរជើង និងវិនិយោគបន្ថែមទៀតនៅកម្ពុជា តាមរយៈការចូលរួមគ្រប់គ្រង និងប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិតេជោលំដាប់ថ្នាក់ 4F ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗនេះ ដែលនឹងរួមចំណែកបង្កើនសក្ដានុពលជើងហោះហើរឆ្លងទ្វីបរបស់កម្ពុជាថែមមួយកម្រិតទៀត និងទាក់ទាញការវិនិយោគបរទេសបន្ថែម ប្រកបដោយសុវត្ថិភាព គុណភាព និងជំនឿទុកចិត្ត។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនអាកាសយានដ្ឋាន VINCI និងក្រុមហ៊ុន Muhibbah ប្រកាន់ខ្ជាប់នូវស្មារតីនៃការពិភាក្សាបើកចំហ និងការទទួលខុសត្រូវ ដែលកិច្ចសហប្រតិបត្តិការនេះបានបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំ ក្នុងការបង្កើតសមិទ្ធផលជាច្រើនអនេក និងបន្តទទួលបានជោគជ័យនារយៈពេល៣០ឆ្នាំតទៅមុខទៀតផងដែរ។
ជាមួយគ្នានេះឯកឧត្តម ជា អូន រដ្ឋលេខាធិការប្រចាំការនៃអគ្គលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា (SCA) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអាកាសយានដ្ឋាន VINCI របស់បារាំង ដែលជាអ្នកអភិវឌ្ឍ និងជាប្រតិបត្តិករអាកាសយានដ្ឋានអន្តរជាតិនៅកម្ពុជា និងបានចូលរួមចំណែកយ៉ាងច្រើនដល់សេដ្ឋកិច្ចជាតិ បង្កើតការងាររាប់ម៉ឺនកន្លែង និងបានចូលរួមក្នុងប្រាក់ចំណូលសំខាន់ៗដល់ថវិកាជាតិផងដែរ។ បើតាមមន្ត្រីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិលរូបនេះ ការដឹកជញ្ជូនតាមផ្លូវអាកាសក្នុងវិស័យអាកាសចរណ៍ស៊ីវិល គឺជាមធ្យោបាយដ៏ល្អប្រសើរបំផុតសម្រាប់អភិវឌ្ឍការផ្សព្វផ្សាយការវិនិយោគ ទេចរណ៍ ពាណិជ្ជកម្ម ការផ្លាស់ប្តូរវប្បធម៌ទៅវិញទៅមក ស្របពេលដែលវិស័យនេះកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចសង្គម ហើយតាមរយៈការរីកចម្រើនជាបន្តបន្ទាប់របស់វិស័យអាកាសចរណ៍កម្ពុជា ចរន្តដឹកជញ្ជូនតាមផ្លូវអាកាសរបស់កម្ពុជាមានកំណើនជាមធ្យមក្នុងរង្វង់ប្រមាណ២២%ក្នុងមួយឆ្នាំ។
លោក Nicolas Notebaert អគ្គនាយកក្រុមហ៊ុនអាកាសយានដ្ឋាន VINCI និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន SCA បានគូសបញ្ជាក់ថា តាមរយៈជោគជ័យដែលទទួលនៅក្នុងរយៈពេល៣០ឆ្នាំមកនេះ ក្រុមហ៊ុននឹងបន្តជួយទាក់ទាញក្រុមហ៊ុនអាកាសចរណ៍ជាច្រើនទៀតចូលមកកាន់អាកាសយានដ្ឋានកម្ពុជា និងប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តការប្រតិបត្តិការរបស់ខ្លួនបន្ថែមទៀតនៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលនឹងគ្រោងបើកដំណើរការឆាប់ៗខាងមុខនេះ។ បើតាមលោក Nicolas Notebaert ក្រុមហ៊ុនបានបង្កើតការងារចំនួនជាង៩៣ម៉ឺនកន្លែង ក្នុងនោះប្រមាណ៩០% គឺជាការងារនៅក្នុងស្រុកសម្រាប់ប្រជាជនកម្ពុជា ហើយតាមរយៈសកម្មភាពទាំងនោះគឺបានបង្កើតប្រាក់ចំណេញប្រមាណ ៨៤៥លានដុល្លារ៕
អត្ថបទ សោម ស្រីពេជ្រ និងរូបភាព ប៉ុក វន្ថា និង សេង វិន