លោកខាងលិចបន្ថែមទណ្ឌកម្មលើមីយ៉ាន់ម៉ា

ប្រទេសលោកខាងលិចបន្ថែមទណ្ឌកម្មលើមីយ៉ាន់ម៉ាចំគម្រប់ខួបមួយឆ្នាំនៃការធ្វើរដ្ឋប្រហារ


សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនមួយចំនួន កាលពីថ្ងៃចន្ទទី៣១មករា បានដាក់ទណ្ឌកម្មថ្មីៗទៅលើប្រទេសមីយ៉ាន់ម៉ា សម្រាប់ថ្ងៃខួបមួយឆ្នាំនៃការធ្វើរដ្ឋប្រហារដោយពួកយោធា មកលើរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ុងសាន ស៊ូជី។ ទណ្ឌកម្មចុងក្រោយនេះសំដៅប្រឆាំងលើបុគ្គល និងអង្គភាពមួយចំនួនដែលពាក់ព័ន្ធជាមួយមេដឹកនាំនៃរបបសឹក។
រូបតំណាង

ប្រធានាធិបតី​អា​មេ​រិ​ក លោក ចូ បៃ​ឌិន បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា «​កាលពី​មួយ​ឆ្នាំ​មុន យោធា​ភូមា​បាន​បដិសេធ​ឆន្ទៈ​របស់​ប្រជាជន​ភូមា ដោយ​បាន​ផ្តួលរំលំ​រដ្ឋាភិបាល​ជាប់​ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ និង​បាន​ដណ្តើម​អំណាច​ដោយ​រដ្ឋប្រហារ​យោធា​។ ចាប់តាំងពី​ពេល​នោះ​មក របប​យោធា បាន​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​រាប់​មិន​អស់ ហើយ​បាន​ប្រព្រឹត្ត​អំពើ​ហឹ​ង្សា ទៅ​លើ​ជន​ស៊ី​វិល រួម​ទាំង​កុមារ​ផង​ដែរ ក្នុង​នោះ​មាន​មនុស្ស​ជាង ១៥០០​នាក់​ត្រូវ​បាន​សម្លាប់​។ សម្រាប់​សហរដ្ឋអាមេរិក រដ្ឋប្រហារ​នៅ​មី​យ៉ា​ន់​ម៉ា​បាន​បង្កក្តី​ឈឺចាប់​យ៉ាង​ធំធេង​ដល់​ពលរដ្ឋ​នៅ​ទូ​ទាំង​ប្រទេស និង​ធ្វើ​ឱ្យ​ខូច​ដល់​ស្ថិរភាព​ក្នុង​តំបន់​ផង​ដែរ​។​»

នៅ​ក្នុង​ថ្ងៃ​គម្រប់​មួយ​ឆ្នាំ​នៃ​ការ​ធ្វើ​រដ្ឋប្រហារ​នេះ​ដែរ ការិយាល័យ​គ្រប់គ្រង​ទ្រព្យសកម្ម​បរទេស​របស់​ក្រសួង​ហិរញ្ញវត្ថុ​អា​មេ​រិ​ក បាន​បន្ថែម​ទណ្ឌកម្ម​លើ​បុគ្គល​ចំនួន​ប្រាំពីរ​រូប និង​អង្គភាព​ចំនួន​ពីរ​ទៀត ដែល​មាន​ទំនាក់ទំនង​ជិត​ស្និ​ទ​នឹង​ក្រុម​យោធា​។ ទណ្ឌកម្ម​នេះ​រួម​មាន ការ​រារាំង​ការ​ចូល​ទៅ​ប្រើប្រាស់​ទ្រព្យសម្បត្តិ ទាំងអស់​របស់​បុគ្គល និង​អង្គភាព​ទាំងនោះ ដែល​មាននៅ​ក្រៅប្រទេស ព្រមទាំង​ហាមឃាត់​រាល់​ប្រតិបត្តិការ​ផ្ទេរ​ប្រាក់​ទាំងអស់​ជាមួយនឹង​ជនជាតិ​អា​មេ​រិ​ក ឬ​អ្នក​ដែល​នៅ​ក្នុង​សហរដ្ឋអាមេរិក​។

ក្រសួង​ហិរញ្ញវត្ថុ​អា​មេ​រិ​ក​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ចក្រភព​អង់គ្លេស និង​កា​ណា​ដា បាន​ដាក់​ទណ្ឌ​លើ​មន្ត្រី​ពីរ​រូប​នៃ​រដ្ឋាភិបាលយោធា​ផង​ដែរ​។

សូម​រំឭក​ថា កាលពី​ថ្ងៃ​ទី​០១​ខែកុម្ភៈ​ឆ្នាំ​២០២១ មេដឹកនាំ​ជាប់​ឆ្នោត​តាម​បែប​លទ្ធិប្រជាធិបតេយ្យ លោកស្រី Aung San Suu Kyi និង​សមាជិក​នៃ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​ត្រូវ​បាន​ទម្លាក់​ចេញពី​អំណាច​ដោយ​រដ្ឋប្រហារ​ពី​យោធា​មី​យ៉ា​ន់​ម៉ា ដែល​ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ Min Aung Hlaing​។ ចាប់តាំងពី​ពេល​នោះ​មក សហរដ្ឋអាមេរិក​បាន​ដាក់​ទណ្ឌកម្ម​លើ​របប​នេះ ហើយ​បាន​ផ្តើម​ធ្វើការ​ជាមួយ​អាស៊ាន ក្នុង​ការ​ដាក់​សម្ពាធ​ការទូត​លើ​មេដឹកនាំ​យោធា​។ យ៉ាងណាមិញ មក​ទល់​នឹង​ពេល​នេះ វិបត្តិ​នៅ​មី​យ៉ា​ន់​ម៉ា​ហាក់​មិន​ទាន់​រក​ច្រកចេញ​ឲ្យ​បាន​សមរម្យ​នៅឡើយ ក្រោយ​មេដឹកនាំ​យោធា បដិសេធ​មិន​គោរព​តាម​ដំណោះស្រាយ​៥​ចំណុច​ដែល​អាស៊ាន​បាន​ផ្តល់​ឲ្យ​។ បន្ថែម​ពី​នេះ បញ្ហា​ចាក់ស្រេះ​នៃ​វិបត្តិ​នយោបាយ​នៅ​មី​យ៉ា​ន់​ម៉ា​នេះ ក៏​កំពុង​ធ្វើ​ឲ្យ​អាស៊ាន​ឈឺក្បាល​ខ្លាំង​ណាស់ ខណៈ​ដែល​នៅ​ឆ្នាំ​២០២២​នេះ កម្ពុជា​នឹង​ត្រូវធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​អាស៊ាន ហើយ​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន កម្ពុជា​ក៏​បាន​បង្ហាញ​ពី​ឆន្ទៈ​ក្នុង​ការ​ចូលរួម​ដោះស្រាយ​វិបត្តិ​នៅ​មី​យ៉ា​ន់​ម៉ា​នេះ​ដែរ ខណៈ​ដែល​សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ក្នុង​នាម​ជា​ប្រធាន​អាស៊ាន ក៏​បាន​ជួប​ជាមួយ​ពិភាក្សា​ជាមួយនឹង​លោក​មីង អ៊ុ​ង​ឡាំង មេដឹកនាំ​យោធា​មី​យ៉ា​ន់​ម៉ា​ចំនួន​២​លើក​រួច​មក​ហើយ​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជប៉ុនបង្ហាញបំណងវិនិយោគនិងចង់សាងសង់សួនមិត្តភាពកម្ពុជា-ជប៉ុន នៅកម្ពុជា

ព័ត៌មាន
ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានបង្ហាញពីបំណងនិយោគធុនកណ្ដាលនៅប្រទេសកម្ពុជា និងចង់សាងសង់សួនមិត្តភា…

រុស្ស៊ី និងអាមេរិកប៉ះទង្គិចគ្នានៅអង្គការសហប្រជាជាតិ ជុំវិញការបង្កើនទ័ពរុស្ស៊ីនៅជិតប្រំដែនអ៊ុយក្រែន

ព័ត៌មាន
ភាពតានតឹងរវាងរុស្ស៊ី និងសហរដ្ឋអាមេរិក ជុំវិញការបង្កើនកងទ័ពរបស់ទីក្រុងមូស្គូ នៅជិតប្រទេសអ៊ុយក្រែន ត្រូវបានលើកយកមកពិភាក្សាក្នុងក្រុមប្រឹក្ស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ