កង្វះកម្លាំងពលកម្មនៅវៀតណាមអាចនឹងប៉ះពាល់ខ្សែចង្វាក់ផ្គត់ផ្គង់សកល?

បញ្ហាកង្វះកម្លាំងពលកម្មនៅទីក្រុងហូជីមិញអាចនឹងគំរាមកំហែងដល់ខ្សែចង្វាក់ផ្គត់ផ្គង់សកលដែរឬទេ?


ទីក្រុងហូជីមិញ និងផ្នែកផ្សេងទៀតនៃភាគខាងត្បូងតំបន់ឧស្សាហកម្មរបស់ប្រទេសវៀតណាមកំពុងតែប្រឈមនឹងបញ្ហាកង្វះកម្លាំងពលកម្ម ក្រោយរងព្យុះភ្លៀងពីវិបត្តិជំងឺរាតត្បាតកូវីដ១៩យ៉ាងដំណំ និងវិធានការរឹតត្បិតដ៏តឹងរ៉ឹង បានជំរុញឱ្យពលករចំណាកស្រុកបង្ខំចិត្តទៅស្រុកកំណើតរបស់ពួកគេ ហើយមិនវិលត្រឡប់មកធ្វើការឡើងវិញនោះទេ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Nikkei Asia ។
កង្វះកម្លាំងពលកម្មនៅវៀតណាមអាចនឹងប៉ះពាល់ខ្សែចង្វាក់ផ្គត់ផ្គង់សកល?

តំបន់​ភាគ​ខាងត្បូង​ប្រទេស​វៀតណាម គឺជា​ទីតាំង​ផលិតកម្ម​សម្រាប់​ក្រុមហ៊ុន​សាជីវកម្ម​ពិភពលោក​ជា​ច្រើន ដោយសារ​តំបន់​នេះ​ទាក់ទាញ​បាន​ក្រុមហ៊ុន​ផលិត​កាន់តែ​ច្រើន​ដែល​កំពុង​ស្វែងរក​ទីតាំង ដើម្បី​បញ្ចៀស​ពី​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ចិន​។ ប៉ុន្តែ ចាប់តាំងពី​មានការ​ផ្ទុះ​រីក​រាលដាល​នូវ​ជំងឺ​កូ​វី​ដ​១៩​មក គេ​មើលឃើញ​ថា ការ​ធ្លាក់​ចុះ​នៃ​ចំនួន​បុគ្គលិក​បាន​អូស​បន្លាយ​យ៉ាង​យូរ ហើយ​អាច​នឹង​បណ្តាល​ឱ្យ​មានការ​រង្គោះរង្គើ​ដល់​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​សកល​ផង​ដែរ​។

តាម​ការ​ស្ទង់​មតិ​នា​ពេល​ថ្មី​ៗ​នេះ​បង្ហាញ​ថា ទោះបីជា​ការ​រីក​រាលដាល​នៃ​កូ​វី​ដ​១៩ ត្រូវ​បាន​ទប់ស្កាត់​ក៏​ដោយ ក៏​ទីក្រុង​ហូ​ជី​មិ​ញ​នៅ​តែ​អាច​ប្រឈម​នឹង​ការ​ខ្វះខាត​កម្មក​ប្រមាណ ៨​ម៉ឺន ៧​ពាន់​នាក់ នៅ​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​នេះ ខណៈ​តំបន់​ភាគ​ខាងត្បូង​ទាំងមូល អាច​ប្រឈម​នឹង​ការ​ខ្វះខាត​កម្មករ​ប្រមាណ​ជាង ១០​ម៉ឺន​នាក់​។

សូម​ជម្រាប​ថា វៀតណាម​បាន​ដាក់​ចេញ​វិធានការ​បិទ​ខ្ទប់​យ៉ាង​តឹងរ៉ឹង​លើ​ទីក្រុង​ហូ​ជី​មិ​ញ និង​ផ្នែក​ផ្សេង​ទៀត​នៃ​តំបន់​ភាគ​ខាងត្បូង​ប្រទេស​កាលពី​រដូវក្តៅ​ឆ្នាំ​មុន ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​កូ​វី​ដ​១៩ ពោល​គឺ​ចំ​ពេល​មាន​រលក​នៃ​ការ​ឆ្លង​ដែល​បណ្តាល​មក​ពី​មេរោគ​បំប្លែង​ថ្មី​ឌែ​លតា​ចូលលុក​លុយ​ខ្លាំង​។ អំឡុង​គ្រា​មេរោគ​ឌែ​លតា អុកឡុក​ខ្លាំង ប្រទេស​វៀតណាម​ក៏​បាន​ឲ្យ​កម្មករ​ក៏​ត្រូវ​ស្នាក់​នៅ​ក្នុង​រោងចក្រ និង​ក្រុមហ៊ុន​របស់​ពួក​គេ ដើម្បី​ចៀសវាង​ការ​បិទទ្វារ​រោងចក្រ ឬ​ក្រុមហ៊ុន​ផង​ដែរ​។ ប៉ុន្តែ​មាន​កម្មករ​តិចតួច​ប៉ុណ្ណោះ​ដែល​អាច​ធ្វើការ​នៅ​ក្នុង​រោងចក្រ​បាន ដែល​ជា​ហេតុ​នាំ​ឱ្យ​មានការ​បាត់បង់​ការងារ​ជា​ច្រើន​។ 

ដោយឡែក បញ្ហា​ប្រឈម​ធ្ងន់​សម្រាប់​ជន​ចំណាកស្រុក​ដែល​មិន​អាច​ត្រឡប់​ទៅ​ផ្ទះ​វិញ​បាន ដោយសារ​ការ​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​១៩​នោះ បាន​ជាប់​គាំង​ក្នុង​ស្ថានភាព​លំបាក​អស់​ជា​ច្រើន​ខែ​ដោយ​គ្មាន​ប្រាក់​ចំណូល​។

តែ​យ៉ាងណាមិញ ក្រោយ​អាជ្ញាធរ​បាន​អនុញ្ញាត​ឱ្យ​ជន​ចំណាកស្រុក​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ​នោះ កម្មករ​ជា​ច្រើន​ហាក់​មានការ​ស្ទាក់ស្ទើរ​ក្នុង​ការ​ត្រឡប់​ទៅ​ធ្វើការ​នៅ​ទីក្រុង​វិញ ដោយ​បារម្ភ​ថា ជីវិត​របស់​ពួក​គេ​អាច​ត្រូវ​បាន​ធ្លាក់​ចុះ​ក្នុង​ភាព​លំបាក​ម្តងទៀត​ដោយ​រលក​ថ្មី​នៃ​មេរោគ​ឆ្លង​។ ក្រៅ​តែ​ពី​ខ្វះ​កម្លាំង​ពលកម្ម​ហើយ ថ្មី​ៗ​នេះ វិវាទ​ការងារ​នៅ​វៀតណាម​ក៏​កំពុង​តែ​កើន​កម្ដៅ​ផង​ដែរ ដោយសារ​ការ​ប៉ះទង្គិច​គ្នា បាន​កើត​ចេញពី​ភាពយឺត​យ៉ាវ​នៃ​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា និង​ប្រាក់​រង្វាន់​ផ្សេង​ៗ​ដល់​កម្មករ​។

សូម​ជម្រាប​ថា ការ​វិនិយោគ​បរទេស​នៅ​អាស៊ី​អាគ្នេយ៍​បាន​កើនឡើង​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ ជា​ពិសេស​ក្នុង​ប្រទេស​វៀតណាម ដោយសារ​ក្រុមហ៊ុន​ពិភពលោក​ផ្លាស់​ប្តូរ​ផលិតកម្ម​ចេញពី​ប្រទេស​ចិន ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​របស់​ខ្លួន​ជាមួយ​សហរដ្ឋអាមេរិក​។ ប៉ុន្តែ ប្រសិនបើ​បញ្ហា​កង្វះ​កម្លាំង​ពលកម្ម​ក្លាយជា​ជំងឺ​រ៉ាំរ៉ៃ នោះ​ក្រុមហ៊ុន​ជា​ច្រើន​នៅ​ក្នុង​តំបន់​នេះ​ក៏​អាច​ពិចារណា​ផ្លាស់​ប្តូរ​ផលិតកម្ម​ទៅ​កន្លែង​ផ្សេង​ផង​ដែរ​៕

None



អត្ថបទបន្ទាប់


កត្តាអ្វីខ្លះ ដែលធ្វើឱ្យតម្លៃផ្ទះក្នុងប្រទេសថៃនឹងកើនឡើងខ្ពស់នៅឆ្នាំ ២០២២?

បន្ទាប់ពីសន្ទស្សន៍តម្លៃលំនៅដ្ឋានបានបន្តធ្លាក់ចុះចាប់តាំងពីត្រីមាសទីមួយនៃឆ្នាំ ២០២០មក ថ្មីៗនេះគេមើលឃើញថាតម្លៃផ្ទះនៅក្នុងប្រទេសថៃក្នុងឆ្នាំ ២០…

គណៈកម្មការរៀបចំកីឡាអូឡាំពិកនៅចិនរំពឹងមានអ្នកចូលទស្សនាបានត្រឹមតែ៣០%ប៉ុណ្ណោះ

គណៈកម្មាធិការអូឡាំពិកអន្តរជាតិបានអះអាងនៅថ្ងៃអង្គារទី០១កុម្ភៈថា ក្រុមការងាររៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំងឆ្នាំនេ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ