អូស្ត្រាលី

អូស្ត្រាលីនឹងហាមប្រាមការជក់ ការនាំចូល និងការវេចខ្ចប់បារីអេឡិចត្រូនិក


ប្រទេសអូស្ត្រាលីនៅថ្ងៃអង្គារនេះបានស្នើឱ្យធ្វើការរឹតបន្តឹងច្បាប់ស្ដីពីបារីអេឡិចត្រូនិច និងណែនាំឱ្យមានការគ្រប់គ្រងថ្មីលើការនាំចូល និងការវេចខ្ចប់បារីប្រភេទនេះទៀតផង។ វិធានការខាងលើមានគោលបំណងលុបបំបាត់ការជក់បារី ជាពិសេសនៅក្នុងចំណោមកុមារតែម្ដង ហើយនេះជាការបង្ក្រាបដ៏ធំបំផុតលើឧស្សាហកម្មថ្នាំជក់ក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន រ៉យទ័រ។
អូស្ត្រាលីនឹងហាមប្រាមការជក់ ការនាំចូល និងការវេចខ្ចប់បារីអេឡិចត្រូនិក
ដោយ

រដ្ឋាភិបាលសហព័ន្ធរបស់អូស្ត្រាលីនឹងចាត់វិធានការមួយចំនួន ក្នុងគោលបំណងហាមឃាត់គ្រប់ទម្រង់នៃបារីអេឡិចត្រូនិក វ៉េប (vapes) ដែលផលិតឡើងដោយប្រើរសជាតិផ្លែឈើ។ វិធានការថ្មីក៏នឹងហាមឃាត់ការនាំចូលបារីប្រភេទនេះដោយគ្មានវេជ្ជបញ្ជា ហើយក៏នឹងកាត់បន្ថយកម្រិតសារជាតិនីកូទីនផងដែរ ដើម្បីរារាំងការលក់បារីអេឡិចត្រូនិក សំដៅជួយអ្នកជក់ឱ្យឈប់ជក់បារីប្រភេទនេះ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលអូស្ត្រាលី លោក ម៉ាក បាត់លើ (Mark Butler) បាននិយាយក្នុងសុន្ទរកថានៅក្លឹបសារព័ត៌មានជាតិថា៖ «ដូចដែលពួកគេបានធ្វើពាក់ព័ន្ធនឹងការជក់បារីនេះអ៊ីចឹង គឺក្រុមហ៊ុន ប៊ីក ធឺបែកខូ (Big Tobacco) បានបង្កើតផលិតផលញៀនមួយផ្សេងទៀត ដោយខ្ចប់វានៅក្នុងក្រដាសភ្លឺចែងចាំង ព្រមទាំងបានបន្ថែមរសជាតិដើម្បីបង្កើតឱ្យមានអ្នកញៀនសារជាតិនីកូទីនជំនាន់ថ្មី។»

នៅក្រោមច្បាប់ថ្មី បារីវ៉េបនឹងតម្រូវឱ្យលក់តែនៅក្នុងឱសថស្ថាន និងតម្រូវឱ្យវេចខ្ចប់ជាផលិតផលឱសថ។

បារីអេឡិចត្រូនិកប្រើឧបករណ៍ម្យ៉ាងសម្រាប់ដុតកម្ដៅទឹកដែលមានផ្ទុកសារជាតិនីកូទីននៅក្នុងប្រអប់ឬកែវមួយ ហើយប្រែក្លាយវាទៅជាចំហាយដែលអ្នកប្រើឧបករណ៍នេះអាចស្រូបចំហាយនោះបាន។ ការជក់បារីអេឡិចត្រូនិកនេះជាទូទៅត្រូវបានចាត់ទុកថាជាជម្រើសមួយដែលមានសុវត្ថិភាពជាងការបារីថ្នាំធម្មតា ហើយបារីនេះត្រូវបានចាត់ទុកជាផលិតផលមួយសម្រាប់ជួយអ្នកញៀនបារីឱ្យឈប់ជក់បារីថ្នាំបាន។

ប៉ុន្តែលោក បាត់លើ បាននិយាយថា ការជក់បារីនេះបានក្លាយជាផលិតផលកម្សាន្តមួយក្នុងពេលឥឡូវនេះ ដែលភាគច្រើនបានលក់ចែកចាយដល់ក្មេងជំទង់ និងយុវវ័យផងដែរ។ លោកបានបញ្ជាក់ថា នេះគឺជាផលិតផលមួយដែលយកក្មេងៗជាគោលដៅ និងមានដាក់លក់នៅតាមហាងសូកូឡា។ គេបានឃើញមានបញ្ហាចម្បងបំផុតទាក់ទងនឹងអាកប្បកិរិយារបស់សិស្សនៅតាមសាលាវិទ្យាល័យ ហើយវាក៏កំពុងរាលដាលទៅដល់សាលាបឋមសិក្សាផងដែរ។

ទិន្នន័យកាលពីឆ្នាំ ២០២២ បានបង្ហាញថា ប្រហែល ២២ ភាគរយ នៃប្រជាជនអូស្ត្រាលីដែលមានអាយុពី ១៨ ទៅ ២៤ ឆ្នាំ បានប្រើប្រាស់បារីអេឡិចត្រូនិច ឬឧបករណ៍វ៉េប យ៉ាងហោចណាស់ម្តង។

អូស្ត្រាលីមានច្បាប់ប្រឆាំងការជក់បារីដ៏តឹងរ៉ឹងបំផុតមួយនៅក្នុងពិភពលោក។ កាលពីឆ្នាំ ២០១២ ប្រទេសនេះបានក្លាយជាប្រទេសទី ១ ដែលបង្ខំអ្នកផលិតឱ្យបោះបង់ចោលផលិតផលបារីដែលប្រើសម្បកមានពណ៌ទាក់ទាញ និងឱ្យលក់បារីក្នុងកញ្ចប់ដែលគ្មានការតុបតែង។

ក្រុមហ៊ុនថ្នាំជក់បានផ្លាស់ប្តូរយ៉ាងឆាប់រហ័សទៅផលិតជាបារីអេឡិចត្រូនិចដែលផ្តល់រសជាតិខុសៗគ្នា និងការរចនាម៉ូតម៉ាក ដោយផ្តោតសំខាន់សម្រាប់អ្នកជក់បារីជំនាន់ថ្មី។

រដ្ឋាភិបាលសហព័ន្ធអូស្ត្រាលីនឹងបញ្ចេញកញ្ចប់ថវិកានៅសប្តាហ៍ក្រោយនេះ ដែលនឹងរួមបញ្ចូលថវិកាចំនួន ១៥៥ លានដុល្លារអាមេរិក ដើម្បីផ្តល់មូលនិធិគាំទ្រវិធានការថ្មីរបស់ខ្លួន ក្នុងគោលបំណងប្រឆាំងនឹងគ្រោះថ្នាក់បណ្តាលមកពីផលិតផលថ្នាំជក់ និងបារីអេឡិចត្រូនិក៕




អត្ថបទបន្ទាប់


ធនាគារអាមេរិក First Republic ដួលរលំ និងក្លាយជាធនាគាររងគ្រោះក្ស័យធនទី៣ហើយ ក្នុងរយៈពេល ២ ខែមកនេះ

ព័ត៌មាន
បណ្ដានិយតករសហរដ្ឋអាមេរិកបានរឹបអូសទ្រព្យសម្បត្តិទាំងអស់របស់ធនាគារ ហ្វើស រីផាប់ប្លិក (First Republic) កាលពីថ្ងៃចន្ទ ហើយលក់ទៅឱ្យក្រុមហ៊ុនហិ…

តើកិច្ចប្រជុំកំពូលត្រីភាគីរវាងអាមេរិក ជប៉ុន និងកូរ៉េខាងត្បូងនៅចុងខែឧសភានឹងជជែកពិភាក្សាលើបញ្ហាក្ដៅៗអ្វីខ្លះ?

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់អាមេរិកបាននិយាយកាលពីថ្ងៃចន្ទថា លោកប្រធានាធិបតីចូ បៃដិន នឹងរៀបចំកិច្ចប្រជុំត្រីភាគីជាមួយមេដឹកនាំជប៉ុន និងកូរ៉េខាងត្បូង …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ