ទិន្នន័យផ្លូវការពីការិយាល័យជាតិស្ថិតិរបស់ប្រទេសចិនបានបង្ហាញថា តម្លៃលំនៅឋានថ្មីក្នុងទីក្រុងធំៗចំនួន៧០នៃប្រទេសចិន បានធ្លាក់ចុះជាមធ្យម៨% កាលពីអំឡុងខែ កក្កដា ដែលជាការធ្លាក់ចុះរយៈពេល១៤ខែជាប់ៗគ្នា។
សារព័ត៌មាន Nikkei បានចុះផ្សាយថា ការធ្លាក់ចុះតម្លៃលំនៅឋានក្នុងប្រទេសចិននេះ ត្រូវបានជំរុញជាចម្បងដោយកត្តាគោលនយោបាយសេដ្ឋកិច្ច និងកត្តាទីផ្សារ ដោយក្នុងនោះរួមមានដូចជា៖
ទី១៖ កត្តារឹតបន្តឹងការផ្ដល់ឥណទាន - កាលពីអំឡុងឆ្នាំ២០២១ រដ្ឋាភិបាលចិនបានចាប់ផ្ដើមរឹតបន្តឹងការផ្ដល់ឥណទានក្នុងវិស័យអចលនទ្រព្យ ដើម្បីទប់ស្កាត់ហានិភ័យ ជាហេតុនាំឱ្យក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យនានាដូចជា Evergrande ជាដើមជួបវិបត្តិសាច់ប្រាក់ធ្ងន់ធ្ងរ និងខកខានទូទាត់បំណុលរបស់ខ្លួនជាបន្តបន្ទាប់រាលដាលពេញវិស័យនេះ។
ទី២៖ ការធ្លាក់ចុះតម្រូវការ និងទំនុកចិត្ត - វិបត្តិសាច់ប្រាក់របស់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យបាននាំឱ្យគម្រោងលំនៅឋានជាច្រើនជាប់គាំង ដែលបានបំផ្លាញទំនុកចិត្តរបស់អ្នកទិញ និងធ្វើឱ្យម្ចាស់ផ្ទះកាន់តែច្រើនសម្រុកលក់ផ្ទះដែលនាំឱ្យតម្លៃផ្ទះធ្លាក់ចុះ។
ទី៣៖ ភាពខុសគ្នាតាមភូមិសាស្ត្រ - នៅក្នុងទីក្រុងតូចៗ តម្លៃលំនៅឋានបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ជាងនៅតាមទីក្រុងធំៗ ដែលនេះឆ្លុះបញ្ចាំងពីផលប៉ះពាល់មិនស្មើគ្នាដែលទទួលរងពីការធ្លាក់ថ្លៃលំនៅឋាន។
ទី៤៖ រដ្ឋបាលមូលដ្ឋានទទួលរងសម្ពាធ៖ ការធ្លាក់ថ្លៃលំនៅឋានបានធ្វើឱ្យប្រាក់ចំណូលពីការលក់ដីធ្លីធ្លាក់ចុះ ដែលធ្វើឱ្យរដ្ឋបាលមូលដ្ឋាននានាទទួលរងសម្ពាធ ទោះបីជាមានការខិតខំប្រឹងប្រែងដើម្បីស្ដារស្ថិរភាពទីផ្សារក៏ដោយ។
ទី៥៖ ការជួយគាំទ្ររបស់រដ្ឋាភិបាលមានកម្រិត៖ ទោះបីជាក្រុមអ្នកសង្កេតការណ៍អន្តរជាតិបានបង្ហាញពីការព្រួយបារម្ភយ៉ាងណាក៏ដោយ ក៏រដ្ឋាភិបាលចិន នៅតែស្ទាក់ស្ទើរក្នុងការ
ផ្តល់ការគាំទ្រផ្នែកសារពើពន្ធ ហើយកត្តានេះបានធ្វើឱ្យការលំបាករបស់ទីផ្សារអចលនទ្រព្យបន្តអូសបន្លាយ។
ទី៦៖ ស្តុកលំនៅឋានកើនឡើង៖ ស្ដុកលំនៅឋានដែលលក់មិនទាន់ចេញបានកើនឡើងរហូតដល់២៣%ក្នុងឆ្នាំកន្លងទៅ ហើយកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការជួយប្រមូលទិញផ្ទះ ដើម្បីកាត់បន្ថយស្តុកលំនៅឋាន ហាក់មានប្រសិទ្ធភាពតិចតួចណាស់គិតមកទល់ពេលនេះ៕
ដោយ: តែម សុខុម