វិនិយោគិន-ហុងកុង

វិនិយោគិន​ហុងកុងមក​កម្ពុជា​២ថ្ងៃ​ដើម្បីស្វែងរកឱកាសវិនិយោគ


គណៈប្រតិភូហុងកុងមួយក្រុម បានធ្វើដំណើរទស្សនកិច្ចនៅកម្ពុជារយៈពេល២ថ្ងៃ ដើម្បីសិក្សាពីលទ្ធភាពវិនិយោគ និងសហប្រតិបត្តិការពាណិជ្ជកម្មនៅកម្ពុជា ស្របតាមគំនិតផ្តួចផ្តើមនៃគម្រោងពាណិជ្ជកម្ម «ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ» ដែលជាមហាគម្រោងរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនភីង ដែលបានប្រកាសប្រាប់ពិភពលោកនាពេលកន្លងមក។
នេះជាជំនួបរវាងអ្នកជំនួញកម្ពុជា និងវិនិយោគិនហុងកុង
ដោយ

គណៈប្រតិភូហុងកុងដែលរួមមាន ប្រធានក្រុមហ៊ុន តំណាងមកពីសភាពាណិជ្ជកម្មទីក្រុងហុងកុង មេធាវី វិស្វករ និងសហគ្រិនវ័យក្មេងរបស់ហុងកុង ដែលរួមមានសរុបទាំងអស់ចំនួន៥០នាក់ បានធ្វើដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃនៅកម្ពុជា ដោយបានជួបជាមួយរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និង រដ្ឋមន្រ្តីក្រសួងសាធារណការ និង ដឹកជញ្ជូនរបស់កម្ពុជាផងដែរ។ 

លោក Edward Yau លេខាធិការពាណិជ្ជកម្ម និង អភិវឌ្ឍន៍សេដ្ឋកិច្ចរដ្ឋបាលពិសេសនៃក្រុងហុងកុង បានថ្លែងប្រាប់ក្រុងអ្នកកាសែតថា បន្ទាប់ពីមានចុះហត្ថលេខាពាណិជ្ជកម្មសេរីចំនួនពីររវាងអាស៊ាន និង ហុងកុងដែលបានធ្វើកន្លងមកនេះ ហុងកុងបានជ្រើសរើសកម្ពុជាជាប្រទេសទី១ក្នុងកិច្ចការសហប្រតិបត្តិការដើម្បីពង្រីកជំនួញរវាងហុងកុង និង កម្ពុជា។ លើសពីនេះ គណៈប្រតិភូហុងកុងទាំងអស់ ក៏ស្វះស្វែងរកឱកាសវិនិយោគក្នុងវិស័យផលិតកម្មនៅកម្ពុជាផងដែរ។

លោក Edward Yau លេខាធិការពាណិជ្ជកម្ម និង អភិវឌ្ឍសេដ្ឋកិច្ចរដ្ឋបាលពិសេសនៃក្រុងហុងកុង (រូបថត៖ រ៉ឹម ភារី)

លោកពន្យល់យ៉ាងដូច្នេះថា៖ «មូលហេតុដែលហុងកុងធ្វើពាណិជ្ជកម្មជាមួយអាស៊ាន ព្រោះ នៅបណ្តាប្រទេសអាស៊ានមានតារាពន្ធគយទាប ចំណែកទីក្រុងហុងកុង បើចង់នាំទំនិញទៅហុងកុង មិនគិតពន្ធនោះទេ»។    

លោក Edward Yau បានបន្ថែមថា ទីក្រុងហុងកុងជាមជ្ឈមណ្ឌលមួយ ដែលផ្តល់អត្ថប្រយោជន៍ទៅកាន់តំបន់ផ្សេងៗជុំវិញពិភពលោក។ នៅក្នុងគំនិតផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ទីក្រុងហុងកុង អាចវិនិយោគទៅកាន់ប្រទេសទាំងអស់ ដោយក្នុងនោះរួមមានកម្ពុជាផងដែរ។ លើសពីនេះ ហុងកុង ក៏ចូលរួមចំណែកក្នុងផ្តល់សេវាផ្សេងៗដូចជា សេវាហិរញ្ញវត្ថុ សេវាផ្នែកពាណិជ្ជកម្មជាដើម ដើម្បីជួយដល់គម្រោងនានា ដែលយកមកអនុវត្តន៍ក្នុងប្រទេសទាំងអស់ដោយក្នុងនោះក៏មានកម្ពុជាដែរ។  ក្រៅពីផ្សារភ្ជាប់ពាណិជ្ជកម្ម ហុងកុង និងកម្ពុជា ដំណើរទស្សនកិច្ចនេះ ធ្វើឲ្យមានការផ្លាស់ប្តូរវប្បធម៌ផងដែរ ព្រមទាំងជំរុញឲ្យប្រជាជនទៅលេងកម្សាន្តនៅក្នុងប្រទេសទាំងសងខាងទៀតផង។ 


គណៈប្រតិភូហុងកុង ធ្វើដំណើរទស្សនកិច្ចនៅកម្ពុជា២ថ្ងៃ ដើម្បីស្វែងរកឱកាសវិនិយោគ(រូបថត៖ រ៉ឹម ភារី)

បើយោងតាមតួលេខដែលកត់ត្រាដោយ CDC ការវិនិយោគរបស់ហុងកុងនៅកម្ពុជា គិតចាប់ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៦ មានចំនួនគម្រោង ២៤៤ គម្រោង មានទុនវិនិយោគសរុប ១,២៥ពាន់លានដុល្លារអាមេរិក ស្មើនឹងជាង ២ភាគរយនៃទុនវិនិយោគផ្ទាល់សរុបពីក្រៅប្រទេស។  ហើយ​នៅឆ្នាំ២០១៦ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ហុងកុង មានចំនួន៧៣០លានដុល្លារអាមេរិក ខណៈកម្ពុជានាំចេញទៅហុងកុងបាន​២១៣​​លានដុល្លារអាមេរិក រីឯហុងកុងបាននាំទំនិញចូលមកកម្ពុជាដែលមានទឹកប្រាក់រហូតដល់៥១៦លានដុល្លារអាមេរិកឯនោះ។ 

គណៈប្រតិភូហុងកុង ធ្វើដំណើរទស្សនកិច្ចនៅកម្ពុជា២ថ្ងៃ ដើម្បីស្វែងរកឱកាសវិនិយោគ

លើសពីនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានកត់ត្រាថា វិនិយោគិនហុងកុង ស្ថិតនៅក្នុងលំដាប់ថ្នាក់លេខ៣ បន្ទាប់ពីចិន ដែលជាវិនិយោគិនធំជាងគេទី១ និងជប៉ុនឈរលំដាប់ថ្នាក់លេខ២ ដែលបានចាប់អារម្មណ៍បោះទុនវិនិយោគនៅកម្ពុជាក្នុងឆ្នាំ២០១៦។

សូមបញ្ជាក់ថា គម្រោងដែលអ្នកវិនិយោគទីក្រុងហុងកុង ចូលចិត្តវិនិយោគនៅកម្ពុជាច្រើនជាងគេ រួមមាន៖ គម្រោងផលិតកម្មស៊ីម៉ងត៍ ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និង ស្បែកជើង រោងចក្រផលិតកាបូប កសិឧស្សាហកម្ម និងឧស្សាហកម្មផ្សេងៗទៀត៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន​សិង្ហ​បុរី​ដ៏​ធំ CapitaLand នឹង​គ្រប់គ្រង​ផ្សារ​ទំនើប​នៅ​លើ​អគារ The Peak កម្ពស់​៥៥​ជាន់​​របស់​ឧកញ៉ា សៀ ឫទ្ធី

ព័ត៌មាន
ក្រុមហ៊ុន CapitaLand ដែល​ជា​អ្នក​អភិវឌ្ឍ​គម្រោង​អចលនទ្រព្យ​ធំៗ​បំផុត​នៅ​ប្រទេស​សិង្ហ​បុរី បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ដើម្បី​គ្រប់…

ក្រុមហ៊ុន​យក្ស Alibaba ចាក់​បន្ថែម​ទុន​ជាង​២​ពាន់​លាន​ដុល្លារ ចូល​ក្នុង​ទីផ្សារ​អាស៊ី​អាគ្នេយ៍

ព័ត៌មាន
ក្រុមហ៊ុន​ពាណិជ្ជកម្ម​តាម​អនឡាញ​​ខ្នាត​យក្ស Alibaba ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា មាន​មហាសេដ្ឋី​ចិន លោក ជេក ម៉ា ជា​ស្ថាបនិក និង​ជា​នាយក​…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ