ក្រុមហ៊ុនរុករកប្រេង

ក្រុមហ៊ុនរុករកប្រេងធំៗមកពីប្រទេសចំនួន៥ កំពុងចាប់អារម្មណ៍លើវិស័យបូមប្រេងនៅកម្ពុជា


ថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងរ៉ែ និង ថាមពលបានអះអាងថា មកទល់ពេលនេះមានក្រុមហ៊ុនជាច្រើនមកពីប្រទេសចំនួន៥ហើយ ដែលបានបង្ហាញពីចំណាប់អារម្មណ៍លើការសិក្សាស្រាវជ្រាវរុករកផលិតប្រេង និងឧស្ម័ននៅកម្ពុជា បន្ទាប់ពីការចាកចេញរបស់ក្រុមហ៊ុនរុករក និង បូមប្រេងរបស់សឹង្ហបុរី KrisEnergy ដោយសារតែការក្ស័យធន។
រូបតំណាង ក្រុមហ៊ុនរុករកប្រេង

ប៉ុន្តែ​ការ​ចាប់អារម្មណ៍​របស់​ក្រុមហ៊ុន​ទាំងនេះ គឺ​ស្ថិត​ក្នុង​ដំណាក់កាល​ដំបូង​តែ​ប៉ុណ្ណោះ មិន​ទាន់​មាន​លទ្ធផល​ជាក់លាក់​ណាមួយ​នៅឡើយ​ទេ​។ ការ​ចាប់អារម្មណ៍​របស់​ក្រុមហ៊ុន​ទាំងនេះ ស្រប​ពេល​តម្លៃ​ប្រេងឥន្ធនៈ​សកល​កំពុង​មានការ​កើនឡើង ហើយ​វា​ក៏​បាន​ផ្តល់​ក្តី​រំពឹង​ដល់​កម្ពុ​ជាមួយ​កម្រិត​ទៀត ក្នុង​ការ​ឈាន​ទៅ​បន្ត​ប្រតិបត្តិការ​បូម​ប្រេង​ឡើង​វិញ ដែល​បច្ចុប្បន្ន​កំពុង​ជាប់​គាំង ។ ដោយឡែក ពាក់ព័ន្ធ​ប្រេង​ឆៅ​ចំ​នួ ន ៣០​ម៉ឺន​បារ៉ែល ដែល​ត្រូវ​បាន​លួច​ដឹក​ចេញពី​កម្ពុជា និង​ត្រូវ​បាន​អាជ្ញាធរ​ឥណ្ឌូ​នេ​ស៊ី​ចាប់​ឃាត់​ទុក​នោះ មក​ទល់​ពេល​នេះ​មិន​ទាន់​មាន​ដំណឹង​ថា អាចយ​កមក​វិញ​បាន​នៅ​ពេល​ណា​នោះ​ឡើយ ខណៈ​បច្ចុប្បន្ន​មេធាវី​របស់​កម្ពុជា​កំពុងធ្វើការ​ងារ​ដោះស្រាយ​លើ​បញ្ហា​នេះ​។

ឯកឧត្តម ជៀប សួរ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត នៃ​ក្រសួង​រ៉ែ និង​ថាមពល​បាន​គូសបញ្ជាក់​ប្រាប់​សារព័ត៌មាន​ឌី​ជី​ថ​ល ខេ​ម​បូ​ណូ​មី​ស ថា កាលណា​តម្លៃ​ប្រេងឥន្ធនៈ​ហក់​ឡើងថ្លៃ​ខ្ពស់ វា​ជា​ឱកាស​ធ្វើ​ឲ្យ​វិនិយោគិន​មានការ​ចាប់អារម្មណ៍​លើ​វិស័យ​មួយ​នេះ នៅ​តាម​ប្រទេស​ផ្សេង​ៗ​ដែល​មាន​ប្រភព​ប្រេង​។ ជាក់ស្តែង​កម្ពុជា ដែល​បរាជ័យ​ក្នុង​ការ​បូម​ប្រេង​លើក​ដំបូង​របស់​ខ្លួន ក៏​កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ច្រើន​ពី​ក្រុមហ៊ុន​រុករក និង​បូ​ប​ប្រេង​មក​ពី​ប្រទេស​ជា​ច្រើន​ផង​ដែរ​។  

បើ​តាម​ឯកឧត្តម ជៀប សួរ បន្ទាប់​ពី​ក្រុមហ៊ុន​រុករក និង​បូ​ប​ប្រេង​នៅ​កម្ពុជា KrisEnergy ប្រកាស​ក្ស័យធន មក​ទល់​ពេល​នេះ​មាន​ក្រុមហ៊ុន​ជា​ច្រើន​មក​ពី​ប្រទេស​ចំនួន​៥ រួម​មានកា​ណា​ដា ថៃ កា​ហ្សា​ក់​ស្តង់ ម៉ា​ឡេ​ស៊ី និង​ចិន បាន​បង្ហាញ​ពី​ការ​ចាប់អារម្មណ៍​លើ​ការ​សិក្សា​ស្រាវជ្រាវ​រក​ប្រេង និង​ឧស្ម័ន​នៅ​កម្ពុជា​។ ប៉ុន្តែ ឯកឧត្តម​មិន​បាន​បញ្ជាក់​លម្អិត​ពី​ឈ្មោះ​ក្រុមហ៊ុន​ទាំង​នេះនោះ​ទេ ព្រោះ​ការ​ចាប់អារម្មណ៍​របស់​ក្រុមហ៊ុន​ទាំងនេះ​ស្ថិត​ក្នុង​ជំហាន​ដំបូង​តែ​ប៉ុណ្ណោះ​។ 

គួរ​រំលឹក​ផង​ថា ក្នុង​ជំនួប​ជាមួយ​ឯកឧត្តម ស៊ុ​យ សែ​ម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗ ឯកឧត្តម Ali Akbar Nazari ឯកអគ្គរដ្ឋទូត​អ៊ី​ស្លា​ម​អ៊ី​រ៉​ង់​ប្រចាំ​នៅ​កម្ពុជា ក៏​បាន​បង្ហាញ​ជំហរ​ចង់​ចូលរួម​អភិវឌ្ឍន៍​លើ​វិស័យ​ថាមពល និង​ប្រេង​របស់​កម្ពុជា​ផង​ដែរ​។ ទន្ទឹម​នឹង​នេះ ឯកអគ្គរដ្ឋទូត​រូប​នេះ ប្តេជ្ញា​ថា ឯកឧត្តម នឹង​ខិតខំ​ទាក់ទាញ និង​កៀរគរ​វិនិយោគិន​អ៊ី​រ៉​ង់​ឲ្យ​មក​សម្លឹង​មើល​ឱកាស​វិនិយោគ​លើ​វិស័យ​ទាំងនេះ​នៅ​កម្ពុជា​។

ដោយឡែក ពាក់ព័ន្ធ​នឹង​ប្រេង​ឆៅ​របស់​កម្ពុជា​ជិត​៣០​ម៉ឺន​បារ៉ែល ដែល​ត្រូវ​បាន​នាវា MT Strovolos លួច​ដឹក​រត់​ចេញពី​ដែនសមុទ្រ​កម្ពុជា​កាលពី​អំឡុង​ខែមិថុនា ឆ្នាំ​២០២១ ហើយ​ត្រូវ​បាន​អាជ្ញាធរ​ឥណ្ឌូ​ណេ​ស៊ី​ចាប់​ឃាត់​ទុក មក​ទល់​ពេល​នេះ​មិន​ទាន់​មាន​តម្រុយ​ថា អាចយ​កមក​វិញ​បាន​នៅ​ពេល​ណា​នៅឡើយ​ទេ​។ នេះ​បើ​តាម ការ​គូសបញ្ជាក់​ពី​ឯកឧត្តម ជៀប សួរ ដោយ​ឯកឧត្តម​បន្ថែម​ថា បច្ចុប្បន្ន​មេធាវី​របស់​កម្ពុជា​នៅ​បន្ត​ធ្វើការ​លើ​បញ្ហា​នេះ​មិន​ទាន់​ចប់​នៅឡើយ​ទេ​។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២១ អាជ្ញាធរ​ជើង​ទឹក​របស់​ឥណ្ឌូ​នេ​ស៊ី​បាន​ឃាត់​មនុស្ស​ជិត​២០​នាក់ ជាមួយ​នាវា MT Strovolos ដែល​ផ្ទុក​ប្រេង​ឆៅ​ជិត​៣០​ម៉ឺន​បារ៉ែល ដែល​បាន​លួច​ដឹក​រត់​ចេញពី​ដែនទឹក​កម្ពុជា​។ ការ​លួច​ដឹក​ប្រេង​រត់​នេះ​ត្រូវ​បាន​តំណាង​នាវា​នេះ​អះអាង​ថា គឺ​ដោយសារ​ក្រុមហ៊ុន​បូម​ប្រេង KrisEnergy ជំពាក់​បំណុល​របស់​ខ្លួន ដែល​ក្រុមហ៊ុន​បូម​ប្រេង​នេះ បាន​ជួល​មក​ផ្ទុក​ប្រេង​របស់​កម្ពុជា ដែល​បូម​បាន​ពី​ប្លុក A នៃ​អណ្តូង​អប្សរា​ក្នុង​ឈូង​សមុទ្រ​កម្ពុជា​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារ អេស៊ីលីដា ចាប់ដៃជាមួយ ARDB ជំរុញការផ្ដល់ឥណទានគាំទ្រដល់វិស័យកសិកម្មកម្ពុជា

ព័ត៌មាន
ធនាគារ អេស៊ីលីដា ដែលជាធនាគារពាណិជ្ជខ្មែរធំជាងគេមួយនៅកម្ពុជា នៅថ្ងៃទី២៩ខែមីនា បានចុះអនុស្សរណៈយោគយល់គ្នា ជាមួយធនាគារអភិវឌ្ឍន៍ជនបទ និង…

កូរ៉េសន្យាផ្ដល់ឥណទានសម្បទាន ១,២ពាន់លានដុល្លារសម្រាប់កម្ពុជាក្នុងរយៈពេល៥ឆ្នាំ

ព័ត៌មាន
រដ្ឋាភិបាលកូរ៉េខាងត្បូង បានសន្យាផ្ដល់កញ្ចប់ឥណទានសម្បទានដល់កម្ពុជា ប្រមាណ ១,២ពាន់លានដុល្លារ រយៈពេល ៥ឆ្នាំ ពោលគឺចាប់ពីឆ្នាំ២០២២នេះ រហូតដល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ