ក្រោយការដេញថ្លៃមូលបត្ររដ្ឋលើកទី៧ រដ្ឋសម្រេចបានការលក់បណ្ណបំណុលជិត២០លានដុល្លារ

ក្រោយការដេញថ្លៃមូលបត្ររដ្ឋលើកទី៧ រដ្ឋសម្រេចបានការលក់បណ្ណបំណុលជិត២០លានដុល្លារ


ការដេញថ្លៃមូលបត្ររដ្ឋលើកទី៧ ដែលមានស្ថាប័ន និងគ្រឹះស្ថានហិរញ្ញវត្ថុចំនួន៣ចូលរួមកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ឃើញថាការលក់បណ្ណបំណុលរដ្ឋលើកនេះ សម្រេចបានលទ្ធផលជិត ២០លានដុល្លារ ដែលជាតួលេខមួយដ៏ខ្ពស់ បើធៀបនឹងការដេញថ្លៃកន្លងមក។ ការសម្រេចបានលទ្ធផលលើសការរំពឹងទុកនេះ គឺបន្ទាប់ពីរដ្ឋបានតម្លើងអត្រាគូប៊ុងរហូតដល់៤% សម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួមដេញថ្លៃ។
ធនាគារជាតិនៃកម្ពុជា
ដោយ

ថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជាបានចាត់ទុកការសម្រេចបានការលក់បណ្ណបំណុលជិត២០លានដុល្លារនៅចុងក្រោយនេះថា ជាលទ្ធផលដ៏ល្អប្រសើរមួយលើសការរំពឹងទុក ហើយរំពឹងថា រដ្ឋនឹងអាចឈានទៅសម្រេចបានតាមផែនការក្នុងការបោះផ្សាយលក់មូលបត្ររដ្ឋចំនួន២០០លានដុល្លារនៅឆ្នាំនេះ។

បើតាមសេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា ការដេញថ្លៃមូលបត្ររដ្ឋលើកទី៧ មានស្ថាប័ន និងគ្រឹះស្ថានហិរញ្ញវត្ថុចំនួន៣បានចូលរួមដេញថ្លៃ ប៉ុន្ដែ មានតែពីរគ្រឹះស្ថានប៉ុណ្ណោះ ដែលទទួលបានជោគជ័យក្នុងការដេញថ្លៃលើកនេះ។ ជាលទ្ធផលនៃការដេញថ្លៃ គ្រឹះស្ថានទាំងពីរបានចូលរួមវិនិយោគក្នុងមូលបត្របំណុលរបស់រដ្ឋចំនួន ៧ម៉ឺន២ពាន់ឯកតា ដោយ១ឯកតាមានតម្លៃ១លានរៀល ដែលមានទំហំវិនិយោគសរុបប្រមាណ ១៨លានដុល្លារអាមេរិក ដោយពួកគេទទួលបានអត្រាគូប៉ុង៤.១% ជាមួយឥណប្រតិទាន២ឆ្នាំ។

ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកផ្សារមូលបត្រកម្ពុជាយល់ឃើញថា ការសម្រេចបានលទ្ធផលប្រមាណ១៨លានដុល្លារពីការដេញថ្លៃមូលបត្ររដ្ឋលើកទី៧ ជាតួលេខជោគជ័យមួយ បើធៀបនឹងការដេញថ្លៃ៦លើកកន្លងមក។ តាមរយៈលទ្ធផលដ៏ល្អប្រសើរនេះធ្វើឲ្យឯកឧត្តមមានជំនឿចិត្តថា រដ្ឋនឹងអាចសម្រេចបានតាមផែនការក្នុងការបោះផ្សាយលក់មូលបត្ររដ្ឋប្រមាណ២០០លានដុល្លារនៅឆ្នាំនេះ ក្នុងករណីម៉ាក្រូសេដ្ឋកិច្ចរបស់កម្ពុជាមានភាពល្អប្រសើរ។

ជុំវិញបញ្ហាបោះផ្សាយមូលបត្ររដ្ឋនេះដែរឯកឧត្តម មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានគូសបញ្ជាក់ថា ការបោះផ្សាយលក់មូលបត្របំណុលរបស់រដ្ឋមិនបានកំណត់ពីទំហំទឹកប្រាក់នោះទេ រាល់ការដាក់ឲ្យដេញថ្លៃមួយលើកៗ ដើម្បីជំរុញឲ្យមានការចូលរួមបានច្រើន តែការដេញថ្លៃមិនឲ្យលើសពីច្បាប់កំណត់២០០លានដុល្លារនៅឆ្នាំនេះនោះទេ។ សម្រាប់ឯកឧត្តម ការបោះផ្សាយលក់មូលបត្របំណុលរបស់រដ្ឋ គឺពឹងផ្អែកលើស្ថានភាពទីផ្សារ និងការផ្តល់អត្ថប្រយោជន៍ដល់គ្រឹះស្ថានចូលរួមដេញថ្លៃ។

យើងកត់សម្គាល់ឃើញថា ការបោះផ្សាយលក់មូលបត្របំណុលរបស់រដ្ឋកាលពីឆ្នាំ២០២២ ពុំសូវទទួលបានការគាំទ្រច្រើនពីស្ថាប័ន និងគ្រឹះស្ថានហិរញ្ញវត្ថុនោះទេ ពោលគឺក្នុងចំណោមការបោះផ្សាយលក់មូលបត្រទំហំ ៣០០លានដុល្លារ សម្រេចបានតែជិត២០លានដុល្លារប៉ុណ្ណោះ។ ទោះបីមិនសូវទទួលបានលទ្ធផលល្អពីការបោះផ្សាយនៅឆ្នាំដំបូងក្តី តែរដ្ឋបានសម្រេចបន្តបោះផ្សាយលក់មូលបត្រចំនួន២០០លានដុល្លារបន្ថែមទៀតនៅឆ្នាំ២០២៣នេះ៕




អត្ថបទបន្ទាប់


គម្រោងកំពង់ផែតំបន់សេដ្ឋកិច្ចពហុបំណងខេត្តព្រះសីហនុ នឹងជំរុញពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិនយ៉ាងណាខ្លះ?

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្ម អះអាងថា សក្តានុពលនៃគម្រោងបង្កើតកំពង់ផែតំបន់សេដ្ឋកិច្ចពហុបំណងខេត្តព្រះសីហនុ ដែលស្របគ្នានឹងខេត្តហៃណាន ដែលក…

ក្រុមហ៊ុនយក្ស Samsung ត្រៀមផលិតបន្ទះឈីបទំនើបជំនាន់ចុងក្រោយ ដើម្បីឈានជើងចូលផលិតរថយន្តជាលើកដំបូង

ព័ត៌មាន
ក្រុមហ៊ុនយក្សកូរ៉េខាងត្បូង Samsung បានប្រកាសចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយនឹងក្រុមហ៊ុនផលិតបន្ទះឈីប Ambarella ដើម្បីទទួលបានការផ្គត់ផ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ