ក្នុងនោះ ឯកឧត្តម ជា សុផារ៉ា ក៏ស្នើឲ្យវិស័យឯកជននិងស្ថាប័នពាក់ព័ន្ធជួយសម្រួល តាមរយៈការផ្ដល់នូវលក្ខខណ្ឌងាយៗសម្រាប់ពលករក្រៅប្រទេសអាចមានលទ្ធភាពទិញផ្ទះបង់រំលស់ ដូចប្រជាពលរដ្ឋក្នុងស្រុកដែរ។
ការលើកឡើងបែបនេះ ដោយសារតែឯកឧត្តមទេសរដ្ឋមន្ត្រីកត់សម្គាល់ឃើញថា ពលករនៅក្រៅប្រទេសមានលទ្ធភាពច្រើន ហើយពួកគាត់ក៏អាចជាក្រុមអតិថិជនថ្មីមួយបន្ថែមទៀត សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានផងដែរ ខណៈដែលបច្ចុប្បន្នពលករដែលកំពុងធ្វើការនៅក្រៅប្រទេសមានចំនួនរហូតដល់រាប់លាននាក់ និងបានផ្ញើប្រាក់មកស្រុកកំណើត ប្រមាណរាប់ពាន់លានដុល្លារក្នុង១ឆ្នាំៗផងដែរ។
ឯកឧត្តម ជា សុផារ៉ា បានមានប្រសាសន៍យ៉ាងដូច្នេះថា «ឥឡូវ យើងជួយគិតពិចារណគ្នាបន្តិចមើល៍ បច្ចុប្បន្ន ពលករកំពុងបម្រើការងារនៅក្រៅប្រទេសមានជាង១លាន ២សែននាក់ និងបានផ្ញើលុយមកស្រុកវិញ ប្រមាណជាង ២ពាន់លានដុល្លារក្នុងមួយឆ្នាំ។ ដ្បិតថា ពួកគាត់នៅក្រៅប្រទេសមែន តែឪពុកម្ដាយ ប្រពន្ធកូននៅស្រុក អ៊ីចឹងលុយហូរចូលតាមណា? ដើម្បីសុវត្ថិភាព យើងត្រូវបើកច្រកមួយត្រងលុយទាំងអស់ហ្នឹង តាមរយៈការផ្ដល់នូវលក្ខខណ្ឌសម្រាប់ពួកគាត់ក្នុងការទិញលំនៅដ្ឋានបង់រំលស់នៅក្នុងស្រុក។ ម្យ៉ាង ពួកគាត់ក៏បាននឹងនក្នុងចិត្ត ព្រោះលំនៅដ្ឋានគាត់មាន លុយក៏គាត់មាន»។
យ៉ាងណាក៏ដោយចុះ សំណើនេះត្រូវបានប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា លោកឧកញ៉ា លី ហួរ បានយកទៅពិចារណា ហើយលោកឧកញ៉ាលើកឡើងថា ត្រូវមានការពិភាក្សាបន្ថែមជាច្រើនទៀតជាមួយនឹងក្រសួង និងស្ថាប័នពាក់ព័ន្ធ មុននឹងអាចឈានទៅសម្រេចជាលទ្ធផលថាយ៉ាងណានោះ។
តាមរបាយការណ៍ពីក្រសួងការងារបានឲ្យដឹងថា ប្រទេសដែលជាទិសដៅរបស់ពលករកម្ពុជា ក្នុងការធ្វើចំណាកស្រុកទៅធ្វើការនោះ មានដូចជា ប្រទេសថៃ សាធារណរដ្ឋកូរ៉េខាងត្បូង ម៉ាឡេស៊ី ជប៉ុន និងសិង្ហបុរី ជាដើម។
ដោយឡែក បើតាមការគូសបញ្ជាក់ពីទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា តម្រូវការលំនៅដ្ឋានសម្រាប់អ្នករស់នៅទីក្រុងនិងទីប្រជុំជនមានជាងប្រមាណ ១ម៉ឺនខ្នង ក្នុងមួយឆ្នាំៗ ដែលចំនួននេះស្មើនឹងប្រមាណតែជាង១០%ប៉ុណ្ណោះ នៃតម្រូវការលំនៅដ្ឋានសរុបនៅទូទាំងប្រទេស។
យ៉ាងណាក៏ដោយចុះ រាជរដ្ឋាភិបាលកម្ពុជាបានលើកទឹកចិត្តដល់អ្នកអភិវឌ្ឍន៍លំនៅដ្ឋានទាំងអស់គួរតែរួមចំណែកក្នុងការអភិវឌ្ឍលំនៅដ្ឋានតម្លៃសមរម្យឲ្យបានច្រើនថែមទៀត ដើម្បីអាចឲ្យប្រជាពលរដ្ឋបង់រំលស់ប្រចាំខែក្នុងតម្លៃថោកសមរម្យ៕