សូមបញ្ជាក់ថា អ៊ីរ៉ង់ពេលនេះកាន់តែវីកវរហើយ ព្រោះមហាអំណាចអឺរ៉ុប៣ប្រទេស រួមមាន ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ បានព្រមានថា ពួកគេអាចនឹងលូកដៃចូលរួមវាយប្រហារលើអ៊ីរ៉ង់ដែរ។
ជាការសងសឹកអាម៉េរិក និង អ៊ីស្រាអែល ប្រទេសអ៊ីរ៉ង់ បានបើកការវាយបកដោយបាញ់មីស៊ីលស្រោចទៅលើមូលដ្ឋានទ័ពអាម៉េរិក នៅក្នុងប្រទេសចំនួន៨ រួមមាន អ៊ីស្រាអែល ប៉ារ៉ែន អេមីរ៉ាតអារ៉ាប់រួម កាតា អារ៉ាប៊ីសាអូឌីត ហ្ស៊កដានី គុយវ៉ែត និងប្រទេសអ៊ីរ៉ាក់ ដែលធ្វើឱ្យសង្គ្រាមកាន់តែឡើងកម្តៅ និងកក្រើកតំបន់មជ្ឈិមបូព៌ា។ បើយោងតាមអង្គការអឌ្ឍចន្ទក្រហមអ៊ីរ៉ង់ នៅក្នុងប្រទេសអ៊ីរ៉ង់យ៉ាងហោចណាស់មនុស្ស២០១នាក់បានស្លាប់ និង៧៤៧នាក់បានរងរបួសនៅក្នុងការវាយប្រហារដោយសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល។
ដោយឡែកនៅក្នុងប្រទេសអ៊ីស្រាអែល មនុស្ស៩នាក់បានស្លាប់ នៅពេលដែលមីស៊ីលរបស់អ៊ីរ៉ង់បានវាយប្រហារអគារមួយនៅជិតក្រុងយេរូសាឡឹម។ ហើយសហរដ្ឋអាម៉េរិក ក៏បានរាយការណ៍ពីអ្នកស្លាប់ និងរបួសផងដែរ ដោយបញ្ជាការកណ្តាលរបស់សហរដ្ឋអាម៉េរិកបានបញ្ជាក់ថា ទាហានអាម៉េរិកស្លាប់៣នាក់ និងរបួស៥នាក់ ហើយលោក ដូណាល់ ត្រាំ បានប្ដេជ្ញាសងសឹកវិញ។
ប្រទេសអេមីរ៉ាតអារ៉ាប់រួម បានរាយការណ៍ពីការស្លាប់៣នាក់ និងរបួស៥៨នាក់ ខណៈប្រទេសគុយវ៉ែត បានរាយការណ៍ពីការស្លាប់ម្នាក់ និងរបួស៣២នាក់។ ទន្ទឹមនេះ ប្រទេសកាតា បានរាយការណ៍ពីរបួស ១៦នាក់ ប្រទេសអ៊ីរ៉ាក់ បានរាយការណ៍ពីការស្លាប់២នាក់ និងរបួស៣នាក់។ ហើយនៅប្រទេសបារ៉ែន យន្តហោះដ្រូនមួយគ្រឿងបានវាយប្រហារអាកាសយានដ្ឋានអន្តរជាតិ បណ្តាលឱ្យខូចខាត ប៉ុន្តែមិនមានអ្នកស្លាប់ និងរបួសនោះទេ។ ចំណែកឯប្រទេសអូម៉ង់ឯនោះវិញបានរាយការណ៍ពីរបួស៥នាក់នៅក្នុងឧប្បត្តិហេតុទាក់ទងនឹងយន្តហោះដ្រូនដាច់ដោយឡែកពីគ្នា ប៉ុន្តែមិនមានសេចក្ដីរាយការណ៍អំពីអ្នកស្លាប់ និងរបួសនៅក្នុងប្រទេសហ្ស៊កដានី ឬអារ៉ាប៊ីសាអូឌីតនោះទេ។
ជាការពិតណាស់ថា សង្គ្រាមនេះនឹងរីករាលដាលកាន់តែធំប្រកបដោយគ្រោះថ្នាក់ និងកាន់តែគួរឱ្យព្រួយបារម្ភ ក្រោយមហាអំណាចអឺរ៉ុប៣ប្រទេស រួមមាន ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ បានព្រមានថា ពួកគេអាចនឹងលូកដៃចូលរួមវាយប្រហារអ៊ីរ៉ង់ដែរ ព្រោះតែទីក្រុងតេអេរ៉ង់ ធ្វើសកម្មភាពបាញ់ចូលប្រទេសទាំង៨នៅតំបន់មជ្ឈិមបូព៌ាដោយមិនញញើតដៃ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Wall Street Journal នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦៕
ដោយ: តែម សុខុម