ទេសចរណ៍កម្ពុជា

នាយករដ្ឋមន្រ្តីកម្ពុជា បញ្ជាឱ្យពិនិត្យមើលយន្តការសម្រួលការចេញចូលរបស់ភ្ញៀវបរទេស


សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជារដ្ឋមន្រ្តីក្រសួងទេសចរណ៍ឱ្យសម្រួលលើឯកសារចេញចូលរបស់ភ្ញៀវទេសចរបរទេសតាមច្រកទ្វារនានា ដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើដំណើរចេញចូលមកលេងកម្សាន្តនៅកម្ពុជា ស្របពេលដែលនៅ៨ខែ ឆ្នាំនេះកម្ពុជាទើបទទួលបានភ្ញៀវទេសចរប្រមាណ៣លាន៥សែននាក់ប៉ុណ្ណោះ។
នាយករដ្ឋមន្រ្តី បញ្ជាឱ្យពិនិត្យលើយន្តការភ្លាមៗដើម្បីដាក់ចេញ
ដោយ

ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិតជាង១ម៉ឺន៨ពាន់នាក់ នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងពីស្ថានភាពពុំទាន់ល្អប្រសើរនៃវិស័យទេសចរណ៍របស់កម្ពុជា និងប្រទេសក្បែរខាង ដោយសារតែឥទ្ធិពលជំងឺកូវីដ-១៩ នាពេលកន្លងទៅ។ យ៉ាងណាមិញនៅក្នុងឱកាសនេះ សម្តេចនាយករដ្ឋមន្រ្តី បានសួរទៅអភិបាលខេត្តសៀមរាប ជុំវិញតួលេខភ្ញៀវទេសចរទៅកម្សាន្តនៅខេត្តនេះ និងបានបញ្ជាឱ្យឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ពិនិត្យលើយន្តការដែលបានដាក់ចេញកន្លងមក ក្នុងនោះក៏មានការសម្រួលឯកសារចេញចូលរបស់ភ្ញៀវបរទេសតាមច្រកទ្វារផងដែរ។ ការជំរុញបែបនេះធ្វើឡើងក្នុងគោលបំណង ដើម្បីជួយសម្រួលដល់ការធ្វើដំណើរចេញចូលរបស់ភ្ញៀវទេសចរ សំដៅជួយបង្កើនចំនួនភ្ញៀវទេសចរមកកម្សាន្តនៅកម្ពុជា។ ​

យ៉ាងណាមិញកាលពីពេលថ្មីៗ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានបង្កើតគំនិត”បង្កើនប្រាំ” ដែលជាផែនការទាក់ទាញភ្ញៀវទេសចរបរទេស ឱ្យមកលេងកម្សាន្តនៅកម្ពុជា គ្រាដែលផ្នែកខ្លះនៃផែនការនេះ ត្រូវបានអ្នកនាំពាក្យអះអាងថា ជាការដោះរបាំង ដែលធ្លាប់បង្អាក់ និងរាំងស្ទះដល់ការធ្វើដំណើររបស់អ្នកទេសចរនាពេលកន្លងទៅ ខណៈនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួនភ្ញៀវទេសចរអឺរ៉ុបមកកម្សាន្តនៅកម្ពុជាហាក់មានការធ្លាក់ចុះគួរឲ្យកត់សម្គាល់។

គំនិតបង្កើនប្រាំ ដែលជាផែនការរបស់ក្រសួងទេសចរណ៍រួមមាន៖ទី១-បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងកិត្តិនាមរបស់កម្ពុជា, ទី២-បង្កើនប្រសិទ្ធភាពនៃការផ្សព្វផ្សាយទាក់ទាញទេសចរទៅកាន់ទីផ្សារទេសចរធំៗ, ទី៣-បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង សម្រួលដល់ការធ្វើដំណើររបស់អ្នកទេសចរដោយរលូន និងកុំឱ្យមានរបាំងរាំងស្ទះ ដែលជាការជំរុញដល់អ្នកទេសចរឱ្យទទួលបានភាពកក់ក្ដៅ, ទី៤-បង្កើនប្រសិទ្ធភាពនៃផលិតផលទេសចរណ៍ តាមរយៈការបង្កើនផលិតផលឱ្យមានគុណភាពប្រសើរ ព្រមទាំងការបង្កើតផលិតផលបន្ថែមទៀត ដើម្បីឆ្លើយតបនឹងនិន្នាការទីផ្សារ និងទី៥ បង្កើនប្រសិទ្ធភាពនៃការអភិវឌ្ឍធនធាន ដើម្បីទាក់ទាញទេសចរឱ្យមានភាពប្រគួតប្រជែងទាំងនៅក្នុងតំបន់ និងលើសកលលោក។

គួរបញ្ជាក់ថា នៅ៨ខែ ឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ជាង៣លាននាក់ និងរំពឹងទទួលបានភ្ញៀវទេសចរបរទេសប្រមាណ៥លាននាក់ នៅពេញមួយឆ្នាំ២០២៣៕

អត្ថបទ ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វិមានក្រឹមឡាំង ចំអកលោកខាងលិច លើការផ្អាកផ្តល់ជំនួយឱ្យអ៊ុយក្រែន

ព័ត៌មាន
វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃចន្ទថា ការសម្រេចរបស់សភាអាមេរិកក្នុងការអនុម័តច្បាប់មួយ បញ្ជៀសការបិទរដ្ឋាភិបាល ដែលលុបចោលជំនួយសម្រាប់អ៊…

ក្រុមហ៊ុនកូរ៉េខាងត្បូងមួយគ្រោងបោះទុន១ពាន់លានដុល្លារ ផលិតបន្ទះឈីបនៅវៀតណាម

ព័ត៌មាន
ក្រុមហ៊ុន ហាណា មីក្រុង (Hana Micron) របស់ប្រទេសកូរ៉េខាងត្បូង គ្រោងនឹងបោះទុន១ពាន់លានដុល្លារវិនិយោគក្នុងផលិតកម្មបន្ទះឈីប នៅប្រទេសវៀតណាម …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ