ក្រដាសប្រាក់រៀល

ឧបសគ្គធំៗ៣ ដែលប្រាក់រៀលបានឆ្លងកាត់ក្នុងរយៈពេលជាង៤០ឆ្នាំមកនេះ តើជាអ្វីខ្លះ?


ទេសាភិបាលរងនៃធនាគារជាតិនៃកម្ពុជាបានអះអាងថា នៅក្នុងរយៈពេល៤២ឆ្នាំកន្លងមកនេះ វត្តមានរបស់ប្រាក់រៀល បានរួមចំណែកយ៉ាងសំខាន់នៅក្នុងការស្តារនិងកសាង អធិបតេយ្យភាព សេដ្ឋកិច្ចនិងសង្គមជាតិ តាមរយៈតួនាទីជាខ្នាតតម្លៃ មធ្យោបាយទូទាត់ និងសន្សំ។ ប៉ុន្ដែ មុនអាចឈរជើងបានរឹងមាំ និងទទួលបានការទុកចិត្តពីប្រជាពលរដ្ឋ ក៏ដូចជាអ្នកវិនិយោគដូចសព្វថ្ងៃនេះ ប្រាក់រៀលរបស់កម្ពុជា ក៏បានឆ្លងកាត់ឧបសគ្គជាច្រើនផងដែរ។
រូបក្រដាសប្រាក់រៀលខ្មែរ

ឯកឧត្តម ស៊ុ សន្និសិទ្ធ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ថ្ងៃទី២០ ខែមីនា កាលពី៤២ឆ្នាំមុន ប្រាក់រៀលត្រូវបានដាក់ឱ្យចរាចរឡើងវិញ បន្ទាប់ពីលែងប្រើប្រាស់អស់រយៈពេលប្រមាណ ៥ឆ្នាំ ដោយសាររបបប្រល័យពូជសាសន៍ ប៉ុល ពត ទៅជាសង្គមទាសភាព។ ទស្សនៈជ្រុលនិយម ខុសនិយាមនេះហើយ ដែលធ្វើឱ្យកម្ពុជាដើរទៅរកសោកនាដកម្ម និងការបំផ្លាញរាល់ខឿនសេដ្ឋកិច្ចជាតិទាំងអស់។

បើតាមទេសាភិបាលរងធនាគារជាតិនៃកម្ពុជារូបនេះ មុននឹងក្លាយជារូបិយវត្ថុមួយប្រកបដោយទំនុកចិត្តដូចសព្វថ្ងៃ ប្រាក់រៀលត្រូវបានឆ្លងកាត់ឧបសគ្គធំៗចំនួន៣ រួមមាន៖

ទី១, ការបាត់បង់ជំនឿទុកចិត្តទាំងស្រុងលើប្រាក់រៀល ក្រោយចេញពីសម័យ ប៉ុល ពត និងអស្ថិរភាពនយោបាយ រហូតដល់ចុងឆ្នាំ១៩៩៨

ទី២, វិបត្តិសេដ្ឋកិច្ចនៅក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ដែលបង្កឱ្យអតិផរណាកើនឡើងខ្លាំងនិងប្រាក់រៀលធ្លាក់ថ្លៃ

និងទី៣, ការប្រើប្រាស់ប្រាក់ដុល្លារអាមេរិកយ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយផ្ទាល់នៅក្នុងសេដ្ឋកិច្ចកម្ពុជា នៅដើមទសវត្សរ៍ឆ្នាំ១៩៩០ ដែលកត្តាទាំងនេះបានធ្វើឱ្យប្រជាជន ក៏ដូចជាវិស័យឯកជនមានទម្លាប់ប្រើប្រាស់ប្រាក់ដុល្លារអាមេរិក ដោយផ្ទាល់រហូតមកដល់បច្ចុប្បន្ន។

ឯកឧត្តម ស៊ុ សន្និសិទ្ធ បញ្ជាក់បន្ថែមថា ប្រាក់រៀលជារូបិយវត្ថុរបស់យើងទាំងអស់គ្នា ហើយការចូលរួមប្រើប្រាស់ប្រាក់រៀល ប្រៀបដូចជាការរួមចំណែកដោយផ្ទាល់និងប្រយោលដល់កិច្ចការពារនិងពង្រឹងអធិបតេយ្យសេដ្ឋកិច្ចជាតិ អត្តសញ្ញាណជាតិ និងការរីកចម្រើនសេដ្ឋកិច្ចនិងសង្គម ដូចសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា រូបិយវត្ថុជាតិគឺជាផ្នែកមួយនៃការកសាងអធិបតេយ្យ និងអំណាចខាងសេដ្ឋកិច្ចរបស់រដ្ឋ។ 

ពាក់ព័ន្ធការប្រើប្រាស់ប្រាក់រៀលនេះដែរ លោកជំទាវ ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិ នៃកម្ពុជាបានគូសបញ្ជាក់ថា ទោះបីនិន្នាការប្រើប្រាស់ប្រាក់រៀលនៅកម្ពុជាបច្ចុប្បន្នមានការកើនឡើងក៏ដោយ តែនៅមានចំណែកតិចតួចនៅឡើយបើធៀបនឹងការប្រើប្រាស់រូបបិយបណ្ណបរទេស។ ពោលគឺការប្រើប្រាស់ប្រាក់រៀល ក្នុងប្រតិបត្តិការទូទាត់នានាទូទាំងប្រទេសបានក្តោបចំណែកទីផ្សារប្រមាណ១៥% តែប៉ុណ្ណោះ ខណៈចំណែកទីផ្សារជាង៨០% ត្រូវបានក្តោបក្ដាប់ដោយប្រាក់ដុល្លារ។ លោកជំទាវបានគូសបញ្ជាក់បន្ថែមថា ប្រាក់រៀលត្រូវបានប្រើប្រាស់ភាគច្រើនតែនៅតាមទីជនបទនោះទេ ខណៈទីក្រុង និងទីប្រជុំជននានាការធ្វើប្រតិបត្តិការភាគច្រើនជាប្រាក់ដុល្លារ។

ដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល នៅក្នុងសេដ្ឋកិច្ចបន្ថែមទៀត សំដៅអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាពនិងចីរភាព ឯកឧត្តមអំពាវនាវដល់ក្រសួងស្ថាប័ន រោងចក្រ សហគ្រាស គ្រឹះស្ថានហិរញ្ញវត្ថុ ប្រជាជនទូទៅ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់បន្តរួមចំណែកប្រើប្រាស់ប្រាក់រៀលនៅក្នុងប្រតិបត្តិការរបស់ខ្លួន ដូចជា តាមរយៈការទូទាត់ ការបិទស្លាកតម្លៃទំនិញ និងការសន្សំជាប្រាក់រៀល ព្រមទាំងផ្តល់លក្ខខណ្ឌអនុគ្រោះឱ្យបានកាន់តែច្រើនចំពោះការប្រើប្រាស់ប្រាក់រៀល ដែលជារូបិយវត្ថុជាតិតែមួយគត់របស់យើងទាំងអស់គ្នា៕

អត្ថបទ សោម ស្រីពេជ្រ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ៊ុយក្រែនអះអាងថា នឹងនៅតែក្រាញននៀលមិនសុំចុះចាញ់រុស្ស៊ីដាច់ខាត ខណៈស្ថានភាពមនុស្សធម៌កាន់តែយ៉ាប់យ៉ឺន

ព័ត៌មាន
ប្រមុខដឹកនាំអ៊ុយក្រែននៅព្រឹកថ្ងៃចន្ទទី២១មីនានេះ បានអះអាងច្បាស់ៗថាខ្លួននឹងមិនសុំចុះចាញ់រុស្ស៊ីដាច់ខាត ទោះស្ថិតក្នុងលក្ខខណ្ឌណាក៏ដោយ។ ការចេ…

បើកគណនីប្រាក់បញ្ញើសន្សំមានកាលកំណត់នៅ ធនាគារ ហត្ថា ឥឡូវនេះ ឈ្នះរង្វាន់ភ្លាមៗដោយមិនចាំបាច់ផ្សងសំណាងទេ!

ព័ត៌មាន
ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ ធនាគារ ហត្ថា ប្រកាសផ្តល់ជូនកម្មវិធីពិសេស “ដាក់ភ្លាម ឈ្នះភ្លាម” សម្រាប់អតិថ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ