តើមកទល់នឹងពេលនេះបញ្ហាមៀនប៉ៃលិននេះ កំពុងវិវត្តដល់កម្រិតណាហើយ ហើយក្រសួងពាក់ព័ន្ធ ពិសេសក្រសួងកសិកម្ម និងក្រសួងពាណិជ្ជកម្ម បាននិងកំពុងធ្វើកិច្ចការងារអ្វីខ្លះដើម្បីដោះស្រាយបញ្ហានេះ?
មុននឹងយើងនិយាយពីវិធានការរបស់ក្រសួងពាក់ព័ន្ធ យើងមកចាប់អារម្មណ៍ពីស្ថានភាពទីផ្សារទាក់ទងនឹងមៀនប៉ៃលិន ឬ តាង៉ែន របស់កម្ពុជាមុនសិន។
ក្រោយពេលមានដំណឹងថា ថៃ ប្រកាសផ្អាកនាំចូលមៀនពីកម្ពុជាកាលពីសប្ដាហ៍មុននេះ បានធ្វើឱ្យតម្លៃមៀនប៉ៃលិន ក្នុងឆ្នាំនេះ ធ្លាក់ថ្លៃខ្លាំងមកនៅត្រឹម ២.៥០០រៀល ទៅ ៣.០០០រៀល ក្នុងមួយគីឡូក្រាមប៉ុណ្ណោះ។
ការបិទការនាំចូលផ្លែមៀនប៉ៃលិន ពីកម្ពុជាពីសំណាក់ប្រទេសថៃ ពិតជារងផលប៉ះពាល់ខ្លាំង ដល់កសិករខ្មែរ ដែលដាំដុះមៀនប៉ៃលិន ឬ តាង៉ែនយ៉ាងខ្លាំង ដោយសារទីផ្សារមៀនប៉ៃលិន ឬ តាង៉ែនខ្មែរយើងស្ទើទាំងស្រុង ពឹងលើខ្យល់ដកដង្ហើមទីផ្សារថៃ។
លោក រ៉េម វីណា កសិករដាំមៀនប៉ៃលិន ស្ថិតនៅស្រុកសំឡូត ខេត្តបាត់ដំបង ប្រាប់ខេមបូណូមីស ថា លោកកំពុងមានការព្រួយបារម្ភ ពីបញ្ហាបិទនាំចូលទៅថៃ ឬ ខ្វះទីផ្សារនាពេលបច្ចុប្បន្ន។ កសិកររូបនេះ អះអាងថា មៀនប៉ៃលិន របស់លោក ប្រមាណ ២០០ដើម ឆ្នាំនេះទទួលបានទិន្នផលល្អ និងចាប់ផ្ដើមប្រមូលផលបណ្ដើរៗ ហើយ។ ប៉ុន្តែ ទាក់ទងនឹងតម្លៃវិញ លោកបញ្ជាក់ថា ធ្លាក់ចុះខ្លាំងមកនៅត្រឹម ២.៥០០រៀល ទៅ ៣.០០០រៀល ប៉ុណ្ណោះក្នុងមួយគីឡូក្រាម ហើយស្ទើតែគ្មានអ្នកទិញទៀតផង។ ខណៈឆ្នាំមុនមៀនប៉ៃលិន អាចលក់បានតម្លៃខ្ពស់បំផុតដល់ទៅ ៨.០០០រៀល ក្នុងមួយគីឡូក្រាម និងទាបបំផុតក៏នៅអាចលក់បានតម្លៃ ៤.០០០រៀល ទៅ ៥.០០០រៀល ក្នុងមួយគីឡូក្រាមដែរ។
ដោយឡែកលោក សួន ជុំ អនុគណៈកម្មាការធិការដំណាំមៀនប៉ៃលិន ខេត្តបាត់ដំបង និងជាអ្នកដាំមៀនប៉ៃលិន ផងដែរ បានអះអាងប្រាប់ខេមបូណូមីស ថា បើមិនអាចដោះស្រាយបញ្ហាទីផ្សារមៀនប៉ៃលិនឱ្យបានឆាប់ទេនោះ ទិន្នផលមៀនប៉ៃលិន របស់កសិករនឹងត្រូវប្រឈមការខូចខាត ខណៈដែលនៅរដូវប្រមូលផលមៀនប៉ៃលិននេះយ៉ាងហោចណាស់ក៏មានប្រមាណ៥ម៉ឺនតោនដែរ ដែលប្រឈមនឹងការប៉ះពាល់។ យ៉ាងណាក៏ដោយ សហគមន៍មៀនប៉ៃលិន ក៏បានស្នើឱ្យក្រសួងពាក់ព័ន្ធពន្លឿនច្បាប់នាំចេញមៀនប៉ៃលិន ទៅប្រទេសចិន ដើម្បីបញ្ចៀសការខាតទុនកាន់តែច្រើនជារៀងរាល់ឆ្នាំ។
ជុំនឹងទៅនឹងបញ្ហានេះដែរ លោក សារ ចំរើន ប្រធានក្រុមប្រឹក្សាសហគមន៍មៀនប៉ៃលិន បានអះអាង ប្រាប់ខេមបូណូមីស ថា បច្ចុប្បន្នដំណោះស្រាយលើបញ្ហាទីផ្សារមៀនប៉ៃលិននេះ នៅមិនទាន់មានធំដុំនៅឡើយទេ។ តែយ៉ាងណា នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ ខាងអាជ្ញាធរកម្ពុជា នឹងធ្វើលិខិតទៅកាន់អាជ្ញាធរថៃ ដើម្បីសម្រួលបញ្ហាបិទការនាំចេញតាង៉ែនននេះ។ ទោះយ៉ាងណា លោកស្នើឲ្យរដ្ឋាភិបាលកម្ពុជាជួយសម្រួលនិតិវិធីនាំចេញមៀនប៉ៃលិនទៅចិនឲ្យបានកាន់ឆាប់តាមដែលអាចធ្វើទៅបាន ទើបអាចជួយស្រោចស្រង់ទីផ្សារមៀនប៉ៃលិនកម្ពុជាបាន។ បើពុំដូច្នេះទេបញ្ហានឹងនៅតែកើតមានដដែលជាដដែលពិសេសរឿងតម្លៃ ។
តើហេតុអ្វីបានជាថៃបិទមិនឲ្យខ្មែរនាំមៀនប៉ៃលិនចូល?
វិធានការបិទមិនឲ្យកម្ពុជានាំចូលមៀនភ្លាមៗពីសំណាក់ប្រទេសថៃនេះ គឺធ្វើឡើងនៅក្រោយពេលដែលប្រទេសនេះ ក៏កំពុងជួបវិបត្តិទីផ្សារមៀនក្នុងស្រុករបស់ខ្លួនដែរ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្ដិ៍ ថ្មីៗនេះ ប្រទេសចិន បានហាមឃាត់ការនាំចូលមៀនពីប្រទេសថៃមិនកំណត់រយៈពេល ក្រោយចិនរកឃើញថា មានសត្វល្អិតចង្រៃនៅលើផ្លែមៀននាំចូលទាំងនោះ។ បច្ចុប្បន្ននេះ ថៃក៏កំពុងឈឺក្បាលនឹងស្វែងរកទីផ្សារផ្លែមៀនជូនកសិកររបស់ខ្លួនដូចគ្នាដែរ ពិសេសជំនួសឲ្យទីផ្សារចិន ដែលជាទីផ្សារធំបំផុតក្នុងការនាំចេញផ្លែមៀនរបស់ថៃ។ ថៃពេលនេះ កំពុងញាប់ដៃញាប់ជើងក្នុងការជំរុញទីផ្សារនាំចេញមៀនទៅកាន់តំបន់អាស៊ីអាគ្នេយ៍។
តើក្រសួងកសិកម្ម និងក្រសួងពាណិជ្ជកម្មកម្ពុជា កំពុងធ្វើកិច្ចការអ្វីខ្លះចំពោះបញ្ហាមៀនប៉ៃលិននេះ?
ឆ្លើយតបទៅនឹងបញ្ហានេះ ឯកឧត្តម ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម រួមទាំងក្រសួងកសិកម្ម កំពុងធ្វើការងារយ៉ាងមមាញឹក ដើម្បីរកដោះស្រាយបញ្ហានេះ ជូនកសិករឱ្យបានឆាប់។
ឯកឧត្តម ស៊ាន ថៃ បន្ថែមថា ក្រសួងពាណិជ្ជកម្ម បានបង្កើតក្រុមការងារ ដើម្បីជួបប្រជុំជាមួយអាជ្ញាធរថៃតាមខេត្តជាប់ព្រំដែន ដើម្បីសម្របសម្រួល ឱ្យកសិផលមៀនប៉ៃលិនអាចនាំចេញទៅថៃបាន។ ជាមួយគ្នានោះ មន្ទីរកសិកម្មខេត្តបាត់ដំបង នឹងធ្វើការជាមួយអាជ្ញាធររដ្ឋបាលគយចិន អំពីលក្ខខណ្ឌ តម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញមៀនប៉ៃលិន ដើម្បីឈានទៅចុះអនុស្សារណ:យោគយល់គ្នា ស្ដីពី SPS សម្រាប់នាំចេញផលិតផលមៀនប៉ៃលិន ទៅកាន់ប្រទេសចិនក្នុងពេលខាងមុខផងដែរ។
ចំពោះការចង្អុលបង្ហាញពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឲ្យបង្វែរការនាំចេញមៀនទៅប្រទេសថៃ ឲ្យទៅរកច្រកខាងប្រទេសវៀតណាមវិញ ក្រសួងពាណិជ្ជកម្ម ក៏បានគាំទ្រចំពោះដំណោះស្រាយបន្ទាន់នេះ ព្រោះការនាំចេញតាមច្រកផ្សេងៗ ទោះតិចក្ដីច្រើនក្ដី វានឹងជួយកាត់បន្ថយការកកស្ទះដែលកំពុងប្រឈម ព្រោះផ្លែមៀនវានឹងទុំ ឬ ដល់ពេលប្រមូលផលទៅតាមធម្មជាតិរបស់វា មិនអាចពន្យាពេលបានទេ។
ដោយឡែកក្រសួងពាណិជ្ជកម្មក៏បានស្នើទៅកាន់ក្រុមហ៊ុនានាក៏ដូចជា សាធារណជន សូមជួយទិញមៀនប៉ៃលិនរបស់កសិករតាមដែលអាចធ្វើទៅបាន ព្រោះវាក៏អាចជួយសម្រាលការលំបាកចំពោះមុខបានខ្លះដែរ។
យោងតាមរបាយការណ៍ពីរដ្ឋមន្ត្រីក្រសួងកសិកម្មឯកឧត្តម វេង សាខុន ធ្លាប់បានលើកឡើងថា គិតត្រឹមឆ្នាំ២០២០ បរិមាណទិន្នផលមៀនប៉ៃលិនដែលទទួលបានមានប្រមាណ ២០ម៉ឺនតោនក្នុងមួយឆ្នាំ ក្នុងនោះ ការនាំចេញសម្រេចបានជាង ១០ម៉ឺនតោន ដោយមានតម្លៃប្រហែលជិត១០០លានដុល្លារអាមេរិក៕