ដំណើរការនាំចេញផ្លែមៀនប៉ៃលិន​

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ ដំណើរការនាំចេញផ្លែមៀនប៉ៃលិនទៅកាន់ទីផ្សារចិន កាន់តែបង្ហាញភាពវិជ្ជមាន


ដំណើរការនាំចេញផ្លែមៀនប៉ៃលិន និងត្រីប្រា ទៅកាន់ទីផ្សារប្រទេសចិន កាន់តែខិតជិតមកដល់ហើយក្រោយរដ្ឋបាលគយប្រទេសចិន បានធ្វើការវិភាគហានិភ័យ និងការត្រួតពិនិត្យផ្លែមៀន កម្ពុជា តាមរយៈវីឌីអូ នៅទីតាំងចម្ការមៀនផ្ទាល់ ក៏ដូចជានៅរោងចក្រវេចខ្ចប់រួចរាល់ហើយដែរ។
ទិន្នផលផ្លែមៀនរបស់ខេត្តប៉ៃលិន (រូបភាព៖សហគមន៍ផលិតផលមៀនប៉ៃលិន)
ដោយ

ឯកឧត្តម វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​អះអាង​ប្រាប់​សារព័ត៌មាន​ឌី​ជី​ថ​ល ខេ​ម​បូ​ណូ​មី​ស ថា ក្រោយ​ភាគី​ចិន បាន​ធ្វើការ​វិភាគ​ហានិភ័យ និង​ការ​ត្រួតពិនិត្យ​ផ្លែ​មៀន លទ្ធផល​ដែល​ទទួល​បាន​មាន​ភាព​វិជ្ជមាន​ច្រើន ដោយ​លោក​សង្ឃឹមថា ការងារ​មួយ​ចំនួន​នឹង​បញ្ចប់​នៅ​ចុង​ខែមករា​នេះ ហើយ​ទាំង​ផ្លែ​មៀន​ប៉ៃលិន និង​ត្រី​ប្រា អាច​នាំ​ចេញ​ឆាប់​ៗ​ខាង​មុខ​នេះ​។

ឯកឧត្តម វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​អះអាង​ប្រាប់​សារព័ត៌មាន​ឌី​ជី​ថ​ល​ខេ​ម​បូ​ណូ​មី​ស​ថា បន្ទាប់​ពី​ភាគី​ទាំង​ពីរ ចិន​និង​កម្ពុជា បាន​វិភាគ​ហានិភ័យ និង​ត្រួតពិនិត្យ​ផ្លែ​មៀន នៅ​ចម្ការ​មួយ​ចំនួន ក្នុង​ខេត្ត​គោលដៅ គឺ​ខេត្តបាត់ដំបង និង​ប៉ៃលិន កាលពី​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​៦ ខែមករា​រួច​មក ពេល​នេះ រដ្ឋបាល​គយ​ចិន​អាច​ទទួលយក​បាន​នូវ​គុណភាព​របស់​ផ្លែ​មៀន​ប៉ៃលិន​កម្ពុជា សម្រាប់​នាំ​ចេញ​ទៅ​ទីផ្សារ​ចិន​ដោយ​ផ្ទាល់​ហើយ​។ ក៏​ប៉ុន្តែ ជាមួយ​គ្នា​នោះ ភាគី​ចិន​ក៏​បាន​ស្នើ​ឱ្យ​កម្ពុជា បន្ថែម​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន​ដែល​ចាំបាច់ ជា​ពិសេស​គឺ​ឃ្លាំង​ត្រជាក់ ខណៈ​ក្រសួង​កំពុង​ជំរុញ​ការ​សាងសង់​ឃ្លាំង​ត្រជាក់​ឱ្យ​បាន​ឆាប់ នៅ​ក្នុង​អំឡុង​ខែមករា នេះ​។ រដ្ឋមន្ត្រី​ក្រួ​ង​កសិកម្ម​កម្ពុជា​បាន​បន្ថែម​ថា ភាគី​ចិន នឹង​រៀបចំ​ពិធីសារ​មួយ​ដែល​រៀបរាប់​អំពី​លក្ខខណ្ឌ​តម្រូវ​ចាំបាច់​បន្ថែម​សម្រាប់​កម្ពុជា ដើម្បី​អាច​នាំ​ចេញ​ផ្លែ​មៀន​ទៅ​កាន់​ទីផ្សារ​ចិន ខណៈ​ត្រី​ប្រា នឹង​ចាប់ផ្ដើម​នៅ​ស​ប្ដា​ហ៍​ក្រោយ​។

គួរ​រំឭក​ថា ដើម្បី​អនុវត្ត​កុងសង់ស៊ីស​ពាក់ព័ន្ធ ដែល​ថ្នាក់ដឹកនាំ​ចិន​និង​កម្ពុជា កំណត់​ជូន​និង​ដើម្បី​បញ្ចប់​នីតិវិធី​តេស្ត និង​ត្រួតពិនិត្យ​លើ​ផ្លែ​មៀន​កម្ពុជា ដែល​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន​ឱ្យ​បាន​ឆាប់រហ័ស កាលពី​ថ្ងៃ​ទី​៤-​ថ្ងៃ​ទី​៦ ខែមករា រដ្ឋបាល​គយ​ប្រទេស​ចិន បាន​ធ្វើការ​វិភាគ​ហានិភ័យ​និង​ការ​ត្រួតពិនិត្យ​ផ្លែ​មៀន​កម្ពុជា តាម​រយៈ​វី​ឌី​អូ ដែល​មានការ​ចូលរួម​ពី​មន្ត្រី​តំណាង​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា និង​មន្ត្រី​តំណាង​ក្រសួងកសិកម្ម កម្ពុជា បាន​ចូលរួម​ត្រួតពិនិត្យ​នៅ​ទីតាំង​ផ្ទាល់​។ នេះ​បើ​តាម​ការ​អះអាង​ពី​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​។

ដំណើរការ​នៃ​ការ​ចុះ​ពិនិត្យ​នោះ បាន​ធ្វើ​ឡើង​លើ​ចម្ការ​ផ្លែ​មៀន​ចំនួន ៣​កន្លែង ក្នុង​ខេត្ត​ប៉ៃលិន​និង​ខេត្តបាត់ដំបង និង​រោងចក្រ​វេច​ខ្ចប់​ចំនួន ២​កន្លែង​ក្នុង​ខេត្ត​ប៉ៃលិន និង​ខេត្តកំពង់ស្ពឺ ព្រមទាំង​មន្ទីរពិសោធន៍​ភូតគាម​អនាម័យ និង​មន្ទីរពិសោធន៍​គុណភាព​សុវត្ថិភាព នៃ​ក្រសួងកសិកម្ម ផង​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋបានចំណូលជាង១,៦លានដុល្លារពីការចម្រាញ់រ៉ែមាសគិតត្រឹមដំណាច់ឆ្នាំ២០២១

ព័ត៌មាន
គិតចាប់តាំងពីបានចាប់ផ្ដើមឧស្សាហកម្មរ៉ែមាសលើកដំបូងកាលពីខែមិថុនា រហូតដល់ដំណាច់ឆ្នាំ២០២១ កម្ពុជាទទួលបានចំណូលមិនមែនសារពើពន្ធប្រមាណ ១លាន…

ចិនថានឹងគ្មានការបិទខ្ទប់ក្រុងប៉េកាំងព្រោះអូមីក្រុងទេ និងធានាមិនឲ្យប៉ះពាល់ដល់កីឡាអូឡាំពិក

ព័ត៌មាន
បើទោះបីជាចិនកំពុងមានក្តីបារម្ភពីកំណើនកូវីដ១៩នៅក្នុងប្រទេស ពិសេសវត្តមានកូវីដ១៩អូមីក្រុងនៅក្នុងសហគមន៍យ៉ាងណាក្តី ក៏ចិនគ្មានផែនការបិទខ្ទប់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ