ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ កត់សម្គាល់ឃើញថា ក្រោយរាជរដ្ឋាភិបាលកម្ពុជាដាក់ឱ្យអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤»រួចមក មានក្រុមវិនិយោគិនជាច្រើនបានចាប់អារម្មណ៍ និងមានការស្នើសុំចុះបញ្ជីវិនិយោគជាមួយអាជ្ញាធរជាបន្តបន្ទាប់នៅក្នុងខេត្តជាប់មាត់សមុទ្រមួយនេះ។ ទន្ទឹមនឹងការវិនិយោគមានភាពល្អប្រសើរ ការធ្វើអាជីវកម្មនានា និងការមកកម្សាន្តរបស់អ្នកទេសចរជាតិ និងអន្តរជាតិមកកាន់ខេត្តនេះ ក៏មានសកម្មភាពមមាញឹក និងកើនឡើងផងដែរ។ នេះបើតាមការអះអាងរបស់ឯកឧត្តម ឡុង ឌីម៉ង់។
«កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» គឺជាគំនិតផ្តួចផ្តើមថ្មីមួយក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការបម្រើជាតិ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានមានប្រសាសន៍កាលពេលកន្លកមកថា ការដាក់ចេញ«កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ»នេះ គឺសំដៅជួយកសាងខេត្តព្រះសីហនុទៅជាខេត្តឈានមុខ និងជាខេត្តគំរូក្នុងការជំរុញការវិនិយោគ និងការអភិវឌ្ឍឧស្សាហកម្ម ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ប្រែក្លាយខេត្តនេះទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ព្រមទាំងចូលរួមពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចឱ្យកាន់តែស្ទុះឡើង ក្នុងរយៈពេលខ្លី។
សូមបញ្ជាក់ថា «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» ត្រូវបានរៀបចំឡើងសំដៅជួយដោះស្រាយគម្រោងវិនិយោគជាប់គាំង និងបញ្ហាប្រឈមនានារបស់វិស័យឯកជនតាមរយៈការជួយសម្របសម្រួលនៅនឹងកន្លែង និងការផ្តល់ការគាំទ្រ ទាំងផ្នែកសារពើពន្ធ និងមិនមែនសារពើពន្ធជូនវិនិយោគិន និងធុរជន ព្រមជាមួយនឹងការជំរុញលើកកម្ពស់វិស័យឧស្សាហកម្មនានា ដោយផ្តោតលើការអភិវឌ្ឍតំបន់ឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ក៏ដូចជាការបង្កើនសមត្ថភាពស្ថាប័នអនុវត្ត និងភាគីពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ៕
អត្ថបទ៖ បូ ដូឡា