វិស័យធនាគារ

តើការជំរុញកំណើនប្រើប្រាស់ប្រាក់រៀលក្នុងប្រព័ន្ធធនាគារ មានសារសំខាន់យ៉ាងណាចំពោះសេដ្ឋកិច្ច?


សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានគូសបញ្ជាក់ថា វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា បានក្លាយជាកម្លាំងចលករដ៏សំខាន់នៅក្នុងសេដ្ឋកិច្ចជាតិ ដោយបានជួយជំរុញឱ្យមានកំណើនគួរឱ្យកត់សម្គាល់នូវការប្រើប្រាស់ប្រាក់រៀលក្នុងឆ្នាំ២០២៣ កន្លងទៅ។ ជាក់ស្តែងក្នុងឆ្នាំ២០២៣ ឥណទានជាប្រាក់រៀលក្នុងវិស័យមីក្រូហិរញ្ញវត្ថុបានកើនឡើង២៥% ខណៈដែលប្រាក់បញ្ញើជាប្រាក់រៀលបានកើនឡើង១៦%។ អ្នកជំនាញអះអាងថា កំណើននៃការប្រើប្រាស់ប្រាក់រៀលកាន់តែច្រើន ពិតជាបានជួយជំរុញឱ្យមានផលចំណេញដល់សេដ្ឋកិច្ច និងជំរុញឯករាជ្យភាពនៃរូបិយប័ណ្ណជាតិ។
វិស័យធនាគារ
ដោយ

លោកជំទាវ ឌិត នីតា ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានគូសបញ្ជាក់ថា ក្រោមកិច្ចខិតខំប្រឹងប្រែងដឹកនាំដោយធនាគារជាតិនៃកម្ពុជា សមាជិកនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានខិតខំឈ្មុសឈ្មុលធ្វើដំណើរឆ្ពោះទៅរកការបង្កើនការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក ដោយពង្រឹងតួនាទី និងភាពធន់របស់ប្រាក់រៀលក្នុងរចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជា។

ជាក់ស្តែង គិតត្រឹមដំណាច់ឆ្នាំ២០២៣ វិស័យមីក្រូហិរញ្ញវត្ថុសម្រេចបានសមិទ្ធផលដ៏សំខាន់ ដោយឥណទានជាប្រាក់រៀលបានកើនឡើងដល់២៥% នៃផលបត្រឥណទានសរុប ខណៈដែលប្រាក់បញ្ញើជាប្រាក់រៀលបានកើនឡើង១៦%នៃប្រាក់បញ្ញើសរុប​។ ដោយតួលេខនេះកើនលើសកម្រិតកំណត់ដោយបទប្បញ្ញត្តិ ដែលបង្ហាញពីការកើនឡើងទំនុកចិត្តលើរូបិយប័ណ្ណជាតិ។

លោកជំទាវ ឌិត នីតា បាននគូសបញ្ជាក់ថា វិធីសាស្រ្តដ៏មានប្រសិទ្ធភាព ដែលសមាគមបានអនុវត្តក្នុងឆ្នាំ២០២៣ ត្រូវបានរៀបចំឡើង ដើម្បីលើកកម្ពស់តួនាទីរបស់ប្រាក់រៀលក្នុងប្រតិបត្តិការហិរញ្ញវត្ថុ និងធ្វើឱ្យទំនាក់ទំនងរវាងសហគមន៍ និងរូបិយប័ណ្ណជាតិ កាន់តែមានភាពស៊ីជម្រៅ។កិច្ចខិតខំប្រឹងប្រែងនេះមានសារសំខាន់ណាស់ ក្នុងការបង្កើតប្រព័ន្ធអេកូឡូស៊ី នៃវិស័យហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន និងមានភាពធន់។

ថ្នាក់ដឹកនាំរូបនេះបានបន្ថែមទៀតថា ឥណទានក្នុងវិស័យមីក្រូហិរញ្ញវត្ថុបានជះឥទ្ធិពលខ្លាំងលើសេដ្ឋកិច្ចកម្ពុជា តាមរយៈវិស័យមួយចំនួនដូចជាគ្រួសារ ពាណិជ្ជកម្ម កសិកម្ម និងផ្នែកផ្សេង​ៗទៀត ដោយអន្តរាគមន៍ នៃឥណទានតាមវិស័យគោលដៅដ៏ច្បាស់លាស់នេះ មិនត្រឹមតែបានជំរុញសកម្មភាពសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងបានសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់របស់វិស័យមីក្រូហិរញ្ញវត្ថុក្នុងការគាំទ្រការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា ផងដែរ។

លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនង និងជាអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានគូសបញ្ជាក់ថា កំណើននៃការប្រើប្រាស់ប្រាក់រៀលកាន់តែច្រើនទាំងក្នុងវិស័យធនាគារ និងវិស័យមីក្រូហិរញ្ញវត្ថុ ប្រាកដណាស់វានឹងជួយជំរុញឱ្យមានផលចំណេញច្រើនដល់ផ្នែកសេដ្ឋកិច្ច ជំរុញឯករាជ្យភាពនៃរូបិយប័ណ្ណជាតិ ជាពិសេសរាជរដ្ឋាភិបាលតាមរយៈធនាគារជាតិននៃកម្ពុជានឹងកាន់តែមានឥទ្ធិពលបន្ថែមទៅលើការអន្តរាគមន៍លើគោលនយោបាយរូបិយប័ណ្ណផ្សេងៗផងដែរ។ យ៉ាងណាមិញ សម្រាប់ឆ្នាំ២០២៤ នេះ លោក កាំង តុងងី បញ្ជាក់ដែរថា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក៏នឹងបន្តជំរុញកំណើននៃការប្រើប្រាស់ប្រាក់រៀលនៅក្នុងប្រព័ន្ធសេដ្ឋកិច្ចកម្ពុជាបន្ថែមទៀតផងដែរ។

​គួរជម្រាបថា ក្រោមការដឹកនាំរបស់ធនាគារជាតិនៃកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងភាគីពាក់ព័ន្ធបានធ្វើកិច្ចសហប្រតិបត្តិការជាច្រើន ដើម្បីបង្កើនការយល់ដឹងរបស់សាធារណជនអំពីការប្រើប្រាស់ប្រាក់រៀល។ គំនិតផ្តួចផ្តើមនានា ដែលផ្តោតលើការធ្វើឱ្យប្រសើរឡើងនូវចំណេះដឹងផ្នែកហិរញ្ញវត្ថុ ការជំរុញឱ្យមានការធ្វើប្រតិបត្តិការទូទាត់ឌីជីថលជាប្រាក់រៀល និងការលើកឡើងពីគុណសម្បត្តិប្រព័ន្ធរូបិយប័ណ្ណក្នុងស្រុកដ៏រឹងមាំ ពិតជាមានសារៈសំខាន់ណាស់។ នេះបើតាមការបញ្ចាក់របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា

ព័ត៌មាន
ភ្នំពេញ៖ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានដឹកនាំកិច្ច…

តើការវិនិយោគនៅខេត្តព្រះសីហនុមានការប្រែប្រួលយ៉ាងណា ក្រោយរដ្ឋាភិបាលដាក់ចេញផែនការជំរុញការវិនិយោគមួយរយៈកន្លងមកនេះ?

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់រដ្ឋបាលខេត្តព្រះសីះហនុ បានអះអាងថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តកម្មវិធីពិសេស«ជំរុញការវិនិយោគក្នុងខ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ