បើទោះបីជាតម្លៃប្រេងនៅលើទីផ្សារពិភពលោករួមទាំងកម្ពុជា បានហក់ឡើងខ្ពស់យ៉ាងណាក្តី ប៉ុន្តែសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុករបស់កម្ពុជា មិនទាន់មានការប្រែប្រួលតម្លៃគួរឱ្យកត់សម្គាល់នៅឡើយទេ។ នេះបើយោងតាមការបញ្ជាក់របស់លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក ប្រចាំកម្ពុជា។ ទោះជាយ៉ាងណា លោកបានបង្ហើបថា ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ ធំៗចំនួន៤ រួមមាន Malaysia Airlines, Vietnam Airlines, Philippine Airlines និង Cathay Pacific បានចាប់ផ្តើមដំឡើងថ្លៃសំបុត្រចន្លោះពី១០ដុល្លារដល់១០០ដុល្លាររួចស្រេចទៅហើយ។ អ្នកជំនាញរូបនេះបានបង្ហាញក្តីបារម្ភថា ការកើនឡើងថ្លៃដើម នៃការដឹកជញ្ជូន នឹងក្លាយជាឧបសគ្គដល់ការស្តារឡើងវិញ នៃវិស័យទេសចរណ៍កម្ពុជា។
មិនខុសគ្នានោះទេ លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា មានការបារម្ភថា ប្រសិនបើតម្លៃសំបុត្រយន្តហោះបន្តឡើងថ្លៃ នោះវានឹងធ្វើឱ្យប៉ះពាល់ដោយផ្ទាល់ដល់ការសម្រេចចិត្តរបស់អ្នកទេសចរ ព្រោះកាលណាការចំណាយលើការធ្វើដំណើរខ្ពស់ពេក ភ្ញៀវទេសចរអាចនឹងងាកទៅរកគោលដៅផ្សេង ដែលចំណាយតិចជាង ដើម្បីកាត់បន្ថយការចំណាយ ដែលនេះគឺជាហានិភ័យសម្រាប់កម្ពុជា។
ពាក់ព័ន្ធបញ្ហានេះដែរ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល បានគូសបញ្ជាក់ថា ការកើនឡើងតម្លៃប្រេងពុំទាន់បង្កផលប៉ះពាល់ដល់ក្រុមហ៊ុនអាកាសចរណ៍ភ្លាមៗនោះទេ ដោយសារតែក្រុមហ៊ុននីមួយៗបានទិញប្រេងឥន្ធនៈបម្រុងទុក ដែលអាចប្រើប្រាស់បានក្នុងរយៈពេលពី១ទៅ២ខែឯណោះ។
ទោះជាយ៉ាងណា ឯកឧត្តម បានគូសបញ្ជាក់ថា វិបត្តិនៅមជ្ឈិមបូព៌ា មិនត្រឹមតែប៉ះពាល់ដល់តម្លៃប្រេងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរំខានដល់បណ្តាញតភ្ជាប់ជើងហោះហើររវាងអឺរ៉ុប អាម៉េរិក និងអាស៊ីផងដែរ។ បញ្ហានេះបានធ្វើឱ្យប៉ះពាល់ដល់ការតភ្ជាប់ជើងហោះហើរមកកម្ពុជា ប្រមាណ៥២ជើង និងរំខានដល់អ្នកដំណើរប្រហែល១ម៉ឺននាក់ក្នុងមួយសប្តាហ៍។ ទោះជាបែបនេះក្តី អ្នកនាំពាក្យរូបនេះអះអាងថា អ្នកដំណើរនៅតែអាចធ្វើដំណើរមកកម្ពុជាបានជាធម្មតា តាមរយៈជម្រើសក្រុមហ៊ុនអាកាសចរណ៍ផ្សេងៗទៀត ដែលមិនរងផលប៉ះពាល់ផ្ទាល់ពីសង្គ្រាម៕
អត្ថបទ៖ បូ ដូឡា