
ពាក់ព័ន្ធបញ្ហានេះប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកឱ្យពលរដ្ឋមានប្រុងប្រយ័ត្នឱ្យបានខ្ពស់លើបញ្ហានេះ ហើយមុននឹងជឿត្រូវពិនិត្យពិចៃឱ្យបានច្បាស់លាស់។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពកត់សម្គាល់ឃើញថា ការបង្កើតរូបភាពដោយប្រើបច្ចេកវិទ្យា AI យកទៅប្រព្រឹត្តអំពើឆបោកក្រោមរូបភាពផ្សេងៗកំពុងក្លាយជាក្ដីកង្វល់ដ៏ធំសំខាន់មួយសម្រាប់សង្គម ដ្បិតបញ្ហានេះមិនត្រឹមតែធ្វើឱ្យពលរដ្ឋមួយចំនួនប្រឈមនឹងការរងគ្រោះដោយសារអំពើឆបោកនោះទេ ថែមទាំងធ្វើឱ្យមហាជនបាត់បង់ទំនុកចិត្តដល់អ្នកដែលមានបញ្ហាពិតប្រាកដផងដែរ។ បើតាមលោក យង់ គិមអេង ការឆបោកដោយប្រើប្រាស់រូបភាព AI នេះ បានជះផលប៉ះពាល់ខ្លាំងដល់ប្រជាពលរដ្ឋ ដែលមិនមានចំណេះដឹងផ្នែកបច្ចេកវិទ្យាគ្រប់គ្រាន់ ដែលធ្វើឱ្យពួកគេងាយនឹងធ្លាក់ចូលអន្ទាក់នៃការបោកប្រាស់របស់ក្រុមឆ្លៀតឱកាស។ ទន្ទឹមនឹងនេះ លោក ស្នើឱ្យរដ្ឋាភិបាលចែកចាយព័ត៌មានឱ្យបានទូលំទូលាយបន្ថែមទៀត ដើម្បីណែនាំឱ្យប្រជាពលរដ្ឋអាចមានសមត្ថភាពដឹងមួយណាជារូបភាពបង្កើតឡើងដោយ AI និងរូបភាពពិត។
ជាមួយគ្នានេះ លោកបណ្ឌិត ឈត ប៊ុនថង អ្នកស្រាវជ្រាវ និងជាអ្នកជំនាញទស្សនវិជ្ជា នៃរាជបណ្ឌិត្យសភាកម្ពុជាកត់សម្គាល់ឃើញថា ការប្រើប្រាស់បច្ចេកវិទ្យា AI ពិតជាបានជួយសម្រួលកិច្ចការងារប្រចាំថ្ងៃដល់មនុស្សភាគច្រើនក៏ពិតមែន តែទន្ទឹមនឹងបានផ្ដល់អត្ថប្រយោជន៍ក៏មានជនឆ្លៀតឱកាសប្រើប្រាស់ AI ដើម្បីបង្កើតរូបភាពក្លែងបន្លំ ដើម្បីបោកប្រាស់ថវិកាពីសប្បុរសជនផងដែរ។ លោកបណ្ឌិតបានបន្ថែមថា កាលបច្ចេកវិទ្យា AI មិនទាន់មានភាពជឿនលឿនការឆបោកធ្វើឡើងក្រោមរូបភាពបន្លំធ្វើជាសាច់ញាតិរបស់ជនរងគ្រោះតែប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នសម័យ AI កំពុងជឿនលៀនដូច្នេះការបោកប្រាស់ ក៏ជឿនលឿនទៅតាមនឹងដែរ ដែលកំពុងទាញអ្នកដែលមានចិត្តសប្បុរសងាយនឹងក្លាយជាជនរងគ្រោះ។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានគូសបញ្ជាក់ថា ថ្មីៗនេះមានការផ្សព្វផ្សាយតាមរយៈបណ្តាញទំនាក់ទំនងសង្គមនូវរូបភាពកុមារកំព្រា ជនពិការ ដ៏គួរឱ្យសោកសង្រែងកំពុងត្រូវការជំនួយសប្បុរសសង្គ្រោះបន្ទាន់ ដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ពីជនខិលខូចក្នុងគោលដៅឆបោកប្រាក់ប្រជាពលរដ្ឋស្លូតត្រង់ ដែលមានចិត្តអាណិតអាសូរពិតប្រាក។ ដោយសារបច្ចេកវិទ្យា AI កាន់តែមានភាពរីកចម្រើនការបង្កើតរូបភាពសិប្បនិម្មិតនានាកាន់តែមានភាពស្រដៀងទៅនឹងរូបភាពពិតប្រាកដជាខ្លាំង ដែលធ្វើឱ្យសាធារណជនទូទៅកាន់តែមានផលពិបាកក្នុងការបែកចែករវាងរូបភាពពិតប្រាកដ និងរូបភាពសិប្បនិម្មិត។
ពាក់ព័ន្ធគ្នានេះឧត្ដមសេនីយ៍ទោ សុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានប្រាប់សារព័ត៌មានខេមបូណូមីសថា ក្រោយមានករណីខាងលើកើតឡើងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាកំពុងរៀបចំផែនការបញ្ជ្រាបចំណេះដឹងផ្នែកបច្ចេកវិទ្យាដល់ប្រជាពលរដ្ឋតាមរយៈបណ្ដាញសង្គម តាមសារព័ត៌មាន វគ្គបណ្តុះបណ្តាល និងកម្មវិធីផ្សេងៗ ដើម្បីចែករំលែកឱ្យពលរដ្ឋមានសមត្ថភាពយល់ដឹងពីរូបភាពបង្កើតឡើងដោយ AI។
ដើម្បីបង្ការ និងទប់ស្កាត់ការឆបោកតាមបណ្តាញសង្គមដោយបច្ចេកវិទ្យា AI នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកឱ្យសាធារណជនបង្កើនការប្រុងប្រយ័ត្ន និងជៀសវាងធ្វើសកម្មភាពមួយចំនួនដូចជាកុំបរិច្ចាគប្រាក់ទៅលើមូលនិធិ ដែលគ្មានប្រភពច្បាស់លាស់តាមបណ្តាញសង្គម, កុំចុចតំណភ្ជាប់នានា ដែលគ្មានប្រភពច្បាស់លាស់, រាយការណ៍មកកាន់សមត្ថកិច្ចជំនាញ ដែលនៅជិតលោកអ្នកបំផុត, កុំចែករំលែកបន្តនៅលើគណនីបណ្តាញសង្គមរបស់លោកអ្នក និងចូលរួមរាយការណ៍ទៅកាន់ក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គមតាមរយៈ Report ដូចជា Facebook, Telegram, TikTok សម្រាប់ករណីក្លែងក្លាយខាងលើ៕