នេះបើតាមការរាយការណ៍មួយដោយសារព័ត៌មានវៀតណាម VN Express។
នៅក្នុងកិច្ចប្រជុំជាមួយនឹងប្រធានរដ្ឋសភាវៀតណាម, តំណាងអង្គការ UNDP ប្រចាំប្រទេសវៀតណាម លោក ថឺរេនស៍ ចន (Terrence Jones) បានសង្កត់ធ្ងន់ ទៅលើសារសំខាន់នៃការផ្ដល់ការគាំទ្រផ្នែកថវិកា ដើម្បីជួយទៅដល់ជនងាយរងគ្រោះក្នុងអំឡុងពេលវិបត្តិកូវីដ១៩កំពុងរាតត្បាតខ្លាំងនៅវៀតណាម។ មែនទែនទៅ កន្លងមកនេះ វៀតណាមបានបញ្ចេញកញ្ចប់ថវិកាគាំទ្រដល់ពលរដ្ឋរងគ្រោះដោយសារកូវីដ១៩ ចំនួន២លើករួចមកហើយ ដោយកាលពីខែមេសាឆ្នាំមុន វៀតណាមចំណាយជាង ២ពាន់៧រយលានដុល្លារអាមេរិក ហើយនៅក្នុងខែកក្កដាឆ្នាំ២០២១នេះ ក៏បានចំណាយប្រមាណជាង ១ពាន់១រយលានដុល្លារអាមេរិកបន្ថែមទៀតផងដែរ។
ទោះជាបែបនេះក្ដី បើតាមតំណាងអង្គការ UNDP ប្រចាំប្រទេសវៀតណាម បានអះអាងថា កញ្ចប់ថវិកាទាំងនេះ គឺមិនទាន់គ្រប់គ្រាន់ដើម្បីការពារពលរដ្ឋវៀតណាម ដែលបានបាត់បង់ប្រាក់ចំណូលដោយសារតែវិធានការគម្លាតសង្គមរបស់រដ្ឋាភិបាលនោះទេ។
អ្នកជំនាញសេដ្ឋកិច្ចអះអាងថា ការគាំទ្រផ្នែកថវិកាបន្ថែម នឹងជួយជំរុញកំណើនសេដ្ឋកិច្ចវៀតណាម ហើយក្នុងនោះ ថវិកាប្រមាណ ៣ពាន់៤រយលានដុល្លារអាមេរិកបន្ថែមទៀត គួរតែត្រូវបានរដ្ឋាភិបាលបញ្ចេញបន្ថែមនៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០២១នេះ។
សេដ្ឋវិទូ និងជាអ្នកដឹកនាំកម្មវិធីរបស់ធនាគារពិភពលោកប្រចាំវៀតណាម លោក ហ្សេក ម៉ូអ៊ីសេត (Jacques Morisset) បាននិយាយថា កម្មវិធីគាំទ្រសង្គម អាចនឹងជួយកាត់បន្ថយបន្ទុកសេដ្ឋកិច្ច ហើយអាចជួយពលរដ្ឋរងគ្រោះចេញពីការធ្លាក់ចូលទៅក្នុងវិបត្តិហិរញ្ញវត្ថុ។
សេដ្ឋវិទូដដែលនេះ ក៏បានបន្ថែមទៀតថា ដើម្បីធ្វើឲ្យប្រទេសអាចរស់តាមបែបគន្លងថ្មីបាន រដ្ឋាភិបាលវៀតណាមត្រូវការជំរុញលើការចាក់វ៉ាក់សាំង ការធ្វើតេស្ដកូវីដ១៩ និងគ្រប់គ្រងការឆ្លងរីករាលដាលនៃមេរោគ និងកម្រិតផលប៉ះពាល់មកលើសេដ្ឋកិច្ចជាដើម។
ដើម្បីរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច សេដ្ឋវិទូធនាគារពិភពលោក បានស្នើរដ្ឋាភិបាលវៀតណាមឲ្យមានការផ្តោតការយកចិត្តទុកដាក់លើគោលនយោបាយសារពើពន្ធ និងបន្ថយគោលនយោបាយរូបិយវត្ថុ ព្រោះថា នៅពេលក្រោយវាអាចនឹងបង្កើនហានិភ័យផ្នែកហិរញ្ញវត្ថុ ដោយសារតែបំណុលអាក្រក់កើនឡើង និងខ្វះតម្លាភាពនៅក្នុងកញ្ចប់ថវិកាគាំទ្រ។
ប្រធានសេដ្ឋវិទូនៃធនាគារផ្ដល់ប្រាក់កម្ចី BIDV ដែលគ្រប់គ្រងដោយរដ្ឋវៀតណាម គឺលោក ខាន វ៉ាន់ លុក បាននិយាយថា វៀតណាម បានបែងចែកថវិកាប្រហែល២% នៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួនកាលពីឆ្នាំមុន ហើយនៅឆ្នាំនេះ គឺមានការបែងចែងថវិកាបន្ថែមទៀតប្រមាណតិចជាង ១%នៃផលិតផលក្នុងស្រុកសរុប លើការគាំទ្រសារពើពន្ធ និងរូបិយវត្ថុសម្ដៅជួយដល់អាជីវកម្ម និងប្រជាជន ដែលរងទុក្ខដោយសារកូវីដ១៩។ នេះបើតាមទិន្នន័យស្រាវជ្រាវដោយធនាគាររដ្ឋ BIDV។
សូមបញ្ជាក់ថា បើតាមការព្យាករថ្មីចុងក្រោយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB សេដ្ឋកិច្ចវៀតណាមនៅឆ្នាំ២០២១នេះ នឹងមានកំណើនត្រឹមតែ ៣,៨%ប៉ុណ្ណោះ ដោយសារតែផលប៉ះពាល់នៃការកើនឡើងករណីឆ្លងកូវីដ១៩ ដែលរំខានទៅដល់ខ្សែចង្វាក់ផ្គត់ផ្គង់។ ការព្យាករចុងក្រោយរបស់ADBចំពោះសេដ្ឋកិច្ចវៀតណាម នៅខែកញ្ញានេះ គឺបានបន្ទាបការព្យាករកាន់តែទាបជាងមុន ពោលគឺនៅខែកក្កដា ធនាគារ ADB ធ្លាប់ព្យាករថា សេដ្ឋកិច្ចវៀតណាមនឹងកើន ៥,៨%ឯណោះ៕
អត្ថបទ៖ ស៊ើង និមល់