តាមការចុះផ្សាយពីសារព័ត៌មាន Business Insider នៅក្នុងការរៀបចំការប្រកួត World Cup 2018 ប្រទេសរុស្ស៊ីបានចំណាយប្រាក់ប្រមាណ ២៨០០ លានដុល្លារ ដើម្បីកសាង និងកែលម្អពហុកីឡដ្ឋានធំៗ ចំនួន ១២ នៅទូទាំងទីក្រុងចំនួន ១១។ បន្ថែមពីលើទឹកប្រាក់ជិត ៣ពាន់លានដុល្លារនេះ រុស្ស៊ី ក៏បានចំណាយប្រមាណជាង ៨ពាន់លានដុល្លារអាមេរិកបន្ថែមទៀត សម្រាប់គម្រោងការកែលម្អ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានា ដូចជា ការរៀបចំ និងសាងសង់ផ្លូវថ្នល់ ស្ថានីយរថភ្លើង និងព្រលានយន្ដហោះជាដើម។
ជាមួយគ្នានេះ បើតាមការចុះផ្សាយពីសារព័ត៌មានល្បីៗមួយចំនួនទៀត បានឲ្យដឹងថា ការចំណាយសរុបរបស់រុស្ស៊ី សម្រាប់រៀបចំកម្មវិធី World Cup ឆ្នាំនេះ មានប្រមាណជិត ១២ពាន់លានដុល្លារអាមេរិក ប៉ុន្ដែការចំណាយនេះ នៅមានចំនួនតិចជាងការចំណាយ របស់ប្រស៊ីល ដែលធ្លាប់ធ្វើជាម្ចាស់ផ្ទះកាលពីឆ្នាំ២០១៤ ដែលអំឡុងពេលនោះ ប្រេស៊ីលចំណាយអស់ប្រមាណ ១៥ពាន់លានដុល្លារអាមេរិក។
តាមការចុះផ្សាយពីសារព័ត៌មាន CNBC ឃើញថា FIFA ត្រូវបានគេរំពឹងថា នឹងប្រមូលប្រាក់ចំណូលបានប្រហែលជា ៦ ពាន់លានដុល្លារ ពីការប្រកួត World Cup ឆ្នាំ 2018នេះ ដែលអាចកើនឡើង ២៥ ភាគរយ ធៀបនឹងការប្រកួតនារដូវកាលមុន។
ការប្រកួតបាល់ទាត់ពិភពលោក World Cup គឺជាព្រឹត្តិការណ៍កីឡាបាល់ទាត់ ដែលរកប្រាក់ចំណូលច្រើនបំផុត ហើយក៏មានចំណាយប្រាក់ច្រើនលើសលុបផងដែរ។ FIFA ដែលជាអ្នកដឹកនាំការប្រកួតកីឡាបាល់ទាត់ នៅជុំវិញពិភពលោក តែងតែរកចំណូលបាន រាប់ពាន់លានដុល្លារ រៀងរាល់បួនឆ្នាំម្តងពីការប្រកួតបាល់ទាត់ពិភពលោក World Cup នេះ ខណៈដែលប្រទេសរៀបចំការប្រកួត នឹងត្រូវចំណាយទឹកប្រាក់មិនក្រោម ១០ ពាន់លានដុល្លារអាមេរិកនោះឡើយ។
យ៉ាងណាក៏ដោយចុះ បើតាមការចុះផ្សាយរបស់ BBC ចំណូល ដែលបានមកពីម្ចាស់ឧបត្ថម្ភ កម្មវិធី World Cup បានធ្លាក់ចុះគួរឲ្យកត់សម្គាល់ នៅចន្លោះរដូវកាលប្រកួតកាលពីឆ្នាំ២០១៤ នៅប្រទេសប្រស៊ីល និងរដូវកាលប្រកួតនៅរុស្ស៊ីនៅឆ្នាំនេះ ពោលគឺ តាមការព្យាកររបស់ ស្ថាប័ន Nielsen Sport ចំណូលរបស់ FIFA ធ្លាក់ចុះ ពីជាង ១ ៦០០លានដុល្លារអាមេរិក មកនៅត្រឹមតែជាង ១ ៤០០លានដុល្លារអាមេរិកប៉ុណ្ណោះ។
តាមការស្រាវជ្រាវខាងលើនេះ បានឲ្យដឹងថា នៅឆ្នាំ ២០១៥ ដល់ឆ្នាំ២០១៨ ការលក់ការផ្សាយពាណិជ្ជកម្មទៅឲ្យម្ចាស់ឧបត្ថម្ភកម្មវិធី ឬ Sponsor គឺពិតជាមានការលំបាកខ្លាំងណាស់ បើធៀបនឹងកាលពីរដូវកាលមុនៗ។
ទោះយ៉ាងណា ម្ចាស់ឧបត្ថម្ភកម្មវិធីថ្មីៗ រួមទាំងមកពីប្រទេសចិនផងនោះ គេសង្ឃឹមថានឹងជួយឲ្យ FIFA អាចរកចំណូលបានលើសពីការព្យាករនេះ។