ការឈ្លានពានជាថ្មីរបស់យោធាថៃ

តើកម្ពុជា គួរឆ្លើយតបបែបណា ក្រោយថៃ បាញ់ផ្សែងពុល និងប្រើយន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់លើកម្ពុជា?


យោធាថៃ បានបាញ់ប្រហារជាថ្មីមកលើកម្ពុជា នៅទីតាំងជាច្រើនកន្លែង ដោយប្រើប្រាស់អាវុធធុនធំគ្រប់ភេទ រួមទាំងបាញ់ផ្សែងពុល និងប្រើយន្តហោះចម្បាំង F-16 ទម្លាប់គ្រាប់ផងដែរ។ កម្ពុជា បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ និងស្នើឱ្យសហគមន៍អន្តរជាតិរួមគ្នាថ្កោលទោសចំពោះអំពើដ៏សាហាវព្រៃផ្សៃ និងយង់ឃ្នងរបស់យោធាថៃ ដោយទង្វើនេះបានបង្ហាញយ៉ាងច្បាស់ថា ភាគីថៃ បានរំលោភបំពានលើបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួម ស្តីពី កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។
ការឈ្លានពានជាថ្មីរបស់យោធាថៃ
ដោយ

លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវកត់សម្គាល់ឃើញថា ភាពតានតឹងដែលបង្កឡើងជាថ្មីពីសំណាក់យោធាថៃនេះ បានបង្ហាញឱ្យឃើញពីការឃ្លាតឆ្ងាយរបស់ថៃ ចេញពីគោលការណ៍ច្បាប់អន្តរជាតិ និងមិនខ្វល់ពីសហគមន៍អាស៊ាន។ នៅក្នុងស្ថានការណ៍នេះ អ្នកជំនាញរូបនេះ យល់ថា ថ្នាក់ដឹកនាំកម្ពុជា គួរធ្វើទំនាក់ទំនងជាមួយថ្នាក់ដឹកនាំ នៃបណ្ដាប្រទេសក្នុងសហគមន៍អន្តរជាតិ និងរៀបចំឯកសារប្ដឹងប្រទេសថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ តែម្ដង។

ជាមួយគ្នានេះ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្រ្តនយោបាយ សង្កេតឃើញថា ការបើកការឈ្លានពានយ៉ាងសាហាវព្រៃផ្សៃរបស់យោធាថៃ មកលើកងកម្លាំង និងជនស៊ីវិលកម្ពុជា សាជាថ្មីនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីបង្វែរការចាប់អារម្មណ៍របស់ពលរដ្ឋថៃ ចំពោះបញ្ហាជម្លោះផ្ទៃក្នុង ដែលកំពុងកើតឡើងនៅក្នុងប្រទេសថៃ។ ការណ៍នេះ ត្រូវបានអ្នកជំនាញរូបនេះយល់ថា ថៃ កំពុងចាកឆ្ងាយពីការគោរពសិទ្ធិមនុស្ស ក៏ដូចជាច្បាប់អន្តរជាតិ។ បើតាមលោកបណ្ឌិត យង់ ពៅ នៅក្នុងស្ថានការណ៍នេះ សហគមន៍អន្តរជាតិ គួរមានការថ្កោលទោស និងដាក់សម្ពាធឱ្យបានធ្ងន់ធ្ងរ ព្រមទាំងមានសកម្មភាពជាក់ស្ដែង ដើម្បីទប់ទល់នឹងភាពគឃ្លើនរបស់ប្រទេសថៃ ដែលបង្កបទឧក្រិដ្ឋសង្រ្គាមនេះ។

លោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យ ក្រសួងការពារជាតិ បានគូសបញ្ជាក់ថា យោធាថៃ បានបន្តបើកការបាញ់ប្រហារសាជាថ្មីមកលើកងកម្លាំងកម្ពុជា តាំងពីថ្ងៃទី៧ រហូតដល់ថ្ងៃទី៨ ខែធ្នូ នៅទីតាំងជាច្រើនកន្លែងតាមបណ្ដោយតំបន់ព្រំដែន។ នៅក្នុងសកម្មភាពនេះ យោធាថៃ បានប្រើប្រាស់អាវុធជាច្រើនប្រភេទ និងបានបាញ់ផ្សែងពុលមកលើតំបន់ភ្នំខ្មោច និងប្រាសាទព្រះវិហារ និងទម្លាក់គ្រាប់ពីយន្តហោះចម្បាំង F16 ផងដែរ ខណៈកងកម្លាំងរបស់កម្ពុជា កំពុងឃ្លាំមើល និងពុំបានតបតនោះទេ។ ជាមួយគ្នានេះ ក្រសួងការពារជាតិ បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ ដ៏សាហាវឃោរឃៅនេះ ហើយនេះបានបង្ហាញយ៉ាងច្បាស់ថា ថៃបានរំលោភបំពានលើបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយមានលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានធ្វើជាសាក្សី។

ទន្ទឹមនឹងនេះ កម្ពុជា អំពាវនាវឱ្យសហគមន៍អន្តរជាតិ ថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពខុសច្បាប់របស់ថៃ ម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃ ទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ៕

អត្ថបទ៖ បូ ដូឡា




អត្ថបទបន្ទាប់


តើកត្តាអ្វីខ្លះជំរុញឱ្យយោធាថៃ បើកការវាយប្រហារយ៉ាងព្រៃផ្សៃមកលើកម្ពុជា សារជាថ្មី?

ក្រសួងការពារជាតិកម្ពុជា បានអះអាងថា យោធាថៃ បានបើកការបាញ់ប្រហារយ៉ាងសាហាវព្រៃផ្សៃមកលើកងកម្លាំង និងពលរដ្ឋស៊ីវិលរបស់កម្ពុជា ជាថ្មី ចាប់តាំ…

នាយករដ្ឋមន្ត្រីថៃប្ដេជ្ញាថានឹងប្រើប្រាស់កម្លាំងយោធាក្នុងគ្រប់ករណីចាំបាច់ ដើម្បីឆ្លើយតបនឹងកម្ពុជា

នាយករដ្ឋមន្ត្រីថៃលោក អានុទីន ឆានវីរៈគុល បានប្រកាសប្ដេជ្ញាថា ប្រទេសថៃនឹងធ្វើប្រតិបត្តិការយោធាមកលើកម្ពុជាក្នុងគ្រប់ករណីចាំបាច់ ក្រោមសេចក្តីសម្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ