
លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានសាទរចំពោះគោលការណ៍របស់រដ្ឋាភិបាល ដែលបានរក្សាទុកព្រលានយន្តហោះអន្តរជាតិ ពោធិ៍ចិនតុង ជាទ្រព្យសម្បត្តិរដ្ឋ និងបម្រើឱ្យផលប្រយោជន៍របស់ប្រជាពលរដ្ឋ។ បើតាមអ្នកជំនាញរូបនេះ រាជរដ្ឋាភិបាល គួរយកទីតាំងព្រលានយន្តហោះនេះ បង្កើតទៅជាបណ្តុំក្រសួង និងស្ថាប័នរដ្ឋ ដើម្បីផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋកាន់តែងាយស្រួល ដ្បិតថា កន្លងមកមានករណីកកស្ទះនៅតាមស្ថាប័នរដ្ឋនៅពេលដែលប្រជាពលរដ្ឋទៅទទួលសេវាសារធារណៈ។ សម្រាប់អ្នកជំនាញរូបនេះ រដ្ឋក៏អាចយកទីតាំងព្រលានយន្តហោះនេះបង្កើតមន្ទីរពេទ្យរដ្ឋ និងអគារស្ដង់ដាថ្នាក់ជាតិ នៅទីនោះផងដែរ។ តែយ៉ាងណា លោកយល់ថា រដ្ឋាភិបាល អាចទំនងជាកំពុងមានទស្សនវិស័យរួចហើយក្នុងការប្រើប្រាស់ព្រលានយន្តហោះនេះជាប្រយោជន៍សាធារណៈបែបណានោះ។
ជាមួយគ្នានេះ លោកបណ្ឌិត មាស នី អ្នកតាមដានស្ថានការណ៍សង្គម ក៏បានបង្ហាញការគាំទ្រចំពោះគោលកាណ៍របស់រាជរដ្ឋាភិបាលផងដែរ តែយ៉ាងណាលោកសំណូមពរដល់រដ្ឋាភិបាល គួរតែមានផែនការច្បាស់លាស់ដែលបង្ហាញពីការបម្រុងទុកជាប្រយោជន៍សារធារណៈរបស់ព្រលានយន្តហោះពោធិ៍ចិនតុងនេះ។ សម្រាប់អ្នកជំនាញរូបនេះ វាជាការល្អប្រសិនរដ្ឋាភិបាលរក្សាទីតាំងហេដ្ឋារចនាសម្ព័ន្ធបែបប្រវត្តិសាស្រ្តមួយនេះទុកសម្រាប់ជើងហោះហើរក្នុងស្រុក ពីព្រោះបើក្រឡេកមើលប្រទេសក្បែរខាងកម្ពុជា គេតែងរក្សាទីតាំងព្រលានយន្តហោះចាស់ឱ្យនៅដដែល និងមិនត្រូវបានទុកចោលឡើយ។
ដោយឡែក លោក សេង សុភ័ក្រ អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ចាត់ទុកការរក្សាទុកព្រលានយន្តហោះពោធិ៍ចិនតុងជាសម្បត្តិរដ្ឋ និងជាផលប្រយោជន៍ដល់សាធារណៈជារឿងល្អសម្រាប់ប្រជាពលរដ្ឋកម្ពុជា។ តែយ៉ាងណា អ្នកជំនាញរូបនេះយល់ឃើញថា រដ្ឋាភិបាលគួរតែអភិវឌ្ឍព្រលានយន្តហោះពោធិ៍ចិនតុងបន្ថែម ដើម្បីផលប្រយោជន៍សារធារណៈ ដូចជាបង្កើតជាទីក្រុងរណប ឬជាទីកន្លែងកម្សាន្តផ្សេងៗជាដើម។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា នៅពេលព្រលានយន្តហោះពោធិ៍ចិនតុង បិទដំណើរការ នឹងនៅតែរក្សាទុកដូចស្ថានភាពបច្ចុប្បន្នដដែល ដើម្បីត្រៀមបម្រុងក្នុងករណីមានការចុះចតចាំបាច់បន្ទាន់ ឬនៅពេលមានអាសន្នណាមួយ និងប្រគល់ទៅឱ្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលជាអ្នកគ្រប់គ្រង និងឱ្យសមត្ថកិច្ចជួយថែរក្សាទ្រព្យសម្បត្តិនានា នៅទីនោះ។ សម្តេចធិបតី បានបញ្ជាក់បន្ថែមថា ជាគោលការណ៍ក្នុងការគ្រប់គ្រង និងចាត់ចែងព្រលានយន្តហោះនេះទៅថ្ងៃអនាគត គឺរក្សាតម្លៃប្រវត្តិសាស្ត្រនៃទីតាំងនេះ ផ្ដល់ផលប្រយោជន៍សាធារណៈជាអតិបរមាជូនប្រជាពលរដ្ឋ និងរៀបចំការគ្រប់គ្រង ថែរក្សា និងប្រើប្រាស់ដោយចីរភាពនូវទីតាំង និងហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ទៅតាមរូបមន្តណាមួយ ដោយធានារក្សានូវកម្មសិទ្ធិស្របច្បាប់របស់រដ្ឋ ពោលគឺទ្រព្យសម្បត្តិទាំងអស់ត្រូវធានាជាសម្បត្តិរបស់រដ្ឋ មិនផ្ដល់ឱ្យឯកជននោះឡើយ៕
អត្ថបទ៖ ជា ម៉ារ៉ា