ក្នុងនោះដែរ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានពន្ធដារបានលើកឡើងអំពីអត្ថប្រយោជន៍ និងគោលបំណងសំខាន់ៗមួយចំនួនទាក់ទងនឹងកិច្ចព្រមព្រៀងស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នា (DTA) ដែលតាមរយៈកិច្ចព្រមព្រៀងនេះនឹងជំរុញការទាក់ទាញការរវិនិយោគផ្ទាល់ពីបរទេសបន្ថែមមកកម្ពុជា ព្រមទាំងបង្កើនភាពប្រកួតប្រជែងជាអន្តរជាតិសម្រាប់កម្ពុជាផងដែរ។
នៅក្នុងកម្មវីធីពន្ធដារកម្ពុជា ដែលរៀបចំដោយអគ្គនាយកដ្ឋានពន្ធដារកាលពីពេលថ្មីៗ លោក សេង ពិសិដ្ឋ ប្រធានការិយាល័យនៃនាយកដ្ឋាននីតិកម្ម គោលនយោបាយសារពើពន្ធ និងសហប្រតិបត្តិការពន្ធដារអន្តរជាតិ នៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ឱ្យដឹងថា កិច្ចព្រមព្រៀងស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នា គឺជាកិច្ចព្រមព្រៀងទ្វេភាគីដ៏សំខាន់មួយនៅក្នុងបរិបថនៃកិច្ចសហប្រតិបត្តិការផ្នែកពន្ធដារអន្តរជាតិ ដែលគោលបំណងសំខាន់នៃកិច្ចព្រមព្រៀងនេះ គឺធ្វើយ៉ាងណា ដើម្បីជំរុញឱ្យមានការបង្កើនការវិនិយោគពីប្រទេសមួយទៅប្រទេសមួយ ក្នុងការបង្កើនកំណើនសេដ្ឋកិច្ច។ លោករំពឹងថា តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជានឹងអាចទាក់ទាញការរវិនិយោគផ្ទាល់ពីបរទេស និងជួយបង្កើនភាពប្រកួតប្រជែងជាអន្តរជាតិមួយកម្រិតបន្ថែមទៀត។
សម្រាប់លោក សេង ពិសិដ្ឋ កិច្ចព្រមព្រៀងស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នា មិនគ្រាន់តែបង្កើតឡើងដើម្បីចៀសវាងការយកពន្ធត្រួតគ្នានោះទេ ប៉ុន្តែកិច្ចព្រមព្រៀងនេះនឹងជួយផ្ដល់ទំនុកចិត្ត និងភាពប្រាកដប្រជាដល់វិនិយោគិនបរទេសតាមរយៈអត្ថប្រយោជន៍ជាច្រើនទៀត ដូចជាការផ្តល់វិធានការច្បាស់លាស់ក្នុងការកំណត់សិទ្ធិយកពន្ធរវាងរដ្ឋភាគីនៃកិច្ចព្រមព្រៀង បន្ធូរបន្ថយលើការអនុវត្តចំពោះប្រភេទពន្ធមួយចំនួន ក៏ដូចជាទប់ស្កាត់ឬលុបបំបាត់ការរើសអើងពន្ធរវាងក្រុមហ៊ុនក្នុងស្រុកនិងក្រុមហ៊ុនបរទេស។ លើសពីនេះ វាផ្ដល់យន្តការដោះស្រាយវិវាទសារពើពន្ធ និងយន្តការផ្លាស់ប្តូរព័ត៌មានរវាងរដ្ឋភាគីនៃកិច្ចព្រមព្រៀង ដើម្បីដោះស្រាយបញ្ហាការគេចវេះពន្ធផងដែរ។
គួរបញ្ជាក់ថា បើតាមមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានពន្ធដាររូបនេះ បច្ចុប្បន្នកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នានេះ ជាមួយប្រទេស និងយុត្តាធិការចំនួន១១ហើយ ប៉ុន្តែក្នុងនោះមានចំនួន៩ប៉ុណ្ណោះ ដែលបានចូលជាធរមាន និងមានប្រសិទ្ធភាពអនុវត្តដូចជាសឹង្ហបុរី ចិន ថៃ ព្រុយណេ វៀតណាម ឥណ្ឌូនេស៊ី ម៉ាឡេស៊ី កូរ៉េខាងត្បូង និងតំបន់ពិសេសរដ្ឋបាលហុងកុង។ ដោយឡែកសម្រាប់កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារួចជាមួយតំបន់ពិសេសរដ្ឋបាលម៉ាកាវនឹងចូលជាធរមាននិងមានប្រសិទ្ធភាពអនុវត្តចាប់ពីឆ្នាំ២០២៤តទៅ និងជាមួយប្រទេសតួកគី គឺមិនទាន់បានចូលជាធរមាននោះទេ ដោយភាគីកម្ពុជាបានបញ្ចប់នីតិវិធីផ្ទៃក្នុងរួចរាល់ហើយ ដើម្បីផ្តល់សច្ចប័នលើកិច្ចព្រមព្រៀងនេះ និងកំពុងរង់ចាំភាគីតួកគីបញ្ចប់នីតិវិធីផ្ទៃក្នុងរបស់ខ្លួន៕