Advertisement
តារា​ហ្វេសប៊ុក

DJ NaNa និង Catherine ជា​ស្រ្តី​​លេច​ធ្លោ​និង​មាន​ឥទ្ធិពល​នៅ​លើ​​ហ្វេសប៊ុក


កញ្ញា នាង សុវ៉ាតនា ដែល​គេ​ស្គាល់​ជា​ទូទៅ​ថា Dj NaNa កំពុង​មាន​ប្រជាប្រិយភាព​ខ្លាំង​តាមរយៈ​បណ្តាញ​សង្គម​ហ្វេសប៊ុក ដោយសារ​ទេពកោសល្យ​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​ស្នេហា។ ចំណែក​កញ្ញា Catherine ក៏​ជា​ស្រ្តី​ខ្មែរ​លេច​ធ្លោ​ខ្លាំង​គួរសម​ក្នុង​ហ្វេសប៊ុក តាមរយៈ​វីដេអូ​អប់រំ​សុខភាព​ផ្លូវ​ភេទ​និង​សិទ្ធិ​ស្រ្តី។
DJ NaNa (រូប​ខាង​ឆ្វេង) និង​កញ្ញា Catherine ជា​តារា​លេចធ្លោ និង​មាន​ឥទ្ធិពល​នៅ​លើ​ហ្វេសប៊ុក។
ដោយ
អំពី Catherine DjNaNa​ 165
Advertisement

ទំព័រ​ហ្វេសប៊ុក​ដែល​មាន​ឈ្មោះ​ថា «Dj NaNa Tips» មាន​​អ្នក​ចូលចិត្ត (Like) ជាង​៥០​ម៉ឺន​នាក់ ខណៈ​ទំព័រ​ហ្វេសប៊ុក Dj NaNa TV មាន​អ្នក​ចូលចិត្ត​ជាង​៤០​ម៉ឺន​នាក់ កំពុង​ធ្វើ​ឲ្យ​កេរ្តិ៍​ឈ្មោះ កញ្ញា សុវ៉ាតនា កាន់តែ​ល្បីល្បាញ​ខ្លាំង​នៅ​ក្នុង​ចំណោម​ស្រទាប់​យុវជន​ខ្មែរ។ កម្មវិធី Dj NaNa TV ដែល​តែង​ផលិត​វីដេអូ អប់រំ ឬ​ផ្តល់​យោបល់​ពី​រឿងរ៉ាវ​ស្នេហា បាន​ធ្វើ​ឲ្យ​កូន​ច្បង​​ក្នុង​គ្រួសារ​អ្នក​​ខេត្ត​កំពង់ចាម​រូប​នេះ មាន​ភាព​លេច​ធ្លោ​ខ្លាំង និង​អាច​រក​ចំណូល​រាប់​ពាន់​ដុល្លារ​ក្នុង​មួយ​ខែៗ។

កញ្ញា​បង្ហើប​​ប្រាប់​​សារព័ត៌មាន​អេឡិចត្រូនិក ខេមបូណូមីស ថា៖ «ហ្វេសប៊ុក​ខ្ញុំ គេ Sponsor មួយ Clip ប្រហែល​២​ពាន់​ដុល្លារ ប៉ុន្តែ ខ្ញុំ​ក៏​អត់​ដាក់​ពាណិជ្ជកម្ម​ច្រើន​ទេ ព្រោះ យើង​មិនមែន​ទូរទស្សន៍ ដែល​មួយ​ថ្ងៃ​អាច​ដាក់​ពាណិជ្ជកម្ម​បួន​ដប់​អីណា។ ដូច្នេះ មាន​ភ្ញៀវ​ខ្លះ​នៅ​ចាំ​នៅឡើយ អង្កាល់​ដល់​វេន​គាត់»។

កញ្ញា​បន្ត​ថា៖ «ចំណូល​ពិធីការនី​របស់​ខ្ញុំ ក៏​បាន​មក​ពី​ហ្វេសប៊ុក​ដែរ  ព្រោះ ខ្ញុំ​ធ្វើការ​នៅ​ទូរទស្សន៍​មួយ​ឆ្នាំ​ពីរ​ឆ្នាំ​គ្មាន​នរណា​ស្គាល់​ទេ ម្ចាស់​ក្រុមហ៊ុន និង​ម្ចាស់​ផលិតផល គេ​ស្គាល់​ខ្ញុំ​តាម​ហ្វេសប៊ុកទេ។ មួយ​ខែៗ យើង​រក​បាន​ច្រើន​គួរសម​ដែរ បើ​ប្រៀបធៀប​កាល​មុន គ្រាន់តែ​ជា​សិល្បការនី តែ​ឥឡូវ​ជា​អ្នក​ជំនួញ​ដែរ ខ្ញុំ​ក៏​រកស៊ី​ផ្សាយ​ពាណិជ្ជកម្ម ដូចជា ផលិត​វីដេអូ​ជាដើម»។

ប្រហាក់​ប្រហែល​គ្នា​ដែរ កញ្ញា Catherine Harry ក៏​មាន​ប្រជាប្រិយភាព​ខ្លាំង​គ្រាន់​បើ​ដែរ នៅ​ក្នុង​ចំណោម​យុវជន លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក។ ទំព័រ​ហ្វេសប៊ុក​មាន​ឈ្មោះ​ថា «A Dose of Cath» មាន​អ្នក​ចូលចិត្ត​ជាង ១៧​ម៉ឺន​នាក់ ដែល​បាន​ធ្វើ​ឲ្យ Catherine ឡើង​កូដ​ខ្លាំង តាមរយៈ​វីដេអូ​ស្តីពី​ការ​អប់រំ​ពី​សុខភាព​ផ្លូវ​ភេទ និង​សិទ្ធិ​ស្រ្តី។

កញ្ញា នាង សុវ៉ាតនា ហៅ DJ NaNa

វីដេអូ​អប់រំ​អំពី​សុខភាព​បន្ត​ពូជ ឬ​សុខភាព​ផ្លូវ​និង​សិទ្ធិ​ស្រ្តី ត្រូវ​បាន​មនុស្ស​រាប់​ពាន់​រាប់​ម៉ឺន​នាក់ បាន Like, Share និង Comment។ តាមរយៈ​ប្រជាប្រិយភាព​នេះ​ហើយ ទើប​ធ្វើ​ឲ្យ Catherine ក្លាយ​ជា​អ្នក​ជំនួញ​ផ្នែក​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ថ្មី​ថ្មោង​ម្នាក់​ដែរ។ បើតាម Catherine នាង​មិន​អាច​បញ្ជាក់​ពី​ចំណូល​ប្រចាំ​ខែ​បាន​ឡើយ ដោយ​គ្រាន់​តែ​បញ្ជាក់​ថា ការ​ផ្សាយ​ពាណិជ្ជកម្ម​ក្នុង​មួយ Clip លើទំព័រហ្វេសប៊ុក​របស់​នាង មាន​ទឹក​ប្រាក់​ចន្លោះ​ពី ៤០០ ទៅ ៥០០​ដុល្លារ។ 

កញ្ញា​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ « A Dose of Cath» បាន​ធ្វើ​ការងារ​ជាមួយ​អង្គការ​ដែល​អប់រំ​លើ​សុខភាព​ផ្លូវ​ភេទ និង​សិទ្ធិ​ស្រ្តី និង​ផ្សាយ​ផលិតផល​ដែល​​មាន​​គុណភាព និង​សីលធម៌ ដែល​យើង​មាន​គោល​ជំហរ​ច្បាស់​លាស់។ ឧទាហរណ៍ ខ្ញុំ​បាន​និយាយ​ថា មនុស្ស​ប្រុស​ស្រី​ស្អាត មិន​សំខាន់​តែ​ទៅ​លើ​សម្បុរ​ស្បែក​ស​នោះ​ទេ តែ​បើ​មាន​ផលិតផល​ឡេ​លាយ​លាប​ស្បែក​ឲ្យ​ស គេ​មក​ទាក់ទង​ខ្ញុំ  ខ្ញុំ​អត់​ផ្សាយ​ទេ ព្រោះ វា​ក្បត់​នឹង​គោល​ជំហរ​របស់​ខ្ញុំ»។

តាម​ពិត​ទៅ កញ្ញា Catherine Harry មិនមែន​ជា​ជន​ជាតិ​បរទេស​នោះ​ទេ តែ​គាត់​ជា​ជនជាតិ​ខ្មែរ គ្រាន់តែ​ឈ្មោះ​គាត់​ជា​ភាសា​បរទេស។ នាង​ចាប់​ស្រឡាញ់​ការងារ​ផ្សព្វផ្សាយ​ពី​សុខភាព​បន្ត​ពូជ​នេះ ចាប់តាំង​ពី​នាង​បាន​ប្រឡូក​ការងារ​ជា​ពិធីការនី​វិទ្យុ​លើ​គម្រោង «ស្នេហ៍៩» របស់​អង្គការ​មួយ​អស់​រយៈពេល​៣​ឆ្នាំ ដែល​តែង​អញ្ជើញ​វាគ្មិន​ជា​វេជ្ជបណ្ឌិត​មក​ពិភាក្សា​លើ​ប្រធានបទ៖«សុខភាព​បន្ត​ពូជ»។

ក្រោយ​មក​ទើប​និស្សិត​ជំនាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អតីត​អ្នក​កាសែត​នៅ​សារព័ត៌មាន ភ្នំពេញ​ប៉ុស្តិ៍​រូប​នេះ ក៏​ក្លាយ​ជា​អ្នក​សរសេរ Blog និង​ផលិត​វីដេអូ​អប់រំ​សុខភាព​បន្ត​ពូជ និង​សិទ្ធិ​ស្រ្តី ដ៏​ល្បីល្បាញ​ម្នាក់​នៅ​កម្ពុជា។

កញ្ញា Catherine (រូប​ឆ្វេង) និង​កញ្ញា NaNa
Advertisement

ហេតុអ្វី Catherine នៅតែ​ជម្នះ​ការ​រិះគន់ ដើម្បី​អប់រំ​សុខភាព​ផ្លូវ​ភេទ? 

ជា​កូន​ទោល​ក្នុង​គ្រួសារ​អ្នក​ភ្នំពេញ Catherine មិន​ដែល​មាន​គំនិត​បោះបង់​ការងារ​ជា​អ្នក​អប់រំ​សុខភាព​ផ្លូវ​ភេទ និង​សិទ្ធិ​ស្មើគ្នា​នៅ​កម្ពុជា​នោះ​ទេ បើ​ទោះ​បី​មាន​មនុស្ស​មួយ​ចំនួន​រិះគន់​នាង​ក៏​ដោយ។

កញ្ញាបញ្ជាក់យ៉ាងដូច្នេះថា៖ «ចំណេះដឹងសុខភាពបន្តពូជ អត់សូវមានអ្នកនិយាយ តែវាប្រធានបទសំខាន់ ដែលត្រូវនិយាយ ព្រោះ បញ្ហាផ្លូវភេទវាផ្នែកមួយនៃជីវិត។ ខ្ញុំមិនដែលមានអារម្មណ៍បោះបង់ ប៉ុន្តែ ពេលខ្លះមានអារម្មណ៍ថាឆ្ងល់ខ្លួនឯងដែរ ហេតុអ្វីធ្វើជាផ្ទាំងស៊ីបឲ្យគេបាញ់? តែខ្ញុំចូលចិត្តអ្វីដែលខ្ញុំធ្វើ។ បើយើងមិននិយាយរឿងហ្នឹង តើនរណានិយាយ? ទាល់តែយើងជាអ្នកចាប់ផ្តើម ទើបមានអ្នកក្រោយមកទៀតនិយាយរឿងហ្នឹងដែរ»។

កញ្ញាបន្តថា៖ «ខ្ញុំ​អត់​ខ្មាស​អៀន​ទេ បើ​ខ្មាស​អៀន​គ្រប់​គ្នា តើ​នរណា​ជា​អ្នក​និយាយ? ហើយ​បើ​យើង​អត់​និយាយ​ពី​រឿង​ហ្នឹង​ទេ វា​នឹង​ធ្វើ​ឲ្យ​មាន​បញ្ហា​ច្រើន។ ឧទាហរណ៍​ថា បើ​ក្មេងៗ អត់​ដឹង​ពី​សុខភាព​បន្ត​ពូជ ពេល​នឹក​ឃើញ​ចង់​រួម​ភេទ គាត់​អត់​គិត​ឃើញ​ការ​រួមភេទ​ដោយ​សុវត្ថិភាព ដូចជា អត់​​ប្រើប្រាស់​ស្រោម​អនាម័យ ដែល​ធ្វើ​ពួកគេ​មាន​កូន​នៅ​វ័យ​ក្មេង ឬ​ឆ្លង​ជំងឺ​ផ្សេង​ទៀត»។

Advertisement

កញ្ញា Catherine មាន​ក្រុម​ការងារ​របស់​ខ្លួន ដែល​ក្នុង​នោះ ក៏​មាន​មិត្តភក្តិ​ម្នាក់​ជា​គ្រូពេទ្យ ដែល​តែងតែ​ផ្តល់​យោបល់​ចំពោះ​ប្រធានបទ​ស្រាវជ្រាវ​របស់​នាង។ មុន​នឹង​ចាប់​ផ្តើម​ថត​វីដេអូ​លើ​ប្រធានបទ​នីមួយៗ Catherine ដែល​ធ្លាប់​ទៅ​សិក្សា​នៅ​សហរដ្ឋ​អាមេរិក​កន្លះ​ឆ្នាំ និង​មាន​ចំណេះដឹង​ភាសា​អង់គ្លេស​បាន​ល្អ​នោះ បាន​ស្រាវជ្រាវ​យ៉ាង​ម៉ត់ចត់ ដើម្បី​ជៀស​វាង​កំហុស​ក្នុង​ការ​ផ្សព្វផ្សាយ​ទៅ​កាន់​សាធារណជន។

យ៉ាង​ណា​ក៏​ដោយ ការ​ផ្សព្វ​ផ្សាយ​ពី​បញ្ហា​ផ្លូវ​ភេទ​ក្នុង​សង្គម​ខ្មែរ ដែល​មិន​ទាន់​ស៊ាំ​ត្រចៀក និង​មាន​ការ​អៀន​ខ្មាស​ច្រើន​នោះ បាន​ធ្វើ​ឲ្យ​កញ្ញា​វ័យ​២៣​ឆ្នាំ​រូប​នេះ ទទួល​សម្ពោធ​ខ្លាំង​គួរសម​ដែរ។ អ្នក​ខ្លះ ព្រមទាំង​ព្រលយ​ពាក្យ​មើលងាយ កញ្ញា តាម Keyboard កុំព្យូទ័រ ឬ ទូរស័ព្ទដៃ នៅក្នុង Comment វីដេអូ​របស់​នាង​ទៀត​ផង។

ឆ្លើយ​តប​នឹង​​មតិ​មនុស្ស​មួយ​ចំនួន ដែល​តែង​មាន​ផ្នត់​គំនិត​អវិជ្ជមាន​ថា អ្នក​និយាយ​រឿង​ផ្លូវ​ភេទ ទាល់​តែ​បាន​ឆ្លងកាត់​ខ្លួន​ឯង​នោះ ត្រូវ​បាន​កញ្ញា Catherine អះអាង​ថា៖ «បើ​​ពេទ្យ​​មាន​​ជំនាញ​​ជំងឺ​​មហារីក ទាល់តែ​ពេទ្យ​ហ្នឹង​​មាន​​ជំងឺ​​មហារីក​​មែន​​ទេ? ដូច្នេះ មិន​​អ៊ីចឹង​ទេ គាត់​អត់​​មាន​​ជំងឺ​​មហារីក​ទេ។ គាត់ចេះ គឺ​ដោយសារ​ការ​ស្រាវជ្រាវ។ មួយ​ទៀត បើ​យើង​ចង់​ស្ទង់​មតិ​ពី​ធម្មជាតិ​របស់​សត្វ មិនមែន​ទាល់​តែ​យើង​ក្លាយ​ជា​សត្វ ទើប​ដឹង​នោះ​ទេ គឺ​មនុស្ស​​ជា​​អ្នក​ស្រាវជ្រាវ។ ដូច្នេះ ការ​និយាយ​អ្វី​មួយ មិន​ចាំបាច់​យើង​ធ្លាប់​ឆ្លង​កាត់​នោះទេ គឺ​ការ​ស្រាវជ្រាវ និង​រៀនសូត្រ អាច​​ឲ្យ​​មាន​​សមត្ថភាព​​និយាយ​​បាន​​ហើយ»។

បើ​តាម Catherine ការ​ផលិត​វីដេអូ​របស់​នាង ទទួល​បាន​ការ​គាំទ្រ​ច្រើន​ជាង​ការ​រិះគន់។ តាមគម្រោងទៅថ្ងៃខាងមុខ កញ្ញា Catherine Harry គ្រោងពង្រីក​ការ​ផ្សព្វផ្សាយ​ក្នុង​មួយ​សប្តាហ៍​ ២​វីដេអូ ជា​ភាសា​ខ្មែរ​មួយ និង​ភាសា​អង់គ្លេស​មួយ ហើយ​ថ្ងៃ​អនាគត នាង​នឹង​ធ្វើ​ឲ្យ A Dose of Cath ក្លាយ​ជា​មូលនិធិ​មួយ សម្រាប់​ជួយ​ស្រ្តី​រងគ្រោះ​ដោយសារ​ការ​រំលោភ​សេព​សន្ថវៈ ឬ​បៀតបៀន​ផ្លូវ​ភេទ៕

© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឧកញ៉ា ហៃ លីអ៊ាង៖ បើ​យើង​មិន​ធ្វើ យើង​ក៏​មិន​ដឹង​ថា​ខ្លួន​ឯង​អាច​នឹង​ទៅ​ដល់​ទីណា​ដែរ!

ព័ត៌មាន
ភាព​ជោគជ័យ គឺ​ជា​អ្វី​ដែល​មនុស្ស​រាល់​គ្នា​តែង​ប្រាថ្នា​ចង់​បាន ប៉ុន្ដែ ការ​ដើរ​ទៅ​រក​គោលដៅ​ដែល​ខ្លួន​យល់​ថា​ជា​ភាព​ជោគជ័យ​នេះ គឺ...

អ្នកជំនាញ៖ រដ្ឋ​គួរ​កែលម្អ​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ប្រើ​សម្រាប់ SME ជា​ជាង​ចាយ​ទុន​១០០​លាន​ដុល្លារ​បង្កើត​ធនាគារ​ថ្មី

ព័ត៌មាន
ធនាគារថ្មី​មួយ​ដោយ​គ្រោង​បោះទុន ១០០​លាន​ដុល្លារ​​សម្រាប់​​ទ្រទ្រង់​ដល់​វិស័យ SME នៅ​កម្ពុជា ត្រូវ​បាន​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា ប...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ