ក្រសួងសុខាភិបាល

ក្រសួងសុខាភិបាលប្រាប់ពីរោគសញ្ញា និងវិធីបង្ការជំងឺភ្នែកក្រហម ដែលកំពុងកើនឡើងគួរឱ្យកត់សម្គាល់


ក្រសួងសុខាភិបាលកត់សម្គាល់ឃើញថា ជំងឺឆ្លងភ្នែកក្រហមកំពុងកើតថ្មីគួរឱ្យកត់សម្គាល់នៅតាមបណ្តាខេត្តមួយចំនួននៅកម្ពុជានៅមួយរយៈចុងក្រោយ ដែលជំងឺបង្កឡើងដោយវីរុស និងបាតេរី។ រោគសញ្ញានៃជំងឺឆ្លងភ្នែកក្រហមនេះរួមមាននៅផ្នែកសនៃភ្នែកឡើងពណ៌ផ្កាឈូក ឬពណ៌ក្រហម ហើមត្របកភ្នែក ជាពិសេសនៅពេលព្រឹកមានហូរទឹកភ្នែកច្រើនជាងមុន រកាំភ្នែកដោយសារមានអារម្មណ៍ថាមានអ្វីនៅក្នុងភ្នែក ឬចង់ញីភ្នែក រមាស់ភ្នែក រលាក និងក្រហាយភ្នែក មានអាចម៍ភ្នែក និងឈឺគ្រាប់ភ្នែកជាដើម។
ក្រសួងសុខាភិបាល
ដោយ

ក្រសួងសុខាភិបាលនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ បានសេចក្តីជូនដំណឹងមួយ ដោយកត់សម្គាល់ឃើញថា ជំងឺឆ្លងភ្នែកក្រហមកំពុងកើតថ្មីគួរឱ្យកត់សម្គាល់នៅក្នុងបណ្តាខេត្តមួយចំនួននៅកម្ពុជា។ ក្រសួងសុខាភិបាលបានអះអាងថា ជំងឺភ្នែកក្រហមនេះបង្កឡើងវីរុស ដែលអាចកើតមានលាយឡំជាមួយនឹងជំងឺផ្តាសាយ ឬជំងឺផ្លូវដង្ហើម ហើយអាចចាប់ផ្តើមក្នុងភ្នែកម្ខាង និងអាចរាលដាលដល់ភ្នែកម្ខាងទៀតក្នុងរយៈពេលតែប៉ុន្មានថ្ងៃ និងមានហៀរទឹកចេញពីភ្នែកតែមិនខាប់។ ម្យ៉ាងទៀត គឺបង្កឡើងដោយបាក់តេរី ដែលភាគច្រើនអាចធ្វើឱ្យមានអាចម៍ភ្នែក ដែលអាចនាំឱ្យត្របកភ្នែកស្អិតជាប់គ្នា។

បើតាមក្រសួងសុខាភិបាល រោគសញ្ញានៃជំងឺឆ្លងភ្នែកក្រហម រួមមាន នៅផ្នែកសនៃភ្នែកឡើងពណ៌ផ្កាឈូក ឬពណ៌ក្រហម ហើមត្របកភ្នែក ជាពិសេសនៅពេលព្រឹកមានហូរទឹកភ្នែកច្រើនជាងមុន រកាំភ្នែកដោយសារមានអារម្មណ៍ថាមានអ្វីនៅក្នុងភ្នែក ឬ ចង់ញីភ្នែក រមាស់ភ្នែក រលាក និងក្រហាយភ្នែក មានអាចម៍ភ្នែក និងឈឺគ្រាប់ភ្នែកជាដើម។

ជំងឺភ្នែកក្រហមដែលបង្កដោយវីរុសនិងបាក់តេរីនេះឆ្លងលឿនណាស់ ហើយអាចរាលដាលយ៉ាងងាយស្រួលពីមនុស្សម្នាក់ទៅមនុស្សផ្សេងទៀត។ នេះបើតាមការអះអាងរបស់ក្រសួងសុខាភិបាលដែលបានបន្ថែមថា ដើម្បីបង្ការ និងកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺនេះប្រជាពលរដ្ឋត្រូវរក្សាអនាម័យឲ្យបានខ្ជាប់ខ្ជួនតាមរយៈការ

លាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកក្ដៅឧណ្ហៗយ៉ាងហោចណាស់២០វិនាទី។ លាងសម្អាតដៃឱ្យបានស្អាត មុននិងក្រោយពេលសម្អាត ឬដាក់ថ្នាំបន្តក់ភ្នែក ឬដាក់ថ្នាំលាបលើភ្នែកអ្នកជំងឺ។ ប្រសិនបើមិនមានសាប៊ូ និងទឹកទេ សូមប្រើទឹកលាងដៃដែលមានជាតិអាល់កុលយ៉ាងតិច៦០% ដើម្បីលាងសម្អាតដៃ។ លាងដៃរបស់អ្នកបន្ទាប់ពីប៉ះពាល់ជាមួយអ្នកមានជំងឺភ្នែកក្រហម ឬរបស់របរដែលគាត់ប្រើ និងលាងដៃរបស់អ្នកបន្ទាប់ពីលាបថ្នាំបន្តក់ភ្នែក ឬក្រែមលាបភ្នែកឱ្យអ្នកជំងឺ ឬកាន់សម្លៀកបំពាក់អ្នកជំងឺ។

មួយវិញទៀតចៀសវាងការប៉ះភ្នែករបស់អ្នកដោយដៃដែលមិនបានលាងសម្អាត, កុំប្រើរបស់របរប្រើប្រាស់ជាមួយអ្នកជំងឺ ដូចជាខ្នើយ ភួយ ស្រោមពូក និងកន្សែង ទឹកបន្តក់ភ្នែក គ្រឿងសម្អាងភ្នែក ឬគ្រឿងសម្អាងលាបមុខ ជក់ផាត់មុខ កញ្ចក់កែវភ្នែក ស្រោមដាក់កញ្ចក់កែវភ្នែក ឬកែវភ្នែក, ចៀសវាងការប៉ះពាល់ផ្ទាល់ ឬចាប់ដៃអ្នកមានជំងឺភ្នែកក្រហម, រក្សាគម្លាតឱ្យបានឆ្ងាយដោយសារជំងឺភ្នែកក្រហមបង្កដោយវីរុស និងបាក់តេរីឆ្លងតាមខ្យល់តាមការក្អកនិងកណ្តាស់របស់អ្នកមានជំងឺភ្នែកក្រហម និងកុំប៉ះវត្ថុ ឬផ្ទៃដែលមានវីរុស ឬបាក់តេរី បន្ទាប់មកប៉ះភ្នែករបស់អ្នកដោយមិនបានលាងសម្អាតដៃ។

សម្រាប់អ្នកដែលកើតជំងឺឆ្លងក្រហមភ្នែកក្រសួងសុខាភិបាលបានណែនាំឱ្យអនុវត្តនូវវិធានការមួយចំនួនរួមមានលាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកក្ដៅឧណ្ហៗ ឬប្រើទឹកអាល់កុល, លាងដៃមុន និងក្រោយពេលសម្អាត ឬដាក់ថ្នាំបន្តក់ភ្នែក ឬដាក់ថ្នាំលាបលើភ្នែកឈឺ។ ចៀសវាងការប៉ះ ឬត្រដុស ឬញីភ្នែក ពីព្រោះអាចធ្វើឱ្យកាន់តែរលាក ឬរាលដាលទៅភ្នែកម្ខាងទៀត, ប្រើដៃស្អាត លាងសម្អាតជុំវិញភ្នែករបស់អ្នកឱ្យបានច្រើនដងក្នុងមួយថ្ងៃ ដោយប្រើក្រណាត់ និងសំឡីស្អាត, បោះចោលដុំសំឡីបន្ទាប់ពីប្រើប្រាស់រួច ឬបោកគក់សម្អាតក្រណាត់ដែលបានប្រើជាមួយទឹកកៅ នឹងសាប៊ូបោកខោអាវ បន្ទាប់មកលាងដៃម្តងទៀតជាមួយសាប៊ូ។

ជាមួយគ្នានេះកុំប្រើថ្នាំបន្តក់ភ្នែកដបតែមួយសម្រាប់ភ្នែកដែលឈឺ និងភ្នែកមិនទាន់ឈឺ, បោកគក់ខ្នើយ ភួយ ស្រោមពូក និងកន្សែងឱ្យបានញឹកញាប់ក្នុងទឹកក្តៅ និងសាប៊ូបោកខោអាវ លាងដៃរបស់អ្នក បន្ទាប់ពីកាន់របស់របរប្រឡាក់ទាំងនេះ, ត្រូវសម្អាតវ៉ែនតាដោយប្រុងប្រយ័ត្នកុំឱ្យប៉ះវត្ថុកខ្វក់ ដែលអាចនឹងត្រូវបានអ្នកដទៃប្រើជាមួយ, កុំចែករំលែករបស់របរផ្ទាល់ខ្លួនដូចជាខ្នើយ ភួយ ស្រោមពូក កន្សែង ទឹកបន្តក់ភ្នែក គ្រឿងសម្អាងភ្នែក ឬគ្រឿងសម្អាងមុខ ជក់ផាត់មុខ កែវដាក់កញ្ចក់ ប្រអប់ដាក់កញ្ចក់កែវភ្នែក ឬកែវភ្នែកជាមួយអ្នកដទៃ, កុំប្រើអាងហែលទឹក ហើយបើអ្នកមានរោគសញ្ញាភ្នែកក្រហម ត្រូវសម្រាកពីកន្លែងធ្វើការ ឬសាលារៀន ដើម្បីចៀសវាងការឆ្លងទៅមនុស្សផ្សេងទៀត។

យ៉ាងណាមិញក្រសួងសុខាភិបាលកត់សម្គាល់ឃើញថា បើទោះបីជំងឺឆ្លងក្រហមភ្នែកមានការឆ្លងរហ័សពីមនុស្សម្នាក់ទៅមនុស្សម្នាក់ក៏ដោយ តែករណីភាគច្រើននៃជំងឺឆ្លងភ្នែកក្រហម គឺស្រាល។ ក្រសួងអះអាងថា ជាធម្មតាការឆ្លងនឹងជាសះស្បើយក្នុងរយៈពេលពី៧ទៅ១៤ថ្ងៃដោយមិនតម្រូវឱ្យមានការព្យាបាល និងមិនមានផលវិបាករយៈពេលវែងនោះទេ។ ទោះយ៉ាងណាក៏ដោយក្នុងករណីខ្លះ ការរលាកភ្នែកដោយវីរុសត្រូវការរយៈពេល២ ទៅ ៣សប្តាហ៍ ឬច្រើនជាងនេះ ដើម្បីជាសរស្បើយ។ ជាមួយគ្នានេះអ្នកជំងឺក៏អាចផ្តល់ថ្នាំអង់ទីប៊ីយោទិច ដូចជាថ្នាំបន្តក់ភ្នែក ឬថ្នាំដាក់ភ្នែក ព្រោះការឱ្យថ្នាំបន្តក់ ឬថ្នាំដាក់ភ្នែកអាចជួយកាត់បន្ថយនៃការឆ្លង កាត់បន្ថយផលវិបាក និងកាត់បន្ថយការរីករាលដាលដល់អ្នកដទៃ៕

None



អត្ថបទបន្ទាប់


ក្រោយចប់បេសកកម្មនៅចិន សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្តចូលរួមកិច្ចប្រជុំកំពូលនៅអារ៉ាប៊ីសាអូឌីត

ក្រោយបញ្ចប់បេសកកម្មក្នុង«វេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣»ប្រទេសចិន សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី្រ នៃម្ពុជា និងគណៈប្រតិភូបានបន្តបេ…

អ្នកឧកញ៉ា លី ហួរ ចាប់ដៃគូជាយុទ្ធសាស្រ្តអាជីវកម្មក្នុងវិស័យហិរញ្ញវត្ថុជាមួយក្រុមហ៊ុនភតិសន្យាថ្នាក់តំបន់ Hotai Finance

ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី របស់អ្នកឧកញ៉ា លី ហួរ និង ក្រុមហ៊ុន Hotai Finance Co. Ltd បានបង្កើតមហាព្រឹត្តិការណ៍ដ៏អស្ចារ្យរួមគ្នាម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ