
លោក ប៊ុន រតនា បានថ្លែងយ៉ាងដូច្នេះថា៖ «ជាទូទៅហាងខ្ញុំ លក់ដាច់ឡានបង់រំលស់ច្រើន ដោយសារ ប្រជាជនយើង ចង់ទិញរថយន្ត ហើយអត់មានលុយគ្រប់។ ដូច្នេះ គាត់មានជម្រើសតែមួយ គឺទិញរថយន្តបង់រំលស់។ ឥឡូវពួកគេពេញនិយមច្រើន តែកាលមុន ពួកគាត់ខ្មាសនៅពេលទិញឡានបង់រំលស់»។
តាមពិតទៅ ការទិញរថយន្តបង់រំលស់ គឺជានិន្នាការថ្មីមួយនៅកម្ពុជា ប៉ុន្ដែ រថយន្តបង់រំលស់ បានដំណើរការច្រើនឆ្នាំមកហើយនៅក្នុងទីផ្សារប្រទេសជឿនលឿនជាច្រើននៅជុំវិញពិភពលោក។ បើតាមលោក ប៊ុន រតនា ការទិញរថយន្តបង់រំលស់ មិនមែនជារឿងខ្មាសអៀននោះទេ តែផ្ទុយទៅវិញ វាបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់អតិថិជន។

លោក ប៊ុន រតនា ពន្យល់យ៉ាងដូច្នេះថា៖ «បើនិយាយពីផលវិជ្ជមាន គឺមានកត្តាពីរ ទី១ គាត់អាចមានថវិកាអត់គ្រប់គ្រាន់មែន តែគាត់អាចទិញរថយន្តបាន។ ទីពីរ ទោះគាត់មានថវិកាគ្រប់ តែគាត់អត់ចង់ទិញបង់ប្រាក់ទាំងអស់ ដោយគាត់បង់រំលស់ ដើម្បីសល់លុយខ្លះទៅរកស៊ី។…បើកត្តាអវិជ្ជមាន នៅពេលទិញរថយន្តបង់រំលស់ គាត់ត្រូវអស់ការប្រាក់»។
បច្ចុប្បន្ននេះ មានស្ថាប័នមីក្រូហិរញ្ញវត្ថុ ឬធនាគារជាច្រើន បានសហការជាមួយឈ្មួញ ឬក្រុមហ៊ុនលក់រថយន្ត ម៉ូតូ ឬទូរស័ព្ទជាដើម ដើម្បីផ្តល់សេវាកម្ចីដល់អតិថិជនសម្រាប់ទិញសម្ភារទាំងនេះ។ លោក យុន សុវណ្ណា ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលមានសមាជិក១០៣ក្រុមហ៊ុន បានឲ្យដឹងថា មុនទិញរបស់របរបង់រំលស់ ពលរដ្ឋគួរទិញរបស់ណាដែលចាំបាច់បំផុត និងពិនិត្យឲ្យបានច្បាស់លាស់លើលំហូរសាច់ប្រាក់របស់ខ្លួន ដើម្បីចៀសវាងបញ្ហាគ្មានប្រាក់សងត្រឡប់ទៅម្ចាស់បំណុលវិញ។
លោក យុន សុវណ្ណា ប្រាប់ខេមបូណូមីសថា៖ «ការប្រើប្រាស់សេវាហរិញ្ញវត្ថុ មិនមែនសុទ្ធតែជាឱសថទិព្វសម្រាប់ការព្យាបាលគ្រប់កាលៈទេសៈនោះទេ គឺត្រូវពិនិត្យឲ្យបានស៊ីជម្រៅ និងឆ្លុះបញ្ចាំងពីសមត្ថភាព និងលំហូរសាច់ប្រាក់នៅពេលអនាគតរបស់គ្រួសារមុននឹងយើងសម្រេចចិត្តប្រើសេវាហិរញ្ញវត្ថុយកទៅទិញសម្ភារ។ ពលរដ្ឋគួរតែប្រើសេវាហិរញ្ញវត្ថុនេះ ទិញសម្ភារណាដែលចាំបាច់ ត្រូវការប្រើប្រាស់ពិតប្រាកដ កុំព្រោះតែសម្ភារនិយម ហើយធ្វើការសម្រេចចិត្តដោយមិនយោងតាមស្ថានភាពជាក់ស្តែង ដែលអាចនឹងធ្វើឲ្យខ្លួន និងគ្រួសារមានបញ្ហា»។
បើតាមលោក យុន សុវណ្ណា ពលរដ្ឋមិនគួរចំណាយប្រាក់លើសពី១០ភាគរយនៃចំណូលប្រចាំខែ ដើម្បីទិញសម្ភារប្រើប្រាស់នោះទេ ហើយគួរតែទិញសម្ភារដោយផ្អែកលើតម្រូវការចាំបាច់ ជាជាងទិញរបស់ដោយផ្អែកលើចំណង់ ដើម្បីចៀសវាងហានីភ័យនៃបំណុលវ័ណ្ដកនៅថ្ងៃខាងមុខ៕