ក្រុមហ៊ុន Huawei បាននិយាយកាលពីថ្ងៃសុក្រ ទី៩ ខែធ្នូថា កិច្ចព្រមព្រៀងអាជ្ញាបណ្ណប៉ាតង់ជាមួយក្រុមហ៊ុន Oppo ដែលជាក្រុមហ៊ុនផលិតទូរស័ព្ទស្មាតហ្វូនធំជាងគេទី៤នៅក្នុងពិភពលោកបើគិតក្នុងការដឹកជញ្ជូននាំចេញនោះ គឺជាកិច្ចព្រមព្រៀងធំបំផុតមិនធ្លាប់មានរបស់ក្រុមហ៊ុន Huawei ជាមួយក្រុមហ៊ុនចិនមួយ ដោយគ្របដណ្តប់លើផ្នែកជាច្រើនរួមទាំងអ៊ីនធឺណិត 5G និង Wi-Fi ក៏ដូចជាបច្ចេកវិទ្យាសំឡេង និងវីដេអូផងដែរ។
ក្រុមហ៊ុន Huawei បាននិយាយថា ខ្លួនមានកិច្ចព្រមព្រៀងប៉ាតង់ឆ្លងដែនជាមួយក្រុមហ៊ុនចំនួន ២០ រួមទាំងក្រុមហ៊ុនស្រុក និងបរទេសផងដែរ ហើយក្រុមហ៊ុន Samsung គឺជាអ្នកទទួលអាជ្ញាបណ្ណដ៏ធំបំផុតពីក្រុមហ៊ុន Huawei នៅក្នុងចំណោមក្រុមហ៊ុនបរទេសពាក់ព័ន្ធនឹងចំនួនឧបករណ៍ដែលត្រូវបានលក់ និងប៉ាតង់។ ចំណែកក្រុមហ៊ុន Oppo វិញគឺជាក្រុមហ៊ុនក្នុងស្រុកដ៏សំខាន់បំផុតដែលទទួលបានអាជ្ញាបណ្ណដូចក្រុមហ៊ុន Samsungនេះដែរ ផងដែរ។
ក្រុមហ៊ុន Huawei បាននិងកំពុងធ្វើការពង្រីកប្រាក់ចំណូលពីការលក់អាជ្ញាបណ្ណប៉ាតង់បន្ទាប់ពីការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកបានរំខានដល់អាជីវកម្មផលិតស្មាតហ្វូន និងឧបករណ៍ទូរគមនាគមន៍ស្នូលរបស់ខ្លួន។ Huawei គឺជាក្រុមហ៊ុនដំបូងគេក្នុងពិភពលោកដែលបានបង្កើតបន្ទះសំណុំបន្ទះឈីប 5G ប៉ុន្តែក្រុមហ៊ុននេះ បានបង្ខំចិត្តបោះបង់ចោលការផលិតបន្ទះឈីបនេះ បន្ទាប់ពីក្រុងវ៉ាស៊ីនតោនបានទប់ស្កាត់យ៉ាងខ្លាំងពីការទទួលបានបច្ចេកវិទ្យារបស់អាមេរិករួមទាំងក្រុមហ៊ុនផ្គត់ផ្គង់បន្ទះឈីបកំពូលៗផងដែរ។ ឥឡូវនេះក្រុមហ៊ុននេះអាចទិញបានតែបន្ទះឈីបសម្រាប់ទូរសព្ទចល័ត 4G ពីក្រុមហ៊ុន Qualcomm នៅសហរដ្ឋអាមេរិកតែប៉ុណ្ណោះ ប៉ុន្តែវានៅតែគ្រប់គ្រងផលប័ត្រប៉ាតង់ 5G ដ៏សម្បូរបែបដដែល។
លោក អាឡាន ហ្វាន (Alan Fan) ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុន Huawei បាននិយាយនៅសន្និសីទព័ត៌មានថា ក្រុមហ៊ុន Huawei បានបង្កើតផលប័ត្រប៉ាតង់ ដែលមានតម្លៃខ្ពស់ជាច្រើននៅក្នុងទីផ្សារពិភពលោកក្នុងវិស័យមួយចំនួនដូចជា 5G និង Wi-Fi ព្រមទាំងសំឡេង និងវីដេអូជាដើម។ កត្តានេះនឹងជួយឱ្យឧស្សាហកម្មរបស់ពួកគេបន្តការច្នៃប្រឌិតថ្មី និងផ្តល់ឱ្យអ្នកប្រើប្រាស់នូវផលិតផល និងសេវាកម្មដែលមានការប្រកួតប្រជែងកាន់តែច្រើន។
ក្រុមហ៊ុន Oppo បានប្រាប់ព័ត៌មាន Nikkei Asia ថា កិច្ចព្រមព្រៀងអាជ្ញាបណ្ណនេះ នឹងផ្តល់ឱ្យក្រុមហ៊ុននេះនូវលទ្ធភាពប្រើប្រាស់បច្ចេកវិទ្យា 5G កម្រិតខ្ពស់បំផុតរបស់ក្រុមហ៊ុន Huawei ខណៈដែលក្រុមហ៊ុន Huawei នឹងអាចប្រើប្រាស់ប៉ាតង់មួយចំនួនរបស់ក្រុមហ៊ុន Oppo។ លោក អេដល័រ ហ្វឹង (Adler Feng) ប្រធានផ្នែកកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុន Oppo បាននិយាយថា វាជាយុទ្ធសាស្តឈ្នះ-ឈ្នះសម្រាប់ភាគីទាំង២នេះ។
ក្រុមហ៊ុន Huawei មិនបានបង្ហាញពីតម្លៃនៃកិច្ចព្រមព្រៀងនេះទេ ប៉ុន្តែបាននិយាយថា ប្រាក់ចំណូលរបស់ខ្លួនពីការផ្ដល់អាជ្ញាបណ្ណប៉ាតង់គឺមានចន្លោះពី ១,២ ពាន់លានដុល្លារទៅ ១,៣ ពាន់លានដុល្លារចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ ហើយប្រាក់ចំណូលនេះកំពុងកើនឡើង។
បើនិយាយពីចំនួនប៉ាតង់ ដែលទទួលបានក្នុងឆ្នាំ២០២១ គឺក្រុមហ៊ុន Huawei បានជាប់ចំណាត់ថ្នាក់លេខ១ទាំងនៅរដ្ឋបាលកម្មសិទ្ធិបញ្ញាជាតិរបស់ចិន និងការិយាល័យប៉ាតង់របស់អឺរ៉ុប និងជាប់លេខ ៥ នៅការិយាល័យប៉ាតង់ និងពាណិជ្ជសញ្ញារបស់សហរដ្ឋអាមេរិក៕