អ្នកឧកញ៉ា សៀ ឫទ្ធី

អ្នកឧកញ៉ា សៀ ឫទ្ធី ៖ មុនចូលប្រឡូកក្នុងវិស័យជំនួញ យុវជនគួរចេញធ្វើការយកបទពិសោធន៍សិន តែកុំឲ្យលើស៥ឆ្នាំ


អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនវើលដ៍ប៊្រីដគ្រុប ដែលជាអ្នកជំនួញដ៏ល្បីល្បាញមួយរូបនៅកម្ពុជាយល់ឃើញថា យុវជន ដែលគ្មានមុខជំនួញក្នុងដៃ គួរធ្វើការឲ្យគេយកបទពិសោធន៍សិន មុនឈានទៅបើកអាជីវកម្មដោយខ្លួនឯង ព្រោះការហក់ចូលក្នុងមុខជំនួញលឿនពេក អាចធ្វើឲ្យយុវជនរងនូវហានិភ័យខ្ពស់នៃភាពបរាជ័យ។ ទោះយ៉ាងណា អ្នកឧកញ៉ា មិនលើកទឹកចិត្តឲ្យមនុស្សគ្រប់រូបធ្វើការឲ្យគេយូរឆ្នាំពេកនោះទេ ដ្បិតវាអាចធ្វើឲ្យបាត់បង់ឱកាសនៃការប្រកបអាជីវកម្ម និងការរីកចម្រើននៃសេដ្ឋកិច្ចគ្រួសាររបស់ពួកគេ។
អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនវើលដ៍ប៊្រីដគ្រុប

ក្នុងឱកាសធ្វើជាវាគ្មិនក្នុងសិក្ខាសាលាការតម្រង់ទិសសម្រាប់អាជីពការងារក្រោមប្រធានបទ«ការងារ ឬអាជីវកម្ម តើគួរជ្រើសរើសមួយណា? តើត្រូវត្រៀមខ្លួនអ្វីខ្លះ?»អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនវើលដ៍ប៊្រីដគ្រុបបានចែករំលែកបទពិសោធន៍អាជីវកម្ម និងចំណេះដឹងជំនួញជាច្រើនដល់សិក្ខាកាម ដែលភាគច្រើនជាយុវជនក្នុងអង្គសិក្ខាសាលានេះ។ អ្នកជំនួញដ៏ល្បីល្បាញរូបនេះបានផ្តល់ជាគំនិតថា យុវជនគ្រប់រូបដែលគ្មានមុខជំនួញក្នុងដៃ ឬមិនចង់បន្តអាជីវកម្មពីឪពុកម្តាយ គួរទៅធ្វើការឲ្យគេសិន មុនឈានទៅបង្កើតអាជីវកម្មដោយខ្លួនឯង ព្រោះការធ្វើបែបនេះអាចឲ្យយុវជនទទួលបានបទពិសោធន៍ និងចំណេះដឹងនៃការធ្វើជំនួញ ដែលអាចជួយកាត់បន្ថយហានិភ័យនៃភាពបរាជ័យ។

ការផ្តល់គំនិតបែបនេះ ក៏ដោយសារអ្នកឧកញ៉ា សៀ ឫទ្ធី មុនក្លាយជាអ្នកជំនួញដ៏ល្បីល្បាញមួយរូបនៅកម្ពុជា ក៏ធ្លាប់ឆ្លងកាត់បទពិសោធន៍ធ្វើការឲ្យគេដូចគ្នាដែរ។ ហើយសម្រាប់ការធ្វើការឲ្យគេទៀតសោត អ្នកឧកញ៉ា សៀ ឫទ្ធី ជំរុញឲ្យយុវជនត្រូវជ្រើសរើសការងារណា ដែលត្រូវនឹងចំណង់ចំណូលចិត្ត និងអាចយកធ្វើជាបទពិសោធន៍ និងជាគំរូសម្រាប់ការបើកអាជីវកម្មនាពេលអនាគត។ ពោលគឺយុវជនគួរជៀសវាងធ្វើការតែដើម្បីប្រាក់ខែ និងការងារណាដែលខ្លួនគិតថា មិនអាចយកធ្វើជាបទពិសោធន៍សម្រាប់បម្រើឲ្យអាជីវកម្មខ្លួននាថ្ងៃអនាគត។ ក្រៅសិក្សាបទពិសោធន៍គំនិតអាជីវកម្មពីកន្លែងការងារ ក្នុងអំឡុងពេលធ្វើការឲ្យគេ យុវជនត្រូវចេះអភិវឌ្ឍសមត្ថភាពតាមរយៈការសិក្សារៀនសូត្របន្ថែម និងចេះបង្កើតការងារថ្មីៗ ដែលអាចជួយបង្កើនសមត្ថភាព។

ទោះបីយ៉ាងនេះក្តី អ្នកឧកញ៉ា សៀ ឫទ្ធី មិនលើកទឹកចិត្តឲ្យយុវជនធ្វើការងារឲ្យគេច្រើនឆ្នាំពេកនោះទេ បើទោះបីការធ្វើបែបនេះអាចជួយឲ្យយុវជនអាចទទួលបានបទពិសោធន៍ លំហូរសាច់ប្រាក់នឹងនរ និងបង្កើតចំណងមិត្តភាពក៏ដោយ។ សម្រាប់អ្នកឧកញ៉ា សៀ ឫទ្ធី យុវជនដែលមានបំណងចង់បង្កើតអាជីវកម្មដោយខ្លួនឯងមិនគួរធ្វើការឲ្យគេលើសពី៥ឆ្នាំនោះឡើយ ព្រោះវាអាចធ្វើឲ្យបាត់បង់ឱកាសក្នុងការប្រកបអាជីវកម្ម និងភាពរីកធំធាត់ហិរញ្ញវត្ថុជាដើម។

គួរបញ្ជាក់ផងដែរថា សិក្ខាសាលា "ការតម្រង់ទិសសម្រាប់អាជីវកម្មការងារ" ក្រោមប្រធានបទ "ការងារ ឬអាជីវកម្ម តើគួរជ្រើសរើសមួយណា? តើត្រូវត្រៀមខ្លួនអ្វីខ្លះ?" ដែលរៀបចំដោយ MR Training and Jobs Center នៅមជ្ឈមណ្ឌលម៉ានី ក្នុងអាគារ KAMPUS ធ្វើឡើងក្នុងគោលបំណងចែករំលែកចំណេះដឹង ក្នុងវិស័យធុរកិច្ច និងសហគ្រិនជោគជ័យដល់យុវជនដែលកំពុងសិក្សានៅមហាវិទ្យាល័យ និងអ្នកដែលកំពុងស្វែងរកការងារ ឬចង់ចាប់ផ្តើមអាជីវកម្ម។

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលធ្វើជាធិបតីភាពក្នុងពិធីបិទសិក្ខាសាលាខាងលើបានជំរុញឲ្យសិក្ខាកាមដែលភាគច្រើនជាយុវជនត្រូវខិតខំសិក្សាស្វែងយល់ពីបទពិសោធន៍ជោគជ័យរបស់អ្នកជំនួញ និងពង្រឹងសមត្ថភាពបន្ថែម ដើម្បីបំពេញក្តីស្រមៃ ដែលចង់ក្លាយជាអ្នកជំនួញនាពេលអនាគត។ ទន្ទឹមនឹងអរគុណដល់វាគ្មិន ដែលបានចែករំលែកបទពិសោធន៍ និងចំណេះដឹងជំនួញដល់យុវជន ឯកឧត្តម បានក្រើនរំលឹកឲ្យយុវជនខិតខំតស៊ូ មានទំនួលខុសត្រូវ និងមានក្ដីសង្ឃឹមជឿជាក់លើសមត្ថភាពខ្លួនឯង៕




អត្ថបទបន្ទាប់


តៃវ៉ាន់ចង់អូសដៃចិនឡើងតតាំងគ្នានៅ WTO ជុំវិញសំណុំរឿងជម្លោះពាណិជ្ជកម្ម

ព័ត៌មាន
កោះតៃវ៉ាន់ អាចនឹងដឹកដៃចិនឡើងទៅអង្គការពាណិជ្ជកម្មពិភពភពលោក ដើម្បីតតាំងក្ដីគ្នា ជុំវិញរឿងជម្លោះពាណិជ្ជកម្ម បន្ទាប់ពីទីក្រុងប៉េកាំងបានបិទខ្…

ក្រោយរងការបង្ក្រាបពីអាមេរិក ក្រុមហ៊ុន Huawei ផ្តល់អាជ្ញាបណ្ណបច្ចេកវិទ្យា 5G សំខាន់ៗដល់ក្រុមហ៊ុន Oppo និង Samsung

ព័ត៌មាន
ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់ចិន Huawei Technologies បានផ្តល់អាជ្ញាបណ្ណបច្ចេកវិទ្យាកម្រិត 5G សំខាន់ៗដល់ក្រុមហ៊ុនចិន Oppo ដែលជាគូប្រជែងខ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ