អគាររលំបាក់សង្កត់មនុស្ស​នៅខេត្តកែប

សម្ដេច ហ៊ុន សែន ៖ គ្មានការដកតំណែងអភិបាលខេត្តកែបទេ


សម្ដេចហ៊ុន សែន នៅថ្ងៃទី ០៥ ខែមករា ឆ្នាំ២០២០នេះ បានប្រកាសថានៅក្នុងសន្និសីទក្រោយបិទបញ្ចប់ការរុករកជនរងគ្រោះក្នុងឧបទ្ទវហេតុរលំបាក់អគារនៅក្នុងខេត្តកែបថា គ្មានការដកតំណែងអភិបាលខេត្តកែប លោក កែន សត្ថា នោះទេ បើទោះបីជាមានមនុស្សមួយចំនួនពិសេសមន្ត្រីក្នុងជួររាជរដ្ឋាភិបាលជំរុញឲ្យមានការដកតំណែងអភិបាលខេត្តកែបយ៉ាងណា​ក៏ដោយ។ សម្ដេច ក៏បានព្រមាននឹងចាត់ការទៅលើអ្នកលើកឡើងឲ្យមានការតំណែងអភិបាលខេត្តកែបផងដែរ ពិសេសមន្ត្រីក្នុងជួរដ្ឋាភិបាលតែម្ដង។
សម្ដេច ហ៊ុន សែន ៖ គ្មានការដកតំណែងអភិបាលខេត្តកែបទេ (រូបភាព៖ ហ្វេសប៊ុក​សម្តេច ហ៊ុន សែន)
ដោយ

សម្ដេច ហ៊ុន សែន បាន​បញ្ជាក់ថា មាន​អ្នកបង្ហោះលើ​បណ្ដាញសង្គមហ្វេសប៊ុក​ និងមន្ត្រីរដ្ឋាភិបាលផង បាន​ផ្ញើសារ​ទៅក្នុង​បណ្ដាញទំនាក់ទំនង​របស់សម្ដេច ដូចជា Whatapp និង Telegram ជាមួយ ក្នុងគោលបំណង​ឲ្យដកតំណែងអ្នកនេះ អ្នកនោះ តែសម្ដេចថា នេះ ជាពេលវេលា​គិតពីរឿង​សំខាន់​ក្នុងការជួយសង្គ្រោះជីវិត​ពលរដ្ឋ​មិនមែនជាពេល​​គិតគូរពីអ្នកណាខុស អ្នកណាត្រូវនោះឡើយ។

សម្តេច ហ៊ុន សែន​ មានប្រសាសន៍ថា««នៅពេល​ដែល​កើតរឿងភ្លាម មានអ្នកបង្ហោះតាមហ្វេសប៊ុក ហើយក៏មាន​អ្នកវាយសារ ចូលមកក្នុង Whatapp និង Telegram របស់ខ្ញុំ ធ្វើការស្ដីបន្ទោសអ្នកនេះ ស្ដីបន្ទោសអ្នកនោះ ត្រូវការដកអ្នកនេះ ត្រូវការដកអ្នកនោះ ក្នុងពេល​ដែលយើង ជាប់ជំពាក់ក្នុងអ្វី​ដែលជាការគិតធំបំផុត គឺបញ្ហាសង្គ្រោះ​អាយុជីវិតរបស់ពលរដ្ឋរបស់យើង។ មិនមែនជាបញ្ហា​ត្រូវរករឿងអ្នកណាខុស​អ្នកណាត្រូវ នៅពេលនោះទេ នេះជារឿងនៅពេលក្រោយ។ ក៏ប៉ុន្ដែ ខ្ញុំអាចបញ្ជាក់​ក្នុងការជៀសវាង​នូវការសង្ស័យណាមួយ អភិបាលខេត្តកែប និងមន្ត្រី​មិនត្រូវបាន​ដកចេញពីតំណែងទេ»។ 

សម្ដេច ហ៊ុន សែន ក៏បាន​ព្រមាន​នឹង​ពិនិត្យ​ទៅលើ​មន្ត្រី​ក្នុងជួរដ្ឋាភិបាល​មួយចំនួន​ដែលបាន​បង្ហោះ​សារលើហ្វេសប៊ុក និង​អ្នកផ្ញើសារមកសម្ដេច ក្នុងគោលបំណង​ឲ្យដក​តំណែង​អភិបាលខេត្តកែបផងដែរ។

សម្តេច ហ៊ុន សែន​បាន​គូសបញ្ជាក់ទៀតថា ការរលំបាក់អគារ​នេះ វាមិនមែន​មានតែនៅកម្ពុជា នៅបណ្ដាប្រទេស​ជាច្រើន​ក៏មានដែរ តែមិនដែលឃើញ​មានការដកតំណែង​អភិបាលខេត្ត​ ឬក្រុង​នៅប្រទេសទាំងនោះទេ។ សម្តេច បន្តថា កំហុសធំ​គឺដោយសារតែ​ការសាងសង់​ខុសបច្ចេកទេស​របស់មេការសំណង់ ប៉ុន្ដែយ៉ាងណា​មេការសំណង់​និងកូន​របស់គាត់​ក៏បាន​បាត់បង់ជីវិត​ក្នុង​ហេតុការណ៍នេះដែរ។

សម្តេចហ៊ុន សែនមានប្រសាសន៍ដូច្នេះ «បឋមវិភាគលើបច្ចេកទេស៖ ទីមួយ សសៃដែក​តូចជាងស្តង់ដារ; ទីពីរ ក្តារពុម្ព ដកមុនកំណត់ ប្រហាក់ប្រហែល​តែជាងដប់ថ្ងៃ! តែមេការសំណង់​និងកូនប្រុស​បានស្លាប់​ក្នុង​កម្ទេចសំណង់»

សូមជម្រាបថា ក្រោយពីបាន​បិទបញ្ចប់​ការរុករក​​ក្រុម​រុករក​បានរកឃើញ អ្នករងគ្រោះក្នុង​ឧបទ្ទវេហេតុនេះ ចំនួន ៥៩នាក់ ក្នុងនោះ អ្នកស្លាប់មានចំនួន ៣៦ នាក់​អ្នកដែលរស់រាន​មានជីវិត​ចំនួន​ ២៣នាក់។

ក្នុងនោះដែរ អ្នករបួសម្នាក់ៗ​ទទួល​បានថវិកា​របស់​រដ្ឋាភិបាលចំ​នួន ១ម៉ឺនដុល្លារ និងអ្នករបួស ៧នាក់​ដែលជា​ករណី​ពិសេស​ចុងក្រោយ​ទទួល​បាន​ថវិកា ២ ម៉ឺនដុល្លារ,សាកសពទទួលបានម្នាក់ ៥ ម៉ឺនដុល្លារ​អាមេរិក និងថវិកាធ្វើបុណ្យចំនួន ១០លានរៀល។

មកទល់នឹង​ម៉ោង​១២ថ្ងៃត្រង់​ថ្ងៃទី ០៥ មករានេះ  ​រដ្ឋាភិបាល​បានទទួល​ថវិកា​ឧបត្ថម្ភ​ពីសប្បុរសជន​ចំនួន​ 1,៧ លាន​ដុល្លា​អាមេរិក៕ 

None



អត្ថបទបន្ទាប់


បញ្ចប់ការរុករក អ្នកស្លាប់មាន ៣៦នាក់ និងរបួស ២៣នាក់ ក្នុងករណី​បាក់រលំអគារ​នៅក្នុងខេត្តកែប

ករណី​អគារ​បាក់រលំ​សង្កត់មនុស្ស​ នៅក្នុងខេត្តកែប គិតមកដល់ម៉ោង ១១ : ៤៧ នាទី មនុស្សស្លាប់ ៣៦នាក់ និង ជនរងគ្រោះ ២៣នាក់ (៥៩នាក់) ខណៈដែល​…

បុរី ប៉េង ហួ ត ប្រើ​បច្ចេកវិទ្យា​ថ្មី លើ​កម្មវិធី​ទូរស័ព្ទដៃ Mobile App របស់​ខ្លួន

បច្ចុប្បន្ននេះ ជាយុគសម័យទំនើប ដូច្នេះហើយទើបទូរស័ព្ទ​បាន​ក្លាយ​ជា​ឧបករណ៍​សម្រាប់​ទំនាក់ទំនង និង​ស្វែងរក​ព័ត៌មាន​ផ្សេងៗ បាន​យ៉ាង​ងាយ​ស្រ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ