ការជំរុញបែបនេះធ្វើឡើងក្រោយ សម្តេច មើលឃើញការឆ្លងជំងឺកូវីដ-១៩ នៅប្រទេសទាំងពីរហាក់មានភាពធូរស្បើយ ស្របពេលកម្ពុជាបានបើកតំបន់ទេសចរណ៍ទទួលភ្ញៀវទេសចរបរទេស ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩។ ជាមួយគ្នានេះ កម្ពុជារំពឹងថា ជប៉ុននឹងចូលរួមកិច្ចប្រជុំអាស៊ាននៅឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ។
នាជំនួបតាមប្រព័ន្ធវីដអូជាមួយឯកឧត្តម ហ្វមីអូ គីស៊ីដា នាយករដ្ឋមន្ត្រីជប៉ុន នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានស្នើឲ្យថ្នាក់ដឹកនាំជប៉ុនរូបនេះ បន្តជំរុញវិនិយោគិនរបស់ខ្លួន ឲ្យបន្តមកបោះទុនវិនិយោគលើវិស័យផ្សេងៗនៅកម្ពុជាបន្ថែមទៀត ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មសេដ្ឋកិច្ចរវាងប្រទេសទាំងពីរឲ្យកាន់រឹងមាំ។ ក្នុងជំនួបនោះដែរ សម្តេច បានឆ្លៀតស្នើជប៉ុនជំរុញក្រុមហ៊ុនអាកាសចរណ៍ ANA របស់ជប៉ុនឲ្យបើកជើងហោះហើរត្រង់ពីទីក្រុងតូក្យមកកម្ពុជាឡើងវិញ បន្ទាប់ពី សម្តេច សង្កេតឃើញការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅប្រទេសទាំងពីរហាកមានភាពធូរស្បើយ។ បន្ថែមលើនេះ សម្តេច ក៏ស្នើឲ្យភាគីជប៉ុនបន្តជួយគាំទ្រការបណ្តុះបណ្តាលដល់និស្សិតកម្ពុជាតាមរយៈការផ្តល់អាហារូបករណ៍ផងដែរ។
ក្នុងជំនួបខាងលើ ថ្នាក់ដឹកនាំប្រទេសទាំងពីរក៏ថែមទាំងបានពិភាក្សាគ្នាលើចំណុចសំខាន់ៗជាច្រើនទៀត ជាពិសេសពាក់ព័ន្ធទំនាក់ទំនងទ្វេភាគី តំបន់ និងពិភពលោក។ ពាក់ព័ន្ធនឹងទំនាក់ទំនងទ្វេភាគី សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា។ ជាពិសេសការផ្តល់នូវជំនួយនានាសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ មានដូចជាវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ រថយន្តសង្គ្រោះ និងបរិក្ខារពេទ្យដទៃទៀត។ សម្តេច បានចាត់ទុកជំនួយទាំងអស់នេះថា វាបានឆ្លើយតបយ៉ាងសំខាន់សម្រាប់កម្ពុជាក្នុងការយកឈ្នះលើការរាតត្បាតនៃជំងឺកូវីដ១៩។ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា នាយករដ្ឋមន្ត្រីជប៉ុនរូបនេះ នឹងអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០២២ ពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងឆ្លៀតអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាផងដែរ។ សម្តេចតេជោ ក៏បានឆ្លៀតសង្កត់ធ្ងន់ជាចុងក្រោយថា កម្ពុជា ជាមិត្តមួយដ៏ស្មោះត្រង់របស់ជប៉ុន។
គួររំលឹកថា ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុននៅ១០ខែឆ្នាំ២០២១ សម្រេចបានជាង១ពាន់៤រយលានដុល្លារអាមេរិក កើនឡើង១,៣% បើធៀបនឹង១០ខែកាលពីឆ្នាំមុនដែលសម្រេចបានជិត១ពាន់៤រយលានដុល្លារអាមេរិក។ ក្នុងនោះកម្ពុជានាំចេញទៅជប៉ុនសម្រេចបានជាង៩២០លានដុល្លារអាមេរិក ខណៈជប៉ុននាំចូលមកកម្ពុជាសម្រេចបានជិត៥០០លានដុល្លារអាមេរិក៕