អាស៊ានមិនត្រូវការជ្រើសរើសមហាអំណាចណាមួយនោះឡើយ

សម្ដេចតេជោ ហ៊ុន សែន អះអាងថា អាស៊ានមិនត្រូវការជ្រើសរើសមហាអំណាចណាមួយនោះឡើយ


ថ្លែងចេញពីវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស-ក្លូស្ទើរ ប្រទេសស្វីស នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ក្នុងនាមកម្ពុជា គឺជាប្រធានអាស៊ានឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងគូសបញ្ជាក់ចំៗ នៅមុខបណ្ដាថ្នាក់ដឹកនាំ និងឥស្សរជនសំខាន់ៗជាច្រើនថា អាស៊ានមិនត្រូវការជ្រើសរើសមហាអំណាចណាមួយនោះឡើយ។ ជាមួយគ្នានោះ សម្ដេចក៏បានសង្កត់ធ្ងន់ដែរថា អាស៊ានក៏មានគំនិតផ្ដួចផ្ដើមសម្រាប់តំបន់ខ្លួនផងដែរ ដូច្នេះ អាស៊ានមិនមែនចាំបាច់ត្រូវតែគាំទ្រអ្នកដទៃនោះទេ ប៉ុន្ដែសុំឲ្យអ្នកដទៃជួយគាំទ្រអាស៊ានវិញ។
សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថាក្នុងកម្មវិធីពិភាក្សាក្រោមប្រធានបទ ទិដ្ឋភាពយុទ្ធសាស្រ្ត ស្តីពីអាស៊ាន និងតួនាទីជាប្រធានអាស៊ានរបស់កម្ពុជាក្នុងឆ្នាំ២០២២ នៅទីក្រុងដាវ៉ូស ក្លូស្ទើរ រូបភាព៖ SPM page

នៅក្នុងកម្មវិធីពិភាក្សាមួយក្រោមប្រធានបទ «ទិដ្ឋភាពយុទ្ធសាស្រ្ត ស្តីពីអាស៊ាន និងតួនាទីជាប្រធានអាស៊ានរបស់កម្ពុជា ក្នុងឆ្នាំ២០២២» នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងគូសបញ្ជាក់ថា ការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ បានធ្វើឲ្យអាស៊ានជួបបញ្ហាលំបាកជាច្រើន ដោយសម្ដេចបានលើកយកគំនិតផ្ដួចផ្ដើមឥណ្ឌូប៉ាស៊ីហ្វិក ជាច្រើនរវាងបណ្ដាប្រទេសនីមួយៗ ដូចជា ឥណ្ឌូប៉ាស៊ីហ្វិក-អាមេរិក,ឥណ្ឌូប៉ាស៊ីហ្វិក-អូស្ដ្រាលី,ឥណ្ឌូប៉ាស៊ីហ្វិក-ជប៉ុន,ឥណ្ឌូប៉ាស៊ីហ្វិក-អឺរ៉ុប និងគំនិតផ្ដួចផ្ដើមដទៃទៀត ដែលពាក់ព័ន្ធក្នុងតំបន់។ សម្រាប់កម្ពុជា ជាប្រធានអាស៊ាននាឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសជាគោលការណ៍ថា គំនិតផ្ដួចផ្ដើមណាក៏ដោយដែលទាក់ទងនឹងឥណ្ឌូប៉ាស៊ីហ្វិក គឺត្រូវបម្រើដល់គោលបំណង ៣យ៉ាង។ ក្នុងនោះរួមមាន ​ទី១.ត្រូវបម្រើដល់សន្តិភាព និងការអភិវឌ្ឍន៍,ទី២.ត្រូវឈរលើគោលការណ៍កណ្ដាល,និងទី៣.ត្រូវបម្រើដល់មជ្ឍភាពរបស់អាស៊ាន។ ក្នុងន័យនេះ សម្ដេចក៏បានគូសបញ្ជាក់ថា អាស៊ានមិនចាំបាច់តែគាំទ្រអ្នកដទៃនោះទេ តែសុំឲ្យអ្នកដទៃគាំទ្រលើអាស៊ានវិញ។

ដោយឡែក ពាក់ព័ន្ធនឹងបញ្ហាជាច្រើនដែលកំពុងកើតមាន ទាំងនៅក្នុងតំបន់ និងពិភពលោក ដូចជា បញ្ហារាតត្បាតនៃជំងឺកូវីដ១៩ បញ្ហាសមុទ្រចិនខាងត្បូង និងបញ្ហាសង្រ្គាមរុស្សី-អ៊ុយក្រែន ជាដើម សុទ្ធតែជាបញ្ហាដ៏ក្ដៅគគុក ដែលពិភពលោកត្រូវតែរួមគ្នា ដើម្បីដោះស្រាយ ខណៈបញ្ហាវិបត្តិស្បៀងអាហារ អាចនឹងកើតឡើង ដោយសារឥទ្ធិពលរបស់សង្រ្គាមឈ្លានពានរបស់រុស្សី លើអ៊ុយក្រែន។ ជាមួយគ្នានោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងពីផលប៉ះពាល់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរលើពិភពលោក ដោយសារតែឥទ្ធិពលសង្រ្គាមរុស្សី និងអ៊ុយក្រែន បន្ថែមនឹងការដាក់ទណ្ឌកម្មជាបន្តបន្ទាប់ ទៅលើប្រទេសរុស្សី។ សម្ដេចនាយករដ្ឋមន្រ្តីនៃកម្ពុជា គូសបញ្ជាក់ទៀតថា ការដាក់ទណ្ឌកម្មលើរុស្សី ជាបន្តបន្ទាប់ពីបណ្ដាប្រទេសជាច្រើនលើពិភពលោក វាមិនត្រឹមតែប៉ះពាល់ដល់ប្រទេសរុស្សី នោះទេ តែបញ្ហានេះ បានជះឥទ្ធិពលជាអវិជ្ជមានលើបណ្ដាប្រទេសជាច្រើនលើពិភពលោក រួមទាំងអាស៊ាន ពិសេសប៉ះពាល់ខ្លាំងដល់ប្រទេសដែលក្រីក្រ ដែលបញ្ហានេះ ទាមទារមានដំណោះស្រាយឲ្យបានឆាប់រហ័ស ខណៈការដាក់ទណ្ឌកម្ម​ជាបន្តបន្ទាប់លើរុស្សី មិនមែនជាដំណោះស្រាយល្អ នោះទេ។

យ៉ាងណាដោយ ក្នុងនាមកម្ពុជា ជាប្រធានអាស៊ាន ឆ្នាំ២០២២ សម្ដេច ហ៊ុន សែន បានសង្កត់ធ្ងន់ថា អ្វីដែលអាស៊ានត្រូវធ្វើ គឺការជំរុញ​ការធ្វើសមាហរណកម្មឲ្យបានឆាប់ តាមរយៈក្របខណ្ឌមួយចំនួន ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​រវាងអាស៊ាន ជាមួយដៃគូដទៃ រួមទាំងកិច្ចព្រមព្រៀងRCEP ដែលបានចូលជាធរមានជាដើម។ ក្នុងនាមជាប្រធានអាស៊ាន សម្តេចបានថ្លែងថា សម្ដេចនឹងប្រឹងប្រែង ក្នុងការជំរុញ​នូវកិច្ចសហប្រតិបត្តិការ​រវាងអាស៊ាន និងសហភាពអឺរ៉ុប ផងដែរ។

សូមបញ្ជាក់ថា វេទិកាសេដ្ឋកិច្ចពិភពលោក បានប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី២២ ដល់ថ្ងៃ ទី២៦ ខែឧសភា ឆ្នាំ២០២២ ក្រោមមូលបទ «ការត្រៀមខ្លួនសម្រាប់យុគសម័យក្រោយជំងឺកូវីដ១៩»។ កិច្ចប្រជុំនេះ មិនត្រឹមតែជាការចែករំលែក និងពិភាក្សាក្នុងនាមកម្ពុជា ប៉ុណ្ណោះទេ ប៉ុន្តែ ក៏បង្ហាញពីភាពជាប្រធានរបស់កម្ពុជា ក្នុងក្របខណ្ឌអាស៊ាន ការលើកស្ទួយបេសកម្មអាស៊ាន ដល់ពិភពលោក ផងដែរ។ កិច្ចប្រជុំប្រចាំឆ្នាំ២០២២ គឺជាវេទិកាសំខាន់មួយ ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំប្រមាណជាង២ពាន់នាក់ ជុំវិញពិភពលោក មកពីវិស័យនយោបាយ ធុរកិច្ច សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយ ជាដើម។ កិច្ចប្រជុំនេះ ផ្តោតសំខាន់លើកិច្ចពិភាក្សាជុំវិញមូលបទ ប្រវត្តិសាស្ត្រនៅចំណុចរបត់,គោលនយោបាយរបស់រដ្ឋាភិបាល និងយុទ្ធសាស្ត្រធុរកិច្ច ដើម្បីធ្វើឲ្យពិភពលោកកាន់តែប្រសើរ។

សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ នឹងវិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញ ក្រោយបញ្ចប់បេសកកម្មដ៏មានសារៈសំខាន់ ក្នុងការចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នៅប្រទេសស្វីស។ ខណៈនៅចុងខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ សម្តេចអាចនឹងធ្វើដំណើរទៅក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក ដើម្បីចូលរួមកិច្ចប្រជុំ និងអបអរសាទរខួប ៤៥ឆ្នាំ នៃទំនាក់ទំនងរវាងអាស៊ាន និងអឺរ៉ុប។ នេះបើតាមការបញ្ជាក់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២៕

None



អត្ថបទបន្ទាប់


ឧបករណ៍ដោះស្រាយបញ្ហាប្រព័ន្ធភ្លើងរថយន្តលំដាប់អន្តរជាតិ CTEK បានមកដល់កម្ពុជាហើយ

ថ្មីៗនេះ Iron Motors ដែលជាក្រុមហ៊ុនឈានមុខមួយក្នុងវិស័យយានយន្តកម្ពុជា បាននាំចូលឧបករណ៏ថែទាំ និងដោះស្រាយប្រព័ន្ធភ្លើងយានយន្តដ៏ឆ្លាតវៃ មានដ…

WHO ថាអ្នកឆ្លងជំងឺអុតស្វាមាននៅ១៩ប្រទេសហើយ ប៉ុន្ដែជំងឺនេះអាចគ្រប់គ្រងបាន

ករណីឆ្លងជំងឺអុតស្វា ដែលទើបតែចាប់ផ្ដើមរីករាលដាលថ្មីៗនេះ ត្រូវបានអង្គការសុខភាពពិភពលោករកឃើញជាបន្តបន្ទាប់នៅបណ្តាប្រទេសចំនួន ១៩ប្រទេស នៅលើសក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ