សម្តេច ហ៊ុន សែន អះអាងយ៉ាងដូច្នេះ នៅក្នុងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី ៣ ដែលបានធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ នាព្រឹកថ្ងៃទី ២៤ ខែសីហានេះ។
សម្តេចហ៊ុន សែន បានគូសបញ្ជាក់ទៀតថា ស្ថិតក្នុងកាលៈទេសៈដែលយើងមិនទាន់ដឹងថា តើកូវីដ-១៩ នឹងត្រូវបញ្ចប់នាពេលណានោះ ការធានាបាននូវសន្ដិសុខស្បៀង គឺជារឿងដ៏ចាំបាច់មួយ ហើយវាក៏ត្រូវការ ការជំរុញលើការផលិតស្បៀងអាហារបន្ថែមផងដែរ ។ សម្តេច បន្ថែមថា ក្នុងបរិការណ៍នេះ ដោយសារតែបណ្ដាប្រទេសចំនួន ៥ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង រួមមានថៃ ឡាវ មីយ៉ាន់មា វៀតណាម និងកម្ពុជា សុទ្ធសឹងជាប្រទេសផលិតស្បៀងអាហារនោះ ដូច្នេះយើងសង្ឃឹមថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ នឹងមានការជំរុញលើការធ្វើពាណិជ្ជកម្មកសិកម្ម រវាងប្រទេសទាំង៥នេះ ជាមួយនឹងប្រទេសចិនកាន់តែប្រសើរឡើងថែមទៀត។ ក្នុងន័យនេះ សម្តេច រំពឹងថា នឹងមានផលិតផលកសិកម្មកាន់តែច្រើនថែមទៀតនឹងអាចនាំចូលទៅកាន់ប្រទេសចិន ជាមួយនឹងកំណើនកាន់តែខ្ពស់ផងដែរ។
បើតាមទិន្នន័យដែលបានបង្ហាញនៅក្នុងកិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី ៣ នេះ បានឲ្យដឹងថា ទំហំពាណិជ្ជកម្មរវាងប្រទេសចិន និងបណ្ដាប្រទេសទាំង៥នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង កាលពីឆ្នាំ២០១៩ សម្រេចបានជាង២៨៥ ពាន់លានដុល្លារអាមេរិក កើនឡើង ២៨% ធៀបនឹងឆ្នាំ២០១៧។ ជាមួយគ្នានោះដែរ ការវិនិយោគផ្ទាល់របស់ចិន មកកាន់បណ្ដាប្រទេសមេគង្គ-ឡានឆាងទាំង៥នេះ មានដល់ទៅជាង៥១ ពាន់លានដុល្លារអាមេរិក កើនឡើង៨៦%។
គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងអនាគតនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង សម្តេច ហ៊ុន សែន ក៏បានថ្លែងវាយតម្លៃខ្ពស់ចំពោះចក្ខុវិស័យរបស់ឯកឧត្តម លី កឺឈាង នាយករដ្ឋមន្ត្រីចិន ហើយសម្តេច ក៏បានគាំទ្រនូវសំណើររបស់ប្រទេសចិន ក្នុងវិស័យអាទិភាពចំនួន៤ រួមមាន៖ ទី១ គឺការតភ្ជាប់តាមរយៈការកសាងខ្សែ ក្រវាត់អភិវឌ្ឍសេដ្ឋកិច្ចមេគង្គ-ឡានឆាង និងជំរុញសហថាមភាពជាមួយនឹងច្រករបៀងពាណិជ្ជកម្មតាមដី-សមុទ្រអន្តរជាតិថ្មី។ ទី២ កិច្ចសហប្រតិបត្តិការធនធានទឹក។ ទី៣ ការអភិវឌ្ឍប្រកបដោយចីរភាពក្នុងវិស័យកសិកម្ម និងបរិស្ថាន និងទី ការលើកម្ពស់សុខភាពសាធារណៈតាមរយៈការបង្កើតឡើងនូវសហគមន៍សុខភាពសាធារណៈមេគង្គ-ឡានឆាង៕