ក្រុមហ៊ុនប្រេង និងឧស្ម័នខ្នាតយក្ស ដែលគ្រប់គ្រងដោយរដ្ឋចិន CNOOC បានបញ្ជាក់ថា ធនធានរ៉ែប្រេងថ្មីៗរាប់រយតោនខាងលើ ត្រូវបានរកឃើញនៅតំបន់អណ្ដូងរ៉ែប្រេងទឹកជ្រៅ ខៃភីង ភាគខាងត្បូង (Kaiping South) របស់ខ្លួនស្ថិតក្នុងតំបន់ដីសណ្ដទន្លេគជ់ (Pearl River) ក្បែរខេត្តគ័ងតុង ឬ ក្វាងទុង (Guangdong) ប្រទេសចិន។
ក្រុមហ៊ុន CNOOC បានបោះទុនវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់លើការអភិវឌ្ឍធនធានរ៉ែប្រេង និងឧស្ម័នបម្រុងនៅឈូងសមុទ្រប្រទេសចិន ដើម្បីប៉ះប៉ូវការធ្លាក់ចុះទិន្នផលផលិតកម្មនៅតាមអណ្ដូងរ៉ែប្រេង និងឧស្ម័នចាស់ៗដែលស្ថិតនៅលើដីគោក។ ក្រុមហ៊ុននេះបានដំឡើងគោលដៅផលិតកម្មរបស់ខ្លួននៅឆ្នាំ២០២៤ នេះ ប្រមាណ៨%ឈានដល់កម្រិតកំណត់ត្រាចន្លោះពីប្រមាណ៧០០លានបារ៉ែលទៅ៧២០លានបារ៉ែល។
សមុទ្រចិនខាងត្បូង មានឈ្មោះល្បីល្បាញជាយូរមកហើយថា ជាតំបន់ដែលសម្បូរទៅដោយធនធានធម្មជាតិ និងជាផ្លូវពាណិជ្ជកម្មដ៏សំខាន់ ហើយដោយសារតែបែបនេះហើយទើបវាក្លាយជាចំណុចដ៏រសើបមួយ ដែលបង្កឱ្យមានភាពតានតឹងក្នុងចំណោមប្រទេសជាច្រើន។
តាមការប៉ាន់ប្រមាណ ក្នុងមួយឆ្នាំៗទំហំពាណិជ្ជកម្មពិភពលោករហូតដល់ទៅជាង៥ទ្រីលានដុល្លារបានឆ្លងកាត់តំបន់នេះ ខណៈដែលធនធានឧស្ម័នធម្មជាតិ និងអ៊ីដ្រូកាបូន ឬ ឧស្ម័នធ្យូងថ្មយ៉ាងច្រើនសន្ធឹកសន្ធាប់ត្រូវបានរកឃើញជាបន្តបន្ទាប់។
ប្រទេសជាច្រើនរួមមានមហាយក្សចិន វៀតណាម ម៉ាឡេស៊ី ព្រុយណេ ហ្វីលីពីន និងកោះតៃវ៉ាន់ សុទ្ធតែអះអាងសិទ្ធិកាន់កាប់ទឹកដីត្រួតស៊ីគ្នាក្នុងចំណោមកោះ ផ្ទាំងថ្ម និងប្រជុំកោះដ៏ធំល្វឹងល្វើយនៅក្នុងសមុទ្រចិនខាងត្បូង ជាហេតុឈានទៅរកភាពតានតឹងដែលគំរាមកំហែងដល់សន្តិភាព និងវិបុលភាពរបស់តំបន់៕
ដោយ: តែម សុខុម