លោកជំទាវ កែវ មុំ ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា (CPMEC) បានលើកឡើងថា នៅពេលនេះ ការបើកច្រកព្រំដែនកម្ពុជាជាមួយថៃ ឡើងវិញ មិនមែនជារឿងល្អប្រសើរនោះទេ ព្រោះលំហូរនៃផលិតផលថៃនឹងហូរចូលមកកម្ពុជា យ៉ាងច្រើន ដែលអាចធ្វើឱ្យប៉ះពាល់ដល់ខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក ដែលនាំឱ្យពិបាកក្នុងការប្រកួតប្រជែងជាមួយតម្លៃ ហើយស្របពេលគ្នានេះ ផលិតករខ្មែរ ក៏កំពុងពង្រឹង និងពង្រីកសមត្ថភាពផលិតរបស់ខ្លួនផងដែរ។ សម្រាប់អ្នកជំនួញរូបនេះ កាលណាបិទច្រកព្រំដែនកម្ពុជា ជាមួយថៃ បានកាន់តែយូរកាន់តែជំរុញឱ្យមានភាពវិជ្ជមាន ក៏ដូចជារំលឹកដល់ប្រជាពលរដ្ឋខ្មែរកុំឱ្យឆាប់ភ្លេចចំពោះការប្រមាថរបស់ប្រជាជាតិថៃ កាលពីកន្លងទៅ ដែលថា ខ្មែរមិនអាចរស់នៅដោយអត់ផលិតផលថៃបាន។
ជាមួយគ្នានេះ លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច យល់ឃើញថា ការបិទច្រកព្រំដែនដោយឯកតោភាគីរបស់ថៃ កាលពីកន្លងមកនេះ ចង់ឬមិនចង់ពាណិជ្ជករថៃ មួយចំនួននឹងរងផលប៉ះពាល់ ដែលទាមទារឱ្យរដ្ឋាភិបាលថៃ ត្រូវតែមានវិធានការដោះស្រាយ។ តែយ៉ាងណាអ្នកជំនាញរូបនេះ សង្កេតឃើញថា ក្រោយមានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា និងថៃរួច ការចាត់វិធានការកែសម្រួលឱ្យមានប្រក្រតីភាពឡើងវិញនៅតាមខ្សែបន្ទាត់ព្រំដែន ទំនាក់ទំនងការទូត ការធ្វើពាណិជ្ជកម្មជាដើម នឹងចាប់ផ្ដើមឡើងវិញ។
ដោយឡែក លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្រ្តនយោបាយ សង្កេតឃើញថា ក្រោយថៃ បានបិទច្រកព្រំដែនទាំងស្រុងជាមួយកម្ពុជា បានធ្វើឱ្យពាណិជ្ជករថៃ ដែលមានមុខរបររកស៊ី និងធ្លាប់នាំចូលមកកម្ពុជា បានរអ៊ូរទាំជុំវិញការធ្លាក់ចុះសេដ្ឋកិច្ចរបស់ពួកគេ និងបានដាក់សំណើទៅរដ្ឋាភិបាលថៃ ដើម្បីធ្វើយ៉ាងណាឱ្យមានបើកច្រកព្រំដែនឡើងវិញ តែត្រូវបានលោក អានុទីន បដិសេធ ព្រោះបារម្ភខ្លាចនាំឱ្យប៉ះពាល់ដល់មុខមាត់ប្រទេសថៃ។ បើតាមអ្នកជំនាញរូបនេះ ប្រសិនបើថៃ មិនព្រមបើកច្រកព្រំដែនឡើងវិញដោយខ្លួនឯងតាមការប្រកាសរបស់កម្ពុជាទេ នោះថៃនឹងប៉ះពាល់កាន់តែខ្លាំងបន្ថែមទៀត។ ទោះមានការបើកច្រកព្រំដែនឡើងវិញ តែអ្នកជំនាញរូបនេះបន្តស្នើឱ្យពលរដ្ឋបន្តស្មារតីជាតិនិយម ដើម្បីជួយលើកកម្ពស់អាជីវកម្មក្នុងស្រុក និងសេដ្ឋកិច្ចជាតិ។
គួរបញ្ជាក់ថា ក្រោយពលរដ្ឋខ្មែរនាំគ្នាធ្វើពហិការមិនប្រើប្រាស់ទំនិញរបស់ថៃ ហើយមកគាំទ្រផលិតខ្មែរក្នុងស្រុកបានធ្វើឱ្យកំណើនការផលិតក្នុងស្រុកកើនឡើងទ្វេដង។ ជាក់ស្ដែងក្នុងខែសីហា ឆ្នាំ២០២៥ មានចំនួនផលិតករបានចុះឈ្មោះបញ្ជីម៉ាកផលិតផលនៅក្រសួងពាណិជ្ជកម្មរហូតដល់ទៅ៣២៤ផលិតផល កើនឡើងជិត២១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យដែលទទួលបានពីក្រសួងពាណិជ្ជកម្ម៕
អត្ថបទ៖ ជា ម៉ារ៉ា