អ្នកជំនាញក្នុងវិស័យចិញ្ចឹមសត្វនៅកម្ពុជាបានអះអាងថា ការហូរចូលគ្រឿងសមុទ្រ និងសាច់បង្កកខូចគុណភាពដោយខុសច្បាប់ចង់ ឬមិនចង់វានឹងធ្វើឲ្យប៉ះពាល់ដល់ទីផ្សារកាប់សាច់ និងការចិញ្ចឹមនៅកម្ពុជា ជាពិសេសវានឹងធ្វើឲ្យប៉ះពាល់សុខភាពរបស់ប្រជាពលរដ្ឋ។ ក្រៅពីសាច់ខូចគុណភាពមន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប បានរកឃើញ និងដកហូតផលិតផល និងទំនិញកំពុងចរាចរណ៍លក់នៅលើទីផ្សារខូចគុណភាព និងផុតរយៈពេលប្រើប្រាស់ជាង៨០០គីឡូក្រាមយកមកកំទិចចោលផងដែរនៅក្នុងសីហា កន្លងទៅ។
លោក លី ឡាវីល ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានគូសបញ្ជាក់ថា ការនាំចូលគ្រឿងសមុទ្រ និងសាច់បង្កកដោយខុសច្បាប់ចង់ឬមិនចង់វានឹងធ្វើឲ្យប៉ះពាល់ដល់ទីផ្សារលក់សាច់ និងការចិញ្ចឹមរបស់ប្រជាពលរដ្ឋនៅកម្ពុជា។ ប៉ះពាល់ក៏ដោយលំហូរចូលនៃសាច់ទាំងនេះវាបានទាញទម្លាក់តម្លៃសាច់ និងសត្វដែលចិញ្ចឹមនៅក្នុងស្រុកឲ្យមានការធ្លាក់ចុះ ក៏ដូចជាធ្វើឲ្យទីផ្សារសាច់ក្នុងស្រុកកាន់តែមានភាពប្រកួតប្រជែងផងដែរ។ ការហូរចូលគ្រឿងសមុទ្រ និងសាច់បង្កក ដែលគ្មានប្រភពច្បាស់លាស់នេះ ក៏អាចបង្កជាហានិភ័យដល់សុខភាពរបស់ប្រជាពលរដ្ឋ ដែលជាអ្នកបរិភោគផងដែរ។
ថ្នាក់ដឹកនាំសមាគមអ្នកចិញ្ចឹមសត្វរូបនេះសង្កេតឃើញថា នៅប៉ុន្មានខែកន្លងមានការនាំចូលសាច់បង្កក និងសត្វរស់ដូចជាមាន់ និងជ្រូកជាដើមយ៉ាងច្រើនចូលមកទីផ្សារកម្ពុជា ដែលធ្វើឲ្យកសិករមួយចំនួនបោះបង់ការចិញ្ចឹម ដោយសារតម្លៃសត្វ ដែលពួកគេចិញ្ចឹមធ្លាក់ថ្លៃខ្លាំង ដ្បិតសត្វ និងសាច់បង្កកដែលនាំចូលពីប្រទេសជិតខាងមានតម្លៃថោក។ យ៉ាងណាមិញ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជាមិនហាមឃាត់ឲ្យមានការនាំចូលនោះទេ តែការនាំចូលត្រូវធានាគុណភាព និងមានប្រភពច្បាស់លាស់ ដ្បិតសាច់នាំចូលអាចមានគុណភាពខ្ពស់ ហើយវាក៏ជាផ្នែកមួយក្នុងការរួមចំណែកជួយទប់ស្កាត់ការកើនឡើងអតិផរណាតម្លៃទំនិញនៅកម្ពុជាផងដែរ។
ជុំវិញការនាំចូលសាច់បង្កកនេះឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំបានគូសបញ្ជាក់ថា ក្នុងគោលបំណងការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ និងជំរុញឱ្យបរិយាកាសនៃការប្រកួតប្រជែងក្នុងពាណិជ្ជកម្មប្រព្រឹត្តទៅប្រកបដោយសមធម៌ និងយុត្តិធម៌ ដែលត្រូវបានកំណត់ក្នុងផែនការយុទ្ធសាស្ត្របញ្ចកោណសម្រាប់អនុវត្តក្នុងបេសកកម្មរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា អគ្គនាយកដ្ឋាន ក.ប.ប.ក្រោមកិច្ចសហការជាមួយភាគីពាក់ព័ន្ធបានធ្វើប្រតិបត្តិការចុះត្រួតពិនិត្យគុណភាពផលិតតាមទីតាំងស្តុក និងផ្សារ និងបង្រាបការនាំចូលផលិតផលខូចគុណភាពយ៉ាងសស្រាក់សស្រាំ។ ជាក់ស្តែងនៅពេញមួយខែសីហា កន្លងទៅ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប ក្រោមកិច្ចសហការជាមួយមន្ត្រីគយ និងរដ្ឋាករឃាត់ចាប់គ្រឿងសមុទ្រ និងសាច់បង្កកខូចគុណភាពបានជាង១១តោនមកកំទេចចោល។
ជាមួយគ្នានេះនៅក្នុងខែសីហានេះដែរ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប.បានចុះត្រួតពិនិត្យបណ្តាទីផ្សារបានចំនួន៥៦ ដោយបានរកឃើញ និងដកហូតមកកំទេចចោលនូវផលិតផលទំនិញខូចគុណភាព និងផុតកំណត់រយៈពេលប្រើប្រាស់ ប្រមាណ៤៧៤លីត្រ និងជាង៨០០គីឡូក្រាម។ បន្ថែមលើនេះបានចុះត្រួតពិនិត្យទីតាំងស្តុក និងដាក់លក់ផលិតរំលោភសិទ្ធិចែកចាយផ្ដាច់មុខ និងកម្មសិទ្ធិបញ្ញា ទំនិញមិនអនុលោមលើបទដ្ឋានព័ត៌មានបានចំនួន៥៨ទីតាំង ដោយបានរកឃើញ និងដកហូតផលិតផលជិត៣តោនមករក្សាទុក ដើម្បីអនុវត្តនីតិវិធីបន្ត៕