លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា រូបភាពបោកប្រាស់តាមរយៈការវិនិយោគនានានឹងធ្វើឱ្យក្រុមវិនិយោគិននៅក្រៅប្រទេសបាត់បង់នូវទំនុកចិត្តចំពោះការវិនិយោគនៅក្នុងប្រទេសកម្ពុជា ព្រោះពួកគេគិតថា អាចនឹងមានសកម្មភាពបោកប្រាស់ក្នុងពេលដែលមកវិនិយោគនៅកម្ពុជា។
បើតាមអ្នកជំនាញរូបនេះ ប្រសិនបើរដ្ឋាភិបាល មិនដោះស្រាយសកម្មភាពបោកប្រាស់ឱ្យចប់សព្វគ្រប់ និងផ្ដល់យុត្តិធម៌ដល់ពលរដ្ឋទេ នោះវានឹងទាញឱ្យបរិយាសកាសវិនិយោគរបស់កម្ពុជាឱ្យរងគ្រោះផងដែរ។ សម្រាប់អ្នកស្រាវជ្រាវសេដ្ឋកិច្ចរូបនេះ ដើម្បីបង្កឱ្យបរិយាសកាសវិនិយោគរបស់កម្ពុជាមានភាពរីកចម្រើន រដ្ឋាភិបាលគួរពង្រឹងការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព និងផ្ដល់ការអប់រំដល់ប្រជាពលរដ្ឋអំពីវិស័យហិរញ្ញវត្ថុ តាមរយៈការប្រើវិធីផ្សព្វផ្សាយនានា ដែលបង្កភាពងាយស្រួលក្នុងការទទួលបាននូវចំណេះដឹង និងដើម្បីបញ្ចៀសការបាញ់បោកនានា។
លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ កត់សម្គាល់ឃើញថា សកម្មភាពបោកប្រាស់នៅកម្ពុជា បានកើតមានក្រោមរូបភាពជាច្រើនទម្រង់ និងក្រោមការរៀបចំយុទ្ធសាស្ត្រផ្សេងៗពីគ្នា ដែលភាគច្រើនដឹកនាំដោយអ្នកមានឥទ្ធិពល និងអំណាចជាមួយក្រុមជនទុច្ចរិត។ អ្នកជំនាញរូបនេះយល់ឃើញថា តាមរយៈរូបភាពបោកប្រាស់ទាំងនោះបានធ្វើឱ្យការប្រកួតប្រជែងក្នុងការធ្វើអាជីវកម្មមិនស្មើភាព និងមិនឈរលើគោលការណ៍គុណធម៌ និងយុត្តិធម៌ជាដើម។ បញ្ហានេះចង់ ឬមិនចង់វានឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា និងការខិតខំទាក់ទាញក្រុមវិនិយោគពីក្រៅប្រទេស ដែលទាមទារឱ្យរដ្ឋាភិបាល ត្រូវចាត់វិធានការលើក្រុមបង្កើតរូបភាពបោកប្រាស់ឱ្យមានប្រសិទ្ធភាព។
បើតាមអ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវរូបនេះ ដើម្បីចាត់វិធានការ និងទប់ស្កាត់លើក្រុមបង្កើតរូបភាពបោកប្រាស់ឱ្យមានប្រសិទ្ធភាព រាជរដ្ឋាភិបាលគួរបង្កើនការអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង ហើយគួរធ្វើឱ្យមានភាពស្មើភាពគ្នា ដើម្បីធានាបាននូវប្រសិទ្ធភាព និងគុណភាព។ បន្ថែមលើនេះ រដ្ឋាភិបាលគួរបង្កើតក្រុមស៊ើបអង្កេតឯករាជ្យ និងបង្កើនការផ្សព្វផ្សាយអប់រំពីរូបភាពបោកប្រាស់ ព្រមទាំងការទប់ស្កាត់មន្រ្តីរដ្ឋាភិបាល កុំឱ្យជាប់ពាក់ព័ន្ធជាមួយក្រុមជនទុច្ចរិត ក៏ដូចជាការបង្កើតប្រព័ន្ធបណ្ដុះបណ្ដាល និងពង្រឹងសមត្ថភាពដល់មន្រ្តីជាដើម៕
អត្ថបទ៖ បូ ដូឡា