មូលនិធិរូបិយវត្ថុអន្តរជាតិអនុម័តឲ្យប្រាក់កម្ចីដល់ប្រទេសប៉ាគីស្ថាន ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ

មូលនិធិរូបិយវត្ថុអន្តរជាតិអនុម័តប្រាក់កម្ចី១ពាន់លានដុល្លារ ឲ្យប្រទេសប៉ាគីស្ថាន ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ


ក្រុមប្រឹក្សាប្រតិបត្តិរបស់អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ថា IMF បានអនុម័តផ្តល់ប្រាក់កម្ចីចំនួន ១ ពាន់លានដុល្លារដល់ប្រទេសប៉ាគីស្ថានកាលពីថ្ងៃពុធសប្ដាហ៍នេះ បន្ទាប់ពីបានបញ្ចប់ការត្រួតពិនិត្យលើកទី ៦ ចំពោះកំណែទម្រង់របស់ប្រទេសនេះក្នុងការស្នើសុំប្រាក់កម្ចីបន្ថែមចំនួន ៦ ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយរបស់សារព៌ត៍មាន Nikkei Asia។
មូលនិធិរូបិយវត្ថុអន្តរជាតិអនុម័តឲ្យប្រាក់កម្ចីដល់ប្រទេសប៉ាគីស្ថាន ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ
ដោយ

ប្រទេស​ប៉ា​គី​ស្ថាន​បាន​ស្នើ​សុំ​កម្ចី​ពី​អង្គការ​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ បន្ថែម​៦​ពាន់​លាន​ដុល្លារ ប៉ុន្ដែ ក្រោយ​ពេល​បាន​ពិនិត្យ​លើ​កំណែទម្រង់​ពី​កម្មវិធី​ឥណទាន​របស់​ប្រទេស​នេះ​រហូត​ដល់​៦​លើក នៅ​ទីបំផុត នៅ​ថ្ងៃ​ទី ២ ខែកុម្ភៈ ស្ថាប័ន IMF បាន​សម្រេច​នឹង​ផ្ដល់​កម្ចី​ទៅ​ឲ្យ​ប្រទេស​នេះ​ត្រឹម​១​ពាន់​លាន​ដុល្លារ​។

មែនទែន​ទៅ ប្រទេស​ប៉ា​គី​ស្ថាន​កន្លង​មក​ក៏​ទទួល​បាន​កម្ចី​ពី​កម្មវិធី​ផ្ដល់​មូលនិធិ​បន្ថែម (Extended Fund Facility program) ពី IMF រាប់​ពាន់​លាន​ដុល្លារ​រួច​ហើយ​ដែរ ពោល​គឺ​សរុប​ទាំង​ការ​អនុម័ត​កម្ចី​ពី​មុន បូក​រួម​ទាំង​ការ​អនុម័ត​កម្ចី​ចុង​ក្រោយ​នេះ ថវិកា​កម្ចី​ដែល​ប៉ា​គី​ស្ថាន​ទទួល​បាន​ពី IMF មាន​ប្រហែល ៣ ពាន់​លាន​ដុល្លារ​ហើយ ខណៈ​ការ​អនុម័ត​ជា​លើក​ដំបូង​គឺ​នៅ​ក្នុង​ខែកក្កដា ឆ្នាំ ២០១៩​។

អង្គការ​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ បាន​ឲ្យ​ដឹង​ថា កម្មវិធី​ផ្ដល់​មូលនិធិ​បន្ថែម​នេះ បាន​ចូលរួម​ចំណែក​ពង្រឹង​ប្រព័ន្ធ​សារពើពន្ធ​របស់​ប្រទេស​ប៉ា​គី​ស្ថាន មុន​ពេល​មាន​ជំងឺ​រាតត្បាត COVID-19 ហើយ​ការ​ស្ទុះ​ងើប​សេដ្ឋកិច្ច​ដ៏​រឹង​មាំ​បាន​កើនឡើង​ចាប់តាំងពី​អំឡុង​រដូវក្ដៅ​នៃ​ឆ្នាំ​២០២០​។ ក៏​ប៉ុន្តែ​បញ្ហា​ឱនភាព​គណនី​ចរន្ត​ដែល​កំពុង​កើនឡើង និង ការ​ធ្លាក់​ថ្លៃ​រូបិយប័ណ្ណ​បាន​ធ្វើ​ឱ្យ​សម្ពាធ​តម្លៃ​ក្នុងស្រុក​មានការ​កើនឡើង​កាន់តែ​ធ្ងន់ធ្ងរ​។

ជាក់ស្តែង​កំណើន GDP របស់​ប្រទេស​ប៉ា​គី​ស្ថាន​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ឈាន​ដល់ ៤% នៅ​ឆ្នាំ​នេះ ប៉ុន្តែ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ នៅ​តែ​ងាយ​រង​គ្រោះ​ទៅ​នឹង​ការ​ផ្ទុះ​ឡើង​នៃ ជំងឺ​កូ​វី​ដ​១៩ ស្រប​ពេល​ដែល លក្ខខណ្ឌ​ហិរញ្ញវត្ថុ​អន្តរជាតិ​កាន់តែ​តឹងតែង និង ការ​កើនឡើង​នៃ​ភាព​តានតឹង​ភូមិសាស្ត្រ​នយោបាយ និង​ការ​ពន្យារពេល​ការ​អនុវត្ត​កំណែទម្រង់​រចនាសម្ព័ន្ធ​។

អ្នកជំនាញ​ពី​ស្ថាប័ន IMF អះអាង​ដែរ​ថា សេដ្ឋកិច្ច​ប៉ា​គី​ស្ថាន នៅ​តែ​បន្ដ​ងើបឡើង បើ​ទោះបីជា​មាន​កត្តា​ប្រឈម​ពី​វិបត្តិ​កូ​វី​ដ​១៩​ក្ដី ប៉ុន្ដែ បញ្ហា​អ​តុល្យភាព​សេដ្ឋកិច្ច និង​ហានិភ័យ​នៅ​តែ​មាន​ធំ​។ ជាមួយ​គ្នា​នេះ IMF ស្វាគមន៍​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​ផ្នែក​គោលនយោបាយ​ថ្មី​ៗ​របស់​អាជ្ញាធរ​ប៉ា​គី​ស្ថាន ក្នុង​ការ​ពង្រឹង​នូវ​ភាព​ធន់​សម្រាប់​សេដ្ឋកិច្ច​។

របាយការណ៍​ពី​ធនាគារកណ្ដាល​ប៉ា​គី​ស្ថាន​បាន​ឲ្យ​ដឹង​ថា បំណុល​របស់​ប៉ា​គី​ស្ថាន​ដែល​ជំពាក់​បរទេស គិត​ត្រឹម​ខែតុលា​ឆ្នាំ​២០២១ មាន​ប្រមាណ ១៣០​ពាន់​លាន​ដុល្លារ ឬ​ស្មើនឹង​ជិត​៧៥% នៃ​ទំហំ GDP​របស់​ប្រទេស​នេះ​។ ប៉ុន្ដែ អត្រា​នេះ បាន​ធ្លាក់​ចុះ​ទាប​ជាង​មុន បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០២០ ដែល​មាន​ដល់​ទៅ​ជាង ៨៤%​នៃ GDP៕

អត្ថបទ វ៉ា​ន់ ស្រី​រ័​ត្ន  

None



អត្ថបទបន្ទាប់


ព្រឹត្តិការណ៍សេដ្ឋកិច្ចពិភពលោកធំៗទាំង ១០ ដែលបានកើតឡើងក្នុងឆ្នាំ២០២១

បើទោះបីជាក្នុងឆ្នាំ ២០២១ ដំណើរការសេដ្ឋកិច្ចពិភពលោកហាក់មានសភាពយឺតក៏ពិតមែន តែវាជាដំណើរមួយដែល សេដ្ឋកិច្ចពិភពលោកបានរួចផុតពីវិបត្តិសេដ្ឋក…

លោក ស៊ី ជីនពីង ប្រកាសថាចិនត្រៀមរួចហើយសម្រាប់ការចាប់ផ្តើមកីឡាអូឡាំពិកនៅថ្ងៃទី៤កុម្ភៈ ទោះគ្មានការចូលរួមពីលោកខាងលិចមួយចំនួន

ប្រធានាធិបតីចិនលោកស៊ី ជីនពីង បានថ្លែងសុន្ទរកថា តាមវីដេអូមួយទៅកាន់ការបើកសម័យប្រជុំលើកទី១៣៩ នៃគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ