
នាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ លោកស្រី គ្រីស្តាលីណា ចចជីវ៉ា (Kristalina Georgieva) បាននិយាយសម្រាលភាពភ័យខ្លាចពាក់ព័ន្ធនឹងស្ថានភាពសេដ្ឋកិច្ចពិភពលោកថា សេដ្ឋកិច្ចពិភពលោកកំពុងមានដំណើរការល្អប្រសើរជាងការរំពឹងទុក បើទោះបីជាប្រឈមនឹងភាពមិនច្បាស់លាស់យូរអង្វែង និងការរំពឹងទុកនៃកំណើនរយៈពេលមធ្យមមិនសូវខ្ពស់ក៏ដោយ។ លោកស្រី រំពឹងថា កំណើនសេដ្ឋកិច្ចពិភពលោកនឹងថយចុះក្នុងកម្រិតតិចតួច ព្រោះសម្ពាធពន្ធបដិការ ដែលសហរដ្ឋអាម៉េរិក គំរាមដាក់មានការសម្រាលច្រើនជាងមុន ស្របពេលស្ថានភាពទីផ្សារពិភពលោក និងតាមបណ្តាប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួននៅតែបង្ហាញពីភាពធន់។
កត្តាទាំងលើនេះបានធ្វើឱ្យលោកស្រីជឿជាក់ថា ស្ថានភាពសេដ្ឋកិច្ចពិភពលោកអាចទប់ទល់នឹងភាពធ្ងន់ធ្ងរពីការប៉ះទង្គិច ស្របពេលដែលប្រទេសនានា បានរៀបចំគោលនយោបាយមានភាពប្រសើរជាងមុន ហើយរដ្ឋាភិបាល និងវិស័យឯកជននៅប្រទេសជាច្រើន ក៏មានការជួយជ្រោមជ្រែងក្នុងការប្រឈមនឹងការប៉ះទង្គិចផងដែរ។ លោកស្រីបានបន្តថា រឿងដែលគួរឲ្យរីករាយនោះ គឺពិភពលោកបានគេចផុតពីការធ្លាក់ចូលក្នុងសង្គ្រាមពាណិជ្ជកម្ម។
មូលនិធិរូបិយវត្ថុអន្តរជាតិ បានព្យាករថា សេដ្ឋកិច្ចពិភពលោកនឹងសម្រេចបានកំណើនជារួមក្នុងរង្វង់ ៣% នៅឆ្នាំ២០២៥ នេះ ដែលជាកំណើនមួយនៅទាបនៅឡើយបើធៀបនឹងកំណើនកាលពីមុនមិនមានវិបត្តិកូវីដ-១៩។ ថ្នាក់ដឹកនាំ IMF យល់ឃើញថា ដើម្បីឲ្យពិភពលោកកាន់តែមានភាពស៊ាំនឹងបញ្ហាប្រទេសនានា នៅលើពិភពលោក គួរកសាងឬរៀបចំច្បាប់សារពើពន្ធឡើងវិញ និងព្យាយាមដោះស្រាយបញ្ហាអតុល្យភាពពាណិជ្ជកម្ម។ ដោយឡែកសម្រាប់តំបន់អាស៊ី IMF ជំរុញឱ្យធ្វើប្រទេសនានា កែសម្រួល និងពង្រឹងពាណិជ្ជកម្មផ្ទៃក្នុងឱ្យបានស៊ីជម្រៅ ពង្រឹងវិស័យសេវាកម្ម និងលទ្ធភាពទទួលបានហិរញ្ញវត្ថុ៕
ដោយៈ សរ សុជាតិ