ពាណិជ្ជកម្មទ្វេភាគីរវាងមហាយក្សអាមេរិក និងចិន

តើពាណិជ្ជកម្មទ្វេភាគីរវាងមហាយក្សអាមេរិក និងចិន មានការរង្គើរង្គើយ៉ាងណាខ្លះ នៅពេញមួយឆ្នាំ២០២២?


យោងតាមរបាយការណ៍វិភាគសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកបង្ហាញថា ការនាំចេញ និងការនាំចូលទំនិញរវាងសហរដ្ឋអាមេរិក និងចិនមានកំណើនដល់ទៅជាង ៦៩០ ពាន់លានដុល្លារកាលពីឆ្នាំ២០២២ បើទោះបីជាប្រទេសយក្សសេដ្ឋកិច្ចទាំងពីរនេះ មានការប្រណាំងប្រជែងឥទ្ធិពលគ្នាយ៉ាងណាក្ដី។ ការសម្រេចបានទំហំពាណិជ្ជកម្មទ្វេភាគីកាលពីឆ្នាំមុន ក៏ជាកម្រិតមួយខ្ពស់បំផុត ខ្ពស់ជាងកាលពីមុនពេលកូវីដ១៩មិនទាន់រាតត្បាតទៅទៀត។
តើពាណិជ្ជកម្មទ្វេភាគីរវាងសហរដ្ឋអាមេរិក និងចិនមានសន្ទស្សប្រែប្រួលយ៉ាងណាខ្លះ?

ជាក់ស្ដែង ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ កាលពីឆ្នាំ២០២១៨ គឺមានត្រឹមប្រមាណ ៦៥៩ ពាន់លានដុល្លារប៉ុណ្ណោះ។ សហរដ្ឋអាមេរិកបាននាំចូលរបស់ក្មេងលេង និងផលិតផលប្រើប្រាស់ជាច្រើនផ្សេងទៀតពីចិន ខណៈចិនបង្កើនការនាំចូលសណ្តែកសៀង និងអាហារផ្សេងទៀតពីសហរដ្ឋអាមេរិក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន NIKKEI។

របាយការណ៍ដដែលបានបង្ហាញថា ការនាំចេញពីសហរដ្ឋអាមេរិកទៅកាន់ប្រទេសចិនកាលពីឆ្នាំ២០២២ សម្រេចបានក្នុងទំហំទឹកប្រាក់សរុបជិត ១៥៤ពាន់លានដុល្លារ កើនឡើងច្រើនជាងឆ្នាំ២០២១មុន ២ពាន់៤រយលានដុល្លារ។ ស្របពេលជាមួយគ្នានោះ ការនាំចូលទំនិញពីប្រទេសចិនវិញមានដល់ជិត ៥៣៧ ពាន់លានដុល្លារ កើនខ្ពស់ជាងមុន ជិត៣២ពាន់លានដុល្លារ។

ជាក់ស្ដែង ពន្ធដែលបានដាក់លើទំនិញចិនដូចជារបស់របរក្មេងលេង និងផលិតផលប្លាស្ទិកមានតម្លៃសរុបដល់ ៣៧០ពាន់លានដុល្លារ តាំងពីអំឡុងអតីតរដ្ឋបាលលោក Donald Trump កាន់តំណែងជាប្រធានាធិបតេយ្យមកម្លេះ ហើយនៅតែបន្តមានមកដល់សព្វថ្ងៃ។ ប៉ុន្តែ លោក ចូ បៃឌិន បានបន្ធូរបន្ថយតម្លៃពន្ធនេះ ដោយយល់ថា វាជាផ្នែកមួយនៃការដោះស្រាយអតិផរណា ប៉ុន្តែសន្ទុះនៃការផ្លាស់ប្តូរនេះបានរលត់ទៅវិញ បន្ទាប់ពីភាពតានតឹងរវាងចិន និងអាមេរិកបានកើនឡើងក្រោយពីដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក លោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់កាលពីរដូវក្តៅឆ្នាំមុន។

អនុប្រធាននៃ វិទ្យាស្ថាន គោលនយោបាយសង្គមអាស៊ី និងជាអតីតអនុប្រធានស្តីទីតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក អ្នកស្រី Wendy Cutler បាននិយាយថា លំហូរពាណិជ្ជកម្មទ្វេភាគីកម្រិតខ្ពស់នៅឆ្នាំ២០២២នេះ បានសបញ្ជាក់ថា ទោះបីជាមានការដាក់សម្ពាធទៅលើការត្រួតពិនិត្យការនាំចេញ និងការបន្តតម្លៃពន្ធដ៏ថ្លៃក៏ដោយ ក៏ទំនាក់ទំនងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិននៅតែរឹងមាំ។

ដោយឡែក លោក David Dollar ជាបុគ្គលិកជាន់ខ្ពស់នៅស្ថាប័ន Brookings និងជាអតីតមន្ត្រីហិរញ្ញវត្ថុអាមេរិក បាននិយាយថា ការនាំចូលរបស់សហរដ្ឋអាមេរិកទៅលើផលិតផលបច្ចេកវិទ្យាខ្ពស់មួយចំនួនដូចជា បន្ទះឈីបជាដើម ត្រូវបានកាត់បន្ថយ ប៉ុន្តែមានការកើនឡើងនៅក្នុងការនាំចូលលើទំនិញផ្សេងទៀត។

យោងតាមរបាយការណ៍ពីសារព័ត៌មាន Xinhua ដែលបានចេញផ្សាយកាលពីខែមុន បានបង្ហាញថា ចរន្តនាំចេញ នាំចូលទំនិញទៅក្រៅប្រទេសចិនមានកំណើនខ្ពស់បំផុតក្នុងឆ្នាំ២០២២ ដែលតួលេខនេះមានចំនួនសរុបចំនួន ៦,២ ទ្រីលានដុល្លារ ហើយបានកើនឡើងក្នុងរង្វង់ ៧,៧% ធៀបនឹងឆ្នាំ២០២១។ ចំណែកការនាំចេញបានកើនឡើង ១០,៥% រហូតដល់ ៣,៥ ទ្រីលានដុល្លារ ខណៈការនាំចូលកើនឡើង ៤,៣% រហូតដល់ ២,៦ ទ្រីលានដុល្លារ។

ឧបនាយករដ្ឋមន្ត្រីចិន លោក Liu He បានថ្លែងនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់វេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos កាលពីខែមករាកន្លងទៅនេះថា ប្រទេសចិនកំពុងផ្តល់អាទិភាពដល់កំណើនសេដ្ឋកិច្ច និងការបើកទូលាយគ្រប់ទិសដៅពាណិជ្ជកម្មក្រៅប្រទេសទាំងអស់។

សូមជម្រាបថា កំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកបានថយចុះមកនៅត្រឹម ២,១% ក្នុងឆ្នាំ ២០២២ បន្ទាប់ពីសម្រេចបានកំណើនប្រមាណ ៥,៩% កាលពីឆ្នាំ២០២១។ ប៉ុន្តែដោយសារតែ អត្រាគ្មានការងារធ្វើស្ថិតក្នុងកម្រិតទាប និងអតិផរណាមានការថយចុះផងនោះ ការប៉ាន់ប្រមាណទុទិដ្ឋិនិយមហួសហេតុ ចំពោះសេដ្ឋកិច្ចអាមេរិកក៏បានធ្លាក់ចុះមកវិញដូចគ្នាដែរ។

ទោះជាយ៉ាងណា ទំនាក់ទំនងការទូតរវាងចិន និងអាមេរិកកាន់តែតានតឹងឡើង ក្រោយពីយោធាអាមេរិកបានបាញ់ទម្លាក់បាឡុងរបស់ចិនឲ្យធ្លាក់ចូលមហាសមុទ្រអាត្លង់ទិកកាលពីថ្ងៃសៅរ៍ទី៤កុម្ភៈ កន្លងទៅនេះ។ ដោយឡែកនៅក្នុងរបាយការណ៍ដែលបានចេញផ្សាយកាលពីខែមុនរបស់ក្រុមហ៊ុនប្រឹក្សាយោបល់ បូស្តុន បានព្យាករណ៍ថា ពាណិជ្ជកម្មទ្វេភាគីរវាងអាមេរិក និងចិននឹងធ្លាក់ចុះប្រហែល ១០% រហូតដល់ឆ្នាំ២០៣១៕

អត្ថបទដោយ៖ សារៀម លក្ខិណា




អត្ថបទបន្ទាប់


ឥណ្ឌូនេស៊ីចាប់ផ្ដើមរឹតត្បិតការនាំចេញដូងប្រេងជាថ្មី ដើម្បីបង្កើនការផ្គត់ផ្គង់ក្នុងស្រុក

ព័ត៌មាន
ឥណ្ឌូនេស៊ី កំពុងធ្វើឱ្យទីផ្សារដូងប្រេងចាប់ផ្ដើមរង្គោះរង្គើជាថ្មីទៀត បន្ទាប់ពីបង្ហើបថា ខ្លួនចង់ផ្តោតលើការផ្គត់ផ្គង់ ក្នុងស្រុកឱ្យបានច្រើនជាងការន…

នាយករដ្ឋមន្ត្រីវៀតណាមបញ្ជាឲ្យធនាគារផ្ដល់កម្ចីឲ្យបានរលូនដល់វិស័យអចលនទ្រព្យ ចំពេលទីផ្សារកំពុងជួបការលំបាក

ព័ត៌មាន
នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជីង បានបញ្ជាឲ្យធនាគារទាំងអស់ចាំបាច់ត្រូវផ្ដល់ឥណទានងាយស្រួលដល់អ្នកអភិវឌ្ឍ និងទិញអចលនវត្ថុ និងកាត់បន្ថយថ្ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ