ស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានបញ្ជាក់នៅក្នុងរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចពិភពលោករបស់ខ្លួនដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ ដើមសប្ដាហ៍នេះថា ប្រាក់ចំណូលជាមធ្យមសម្រាប់ពលរដ្ឋម្នាក់ៗនៅប្រទេសកូរ៉េខាងត្បូង អាចកើនឡើងដល់៣៦.១៣២ដុល្លារអាម៉េរិកក្នុងមួយឆ្នាំនៅឆ្នាំនេះ ដោយកើនឡើង១,៦% បើធៀបនឹងឆ្នាំ២០២៣។
តួលេខនេះត្រូវបាន IMF ព្យាករថា នឹងកើនឡើងដល់៣៧.៦៧៥ដុល្លារអាម៉េរិក នៅឆ្នាំក្រោយ ហើយនឹងបន្តកើនឡើងដល់៤០.០០០ដុល្លារអាម៉េរិក នៅត្រឹមឆ្នាំ២០២៧។ បើប្រៀបធៀបគ្នា ប្រាក់ចំណូលជាមធ្យមសម្រាប់ពលរដ្ឋម្នាក់ៗរបស់ប្រទេសជប៉ុន ត្រូវបាន IMF ព្យាករថា នឹងកើនឡើងដល់៣២.៨៦០ដុល្លារអាម៉េរិក ក្នុងមួយឆ្នាំ ហើយប្រាក់ចំណូលជាមធ្យមសម្រាប់ពលរដ្ឋម្នាក់ៗរបស់តៃវ៉ាន់ នឹងកើនឡើងដល់៣៣.២៣៤ដុល្លារអាម៉េរិក ក្នុង១ឆ្នាំនៅឆ្នាំ២០២៥។
ទន្ទឹមនេះ ស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ក៏បានរក្សាការព្យាករសម្រាប់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូងក្នុងរង្វង់២,៥% នៅឆ្នាំនេះ។ របាយការណ៍នេះបានធ្វើការកត់សម្គាល់ថា ធនាគារកណ្តាលកូរ៉េខាងត្បូង ស្ថិតក្នុងចំណោមធនាគារកណ្ដាលដំបូងគេ ដែលបានដំឡើងអត្រាការប្រាក់រួមជាមួយនឹងប្រទេសប្រេស៊ីល ឈីលី ហុងគ្រី នូវែលសេឡង់ ន័រវេស ប៉េរូ និងប៉ូឡូញ៕