របាយការណ៍អំពីទស្សនវិស័យសេដ្ឋកិច្ចពិភពលោកចងក្រងដោយមូលនិធិរូបិយវត្ថុអន្តរជាតិ ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ បានដំឡើងកម្រិតការព្យាករកំណើនផលិតផលក្នុងស្រុកសរុបសម្រាប់ឆ្នាំ២០២៣ដល់ប្រទេសចិនថា ប្រជាជាតិនេះនឹងទទួលបានកំណើនសេដ្ឋកិច្ច៥,៤ភាគរយ ពោលគឺប្រសើរជាងការព្យារករពីមុនប្រមាណ០,៤ភាគរយ។
ការបង្កើនការព្យាករនេះ គឺដោយសារតែសេដ្ឋកិច្ចចិនបានងើបឡើងវិញយ៉ាងរឹងមាំ ក្រោយការឆ្លងរីករាលដាល និងការបិទទ្វារប្រទេសយូរជាងគេដ៏តឹងរឹងដោយសារតែកូវីដ-១៩។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងឆ្នាំ២០២៤ ខាងមុខ IMF ព្យាករថា សន្ទុះនៃកំណើនសេដ្ឋកិច្ចចិននឹងថយចុះបន្តិចមកនៅត្រឹម៤,៦ភាគរយ ដោយសារតែភាពទន់ខ្សោយ ក៏ដូចជាការធ្លាក់ចុះនៃវិស័យអចលនទ្រព្យ។
ការកែប្រែការព្យាករកំណើនសេដ្ឋកិច្ចនេះ ធ្វើឡើងក្រោយអាជ្ញាធរចិន បានសម្រេចអនុម័តលើបញ្ហាមូលបត្របំណុលអធិបតេយ្យ ដែលមានតម្លៃសរុបប្រមាណជា១ទ្រីលានយ័ន ឫប្រមាណជា១៣៧ពាន់លានដុល្លារ និងបើកសិទ្ធិអនុញ្ញាតឱ្យរដ្ឋាភិបាលក្នុងតំបន់អាចទទួលខុសត្រូវលើការដោះស្រាយបញ្ហាសេដ្ឋកិច្ចបន្ថែមទៀតនៅក្នុងឆ្នាំ២០២៤ ខាងមុខ។
លោកស្រី ជីតា ហ្គោភីណាត (Gita Gopinath ) អគ្គនាយករងទីមួយរបស់ IMF បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការព្យាករថ្មីនេះបានឆ្លុះបញ្ចាំងពីភាពប្រសើរឡើងនៃសេដ្ឋកិច្ចចិន ដោយសារលទ្ធផលសេដ្ឋកិច្ចនៅត្រីមាសទីបី ដែលទទួលបានមានសភាពកាន់តែវិជ្ជមានលើសពីការរំពឹងទុក និងការប្រកាសដាក់ចេញនូវគោលនយោបាយថ្មីៗជាច្រើនដែលចិនបានលើកឡើងដើម្បីជំរុញសេដ្ឋកិច្ច។
លោកស្រីកត់សម្គាល់ឃើញថា បច្ចុប្បន្នស្ថានភាពសេដ្ឋកិច្ចរបស់ចិន មានការកើនឡើងខ្លាំង ប៉ុន្តែនៅពេលអនាគតកំណើននឹងបន្តថយចុះជាបន្តបន្ទាប់ ជាពិសេសនៅឆ្នាំ២០២៨ កំណើនសេដ្ឋកិច្ចចិនអាចនឹងធ្លាក់ចុះមកនៅត្រឹម៣,៥ភាគរយប៉ុណ្ណោះ ដោយសារបញ្ហាប្រជាសាស្រ្ត ពោលគឺពលរដ្ឋចិនមានវ័យចាស់កាន់តែច្រើន និងបញ្ហានានាដែលចិនកំពុងជួបប្រទះ។
ពាក់ព័ន្ធនឹងស្ថានភាពនេះ ថ្នាក់ដឹកនាំ IMF រូបនេះបានគូសបញ្ជាក់ថា ប្រទេសចិនបានដាក់ចេញនូវវិធានការជាច្រើន ដើម្បីគាំទ្រទីផ្សារអចលនទ្រព្យ។ តែយ៉ាងណាលោកស្រីយល់ឃើញថា វិធានការទាំងនោះមិនទាន់គ្រប់គ្រាន់នោះទេ ដែលទាមទារឱ្យចិនដាក់ចេញវិធានការចាំបាច់មួយចំនួនបន្ថែមទៀត ដើម្បីធានាឲ្យបាននូវការងើបឡើងវិញលឿនជាងមុន និងកាត់បន្ថយការចំណាយសេដ្ឋកិច្ចក្នុងអំឡុងពេលអន្តរកាល។
យ៉ាងណាមិញអ្នកជំនាញហិរញ្ញវត្ថុរូបនេះបានលើកឡើងទៀតថា កញ្ចប់គោលនយោបាយដ៏ទូលំទូលាយមួយគួរតែរួមបញ្ចូលវិធានការ ដើម្បីពន្លឿនការចាកចេញពីអ្នកអភិវឌ្ឍន៍អចលនទ្រព្យ ដែលមិនអាចកាត់ថ្លៃបាន ក៏ដូចជាការលុបបំបាត់ឧបសគ្គចំពោះការកែតម្រូវតម្លៃលំនៅដ្ឋាន បូកបញ្ចូលនូវការបែងចែកមូលនិធិបន្ថែមរបស់រដ្ឋាភិបាលកណ្តាល សម្រាប់ការបញ្ចប់គម្រោងលំនៅដ្ឋាន និងជួយអ្នកអភិវឌ្ឍន៍ក្នុងការជួសជុលតារាងតុល្យការ និងសម្របខ្លួនទៅនឹងទីផ្សារអចលនទ្រព្យ។
អ្នកជំនាញសេដ្ឋកិច្ចយល់ឃើញថា ការរួមបញ្ចូលគ្នានៃការធ្លាក់ចុះនៅក្នុងវិស័យអចលនទ្រព្យ ជាមួយវិបត្តិបំណុលរបស់រដ្ឋាភិបាលក្នុងតំបន់ អាចលុបបំបាត់សក្តានុពលកំណើនសេដ្ឋកិច្ចរយៈពេលវែងរបស់ប្រទេសចិន។ នៅពេលនេះអត្រាបំណុលក្នុងស្រុកចិន បានកើនឡើងដល់៩២ទ្រីលានយន់ ឫប្រមណជិត១៣ទ្រីលានដុល្លារ ឬ៧៦ភាគរយនៃទិន្នផលសេដ្ឋកិច្ចសរុបរបស់ប្រទេសចិន ក្នុងឆ្នាំ២០២២ ដោយកើនឡើងពីជាង៦២ភាគរយ កាលពីឆ្នាំ២០១៩៕
ដោយៈ សរ សុជាតិ