ការលើកឡើងរបស់ IMF នេះធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលប្រទេសស្រីលង្កាទើបតែបានជួបពិភាក្សាជាមួយអ្នកតំណាងអង្គការនេះ នៅទីក្រុងវ៉ាស៊ិនតោនក្នុងសប្ដាហ៍នេះ ដើម្បីស្វែងរកការផ្ដល់ប្រាក់កម្ចីបន្ថែមសម្រាប់យកទៅដោះស្រាយវិបត្តិសេដ្ឋកិច្ចដែលកំពុងវិវត្តទៅរកស្ថានការអាក្រក់ទៅៗ។
ប្រភពព័ត៌មានពី Reuters បាននិយាយថា ប្រធានបេសកកម្មរបស់មូលនិធិ IMF ប្រចាំប្រទេសស្រីលង្កាលោក ម៉ាសាហ៊ីរ៉ូ ណូហ្សាគី (Masahiro Nozaki) បាននិយាយថា នាយិកាគ្រប់គ្រងមូលនិធិ IMF គឺលោកស្រី គ្រីស្តាលីណា ចចហ្គីវ៉ា (Kristalina Georgieva) បានពិភាក្សាអំពីជម្រើសផ្តល់ប្រាក់កម្ចី និងផែនការគោលនយោបាយជាមួយគណៈប្រតិភូស្រីលង្កាកាលពីថ្ងៃទី ១៩ ខែមេសា ទាក់ទងនឹងការផ្ដល់ហិរញ្ញប្បទានបន្ថែមទៅឲ្យប្រទេសដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ច។
លោក Nozaki បាននិយាយថា កម្មវិធីដែលគាំទ្រដោយមូលនិធិ IMF គួរតែបានបង្កើតឡើងដើម្បីដោះស្រាយបញ្ហាតុល្យភាពនៃការទូទាត់បំណុលទាំងស្រុងរបស់ប្រទេសស្រីលង្កា និងធ្វើឱ្យសេដ្ឋកិច្ចងើបឡើងវិញដោយឈរលើមាគ៌ាកំណើនប្រកបដោយនិរន្តរភាពឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
សេចក្តីថ្លែងការណ៍របស់មូលនិធិ IMF នេះបានធ្វើឡើងបន្ទាប់ពីមានការផ្ទុះការតវ៉ាប្រឆាំងជាថ្មីទៀត ទៅនឹងបញ្ហាកង្វះខាតប្រេងឥន្ធនៈនិងសម្ភារៈសំខាន់ៗទៀតនៅស្រីលង្កា ហើយការតវ៉ាក៏បានបានប្រែជាអំពើហិង្សាបណ្ដាលឱ្យមនុស្សម្នាក់បានស្លាប់ផងដែរ កាលពីថ្ងៃទី១៩មេសា ខណៈដែលមនុស្ស១២នាក់ទៀតរងរបួស ដែលក្នុងនោះមាន២នាក់របួសធ្ងន់ នៅពេលក្រុមបាតុករនិងប៉ូលិសបានប៉ះទង្គិចគ្នានៅទីក្រុងរ៉ាមប៊ុកកាណា (Rambukkana)។
សេចក្ដីថ្លែងការណ៍នេះក៏បានកើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីហិរញ្ញវត្ថុប្រទេសស្រីលង្កាបានស្នើសុំជាផ្លូវការនូវមូលនិធិកម្ចីហិរញ្ញវត្ថុបន្ទាន់សម្រាប់ប្រទេសនេះ ដែលកំពុងត្រូវការជំនួយសម្រាប់តុល្យភាពនៃការទូទាត់បំណុលជាបន្ទាន់របស់ខ្លួនផងដែរ។
លោក Nozaki បាននិយាយថា IMF មានការព្រួយបារម្ភយ៉ាងខ្លាំងពីវិបត្តិសេដ្ឋកិច្ចបច្ចុប្បន្ននៅក្នុងប្រទេសស្រីលង្កា និងការលំបាករបស់ប្រជាពលរដ្ឋជាពិសេសគឺអ្នកក្រីក្រ និងជនងាយរងគ្រោះតែម្ដង។
ប៉ុន្តែលោកបានកត់សម្គាល់ថា បុគ្គលិក IMF កាលពីខែមុនបានពិនិត្យមើលឡើងវិញនូវសេដ្ឋកិច្ចប្រចាំឆ្នាំរបស់ស្រីលង្កាឃើញថា បំណុលសាធារណៈរបស់ប្រទេសនេះគ្មាននិរន្តរភាពនោះទេ ដូច្នេះហើយប្រទេសនេះចាំបាច់ត្រូវតែចាត់វិធានការស្តារនិរន្តរភាពបំណុលឡើងវិញមុនពេលទទួលបានប្រាក់កម្ទីពីអង្គការ IMF រួមទាំងកម្មវិធីហិរញ្ញវត្ថុបន្ទាន់ (RFI) ក្នុងគ្រាអាសន្ននេះផងដែរ។
ការស្ដារឡើងវិញនូវនិរន្តរភាពបំណុលបែបនេះ ជាធម្មតាទាមទារឱ្យមានការរៀបចំរចនាសម្ព័ន្ធឬក៏ប៉ះប៉ូវបំណុលសាធារណៈឡើងវិញ ដែលនៅក្នុងករណីសម្រាប់ប្រទេសស្រីលង្កានេះគឺតម្រូវឱ្យមានកិច្ចសហប្រតិបត្តិការពីប្រទេសចិន ដែលជាម្ចាស់បំណុលទ្វេភាគីដ៏ធំបំផុតមួយ។
មូលនិធិ IMF តែងតែប្រើកម្មវិធីហិរញ្ញវត្ថុបន្ទាន់នេះ ក្នុងលក្ខខណ្ឌការប្រាក់ទាបយ៉ាងទូលំទូលាយ ដើម្បីជួយដល់ប្រទេសនានាក្នុងអំឡុងពេលជំងឺរាតត្បាតខូវីដ១៩ ហើយកន្លងមក IMF ក៏បានផ្តល់កម្ចីបែបនេះ ដើម្បីជួយសម្រួលដល់តុល្យភាពនៃបញ្ហាទូទាត់បំណុលក្រោយពីបានរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិ ជម្លោះ និងតម្លៃទំនិញធ្លាក់ចុះផងដែរ៕
អត្ថបទ៖ សុខ ជា