ទីភ្នាក់ងារព័ត៌មាន AP បានរាយការណ៍កាលពីថ្ងៃទី២៦ ខែមីនា ថា ក្រៅតែពីបង្កវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ សង្គ្រាមនៅអ៊ីរ៉ង់ ដែលកំពុងរីករាលដាលពាសពេញតំបន់មជ្ឈិមបូព៌ា ក៏នឹងបន្សល់ទុកផលប៉ះពាល់សុខភាពមនុស្សធ្ងន់ធ្ងររាប់ទសវត្សរ៍ទៅមុខ ហើយក្រុមអ្នកជំនាញព្រមានថា ការបំពុលបរិស្ថាននេះអាចបង្កគ្រោះថ្នាក់ដល់កសិកម្ម បំពុលទឹកផឹក និងបង្កបញ្ហាសុខភាពរយៈពេលវែងដូចជាជំងឺសួត បញ្ហាបេះដូង និងជំងឺមហារីកជាដើម។ ជាក់ស្ដែងនៅតំបន់ខ្លះគេសង្កេតឃើញមានភ្លៀងខ្មៅជាល្បាយនៃផេះ និងសារធាតុគីមីពុលបានធ្លាក់ចុះរួចហើយ ដែលបង្កើនការព្រួយបារម្ភអំពីសុខភាព។
រហូតមកទល់ពេលនេះ ក្រុមអ្នកជំនាញបានកត់ត្រាឧប្បត្តិហេតុបរិស្ថានជាង៤០០ករណី ដែលជាប់ទាក់ទងនឹងសង្គ្រាមនៅអ៊ីរ៉ង់ ទោះបីជាទំហំខូចខាតពិតប្រាកដនៅតែមិនទាន់ច្បាស់លាស់ក៏ដោយ។ ទន្ទឹមនេះការផ្គត់ផ្គង់ទឹក ក៏ប្រឈមនឹងហានិភ័យផងដែរ ដោយប្រទេសជាច្រើននៅក្នុងតំបន់មជ្ឈិមបូព៌ាពឹងផ្អែកលើរោងចក្រចម្រោះទឹកប្រៃទៅជាទឹកសាប ហើយការខូចខាត ឬការបំពុលណាមួយអាចកាត់បន្ថយការទទួលបានទឹកស្អាតសម្រាប់ផឹក។
សង្គ្រាមនៅអ៊ីរ៉ង់ ក៏កំពុងបង្កើនការបំភាយឧស្ម័នផ្ទះកញ្ចក់ចូលទៅក្នុងបរិយាកាសផងដែរ ដែលធ្វើឱ្យការប្រែប្រួលអាកាសធាតុកាន់តែអាក្រក់ទៅៗ។ ក្រុមអ្នកជំនាញព្រមានថា សូម្បីតែបន្ទាប់ពីសង្គ្រាមអ៊ីរ៉ង់បញ្ចប់ទៅហើយក៏ដោយ ក៏ការបោសសម្អាតការខូចខាតអាចចំណាយពេលជាច្រើនឆ្នាំ ខណៈដែលការកសាងឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានទំនងជាអាទិភាពបន្ទាន់ជាងការស្តារបរិស្ថានឡើងវិញ៕
ដោយ: តែម សុខុម