នាពិធីសំណេះសំណាលជាមួយសហជីពសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សាជាង៥ពាន់នាក់ ដើម្បីអបអរសាទរទិវាពលកម្មអន្តរជាតិ១ឧសភា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអរគុណដល់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ដែលបានចេញសារ និងញត្តិគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ។ សម្តេចធិបតីបានចាត់ទុកការគាំទ្ររបស់ប្រជាពលរដ្ឋចំពោះគម្រោងនេះ គឺការរួមចំណែក និងផ្តល់កម្លាំងចិត្តដ៏មហិមាសម្រាប់រាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យគម្រោងនេះ លេចចេញជារូបរាង។ ជាមួយគ្នានេះប្រមុខរាជរដ្ឋាភិបាលអះអាងថា រាជរដ្ឋាភិបាលគ្មានគម្រោង ឬផែនការប្រមូលមូលនិធិពីប្រជាពលរដ្ឋ សម្រាប់អភិវឌ្ឍន៍គម្រោងនេះនោះទេ។
ជាមួយគ្នានេះសម្តេចធិបតី ហ៊ុន ម៉ាណែត ប្តេជ្ញានឹងធ្វើឱ្យគម្រោងព្រែកជីកហ្វូណនតេជោ លេចចេញជារូបរាងនាពេលអនាគត។ ប្រមុខរាជរដ្ឋាភិបាល បានអះអាងថា កម្ពុជាបានត្រៀមសេណារីយ៉ូចំនួន៣ក្នុងអភិវឌ្ឍគម្រោងនេះ ពោលទោះបីមិនមានការចូលរួមវិនិយោគពីបរទេស ក៏កម្ពុជាអាចធ្វើឱ្យគម្រោងជាប្រវត្តិសាស្ត្រនេះ អាចកើតឡើងបានដោយខ្លួនឯងដែរ។ ទោះបីប្រមុខរាជរដ្ឋាភិបាលមិនទាន់បង្ហាញលម្អិតនូវសេណារីយ៉ូទាំង៣នោះយ៉ាងណាក៏ដោយ ប៉ុន្តែសម្តេចធិបតី បានបង្ហាញក្តីរំពឹងថា សម្តេចនឹងមានឱកាសជិះកាណូតកម្សាន្តលើព្រែកជីកហ្វូណនតេជោនេះ នាពេលខាងមុខ ហើយការដ្ឋានសាងសង់ព្រែកជីកនេះ គឺអាចនឹងបើកការដ្ឋាននៅចុងឆ្នាំ២០២៤នេះ ឬយ៉ាងយូរបំផុតត្រឹមឆ្នាំ២០២៥ខាងមុខ។
សូមជម្រាបថា គម្រោងផ្លូវនាវាចរណ៍«ព្រែកជីកហ្វូណនតេជោ»ដែលតភ្ជាប់ពីទន្លេបាសាក់ ទៅកំពង់ផែ សមុទ្រ ខេត្តកែប មានចម្ងាយ១៨០គីឡូម៉ែត្រ ដោយគ្រោងចំណាយទុនវិនិយោគប្រមាណ១ពាន់៧រយលានដុល្លារ ជាមួយរយៈពេលសាងសង់៤ឆ្នាំ។ គម្រោងនេះនឹងជួយកាត់បន្ថយរយៈពេល និងចម្ងាយនៃការដឹកជញ្ជូន ដែលត្រូវឆ្លងកាត់តាមកំពង់ផែកៃមែបរបស់វៀតណាម បានប្រមាណ៦៩គីឡូម៉ែត្រពីកំពង់ផែស្វយ័តក្រុងភ្នំពេញ ទៅកំពង់ផែក្រុងព្រះសីហនុ និងប្រមាណ១៣៥គីឡូម៉ែត្រ ពីកំពង់ផែស្វយ័តក្រុងភ្នំពេញ ទៅកំពង់ផែ ខេត្តកំពត។ ជាពិសេសវាអាចជួយកាត់បន្ថយការចំណាយលើថ្លៃដឹកជញ្ជូនបានចន្លោះពី២០ទៅ៣០%ផងដែរ៕