វិស័យទេសចរណ៍

តើត្រូវធ្វើដូចម្តេច ដើម្បីឱ្យការអនុវត្តក្របខណ្ឌប្រទេស៣ គោលដៅទេសចរណ៍១ រវាងកម្ពុជា ឡាវ និងវៀតណាម អាចដំណើរការទៅមុខ និងមានប្រសិទ្ធភាព?


ក្របខណ្ឌប្រទេស៣ គោលដៅ១ គឺផែនការស្រូបទាញភ្ញៀវទេសចរ ដែលថ្នាក់ដឹកនាំកម្ពុជាបានពិភាក្សាគ្នាជាមួយថ្នាក់ដឹកនាំប្រទេសវៀតណាម និងប្រទេសឡាវ ដើម្បីជំរុញកំណើនភ្ញៀវទេសចរ និងការអភិវឌ្ឍន៍នៅក្នុងប្រទេសទាំង៣នេះ។ ក្របខណ្ឌនេះ ត្រូវបានអ្នកជំនាញចាត់ទុកថា ជាសញ្ញាល្អសម្រាប់វិស័យទេសចរណ៍ ប៉ុន្តែទាមទារឱ្យមានកិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងរដ្ឋ និងវិស័យឯកជនជាមួយវិស័យឯកជន ខណៈកិច្ចការនេះ ក៏ត្រូវមានការគាំពារ និងយកចិត្តទុកដាក់ពីស្ថាប័នរដ្ឋផងដែរ ទើបអាចប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព។
វិស័យទេសចរណ៍
ដោយ

លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំនៅកម្ពុជា បានចាត់ទុកការជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ក្នុងក្របខណ្ឌ «ប្រទេស៣គោលដៅ១» របស់ថ្នាក់ដឹកនាំកម្ពុជា ជាមួយថ្នាក់ដឹកនាំវៀតណាម និងឡាវ ជាផែនការដ៏ល្អមួយសម្រាប់វិស័យ​ទេសចរណ៍ ខណៈកន្លងមកក្របខណ្ឌនេះពុំទាន់ត្រូវបានអនុវត្តពេញលេញនៅឡើយទេ។ មិនបានអនុវត្តពេញលេញ ក៏ដោយសារតែវិស័យរបស់រដ្ឋ និងឯកជនពុំទាន់មានការស្រុះស្រួលគ្នា ខណៈសេវាកម្មទេសចរណ៍របស់ប្រទេសទាំងបី ក៏ពុំទាន់ស៊ីចង្វាក់គ្នា។ បើតាមលោក ធួន ស៊ីណាន ដើម្បីឱ្យក្របខណ្ឌ«ប្រទេស៣ គោលដៅ១» អាចមានដំណើរការទៅបានលុះណាតែមានកិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងរដ្ឋ និងវិស័យឯកជនជាមួយវិស័យឯកជន ខណៈកិច្ចការនេះទាមទារឱ្យមានការគាំពារ និងយកចិត្តទុកដាក់ពីស្ថាប័នរដ្ឋ ទើបអាចប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព។

​​ដោយឡែក លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា កត់សម្គាល់ឃើញថា កន្លងមកហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់តំបន់ទេសចរណ៍សម្រាប់បម្រើឱ្យក្របខណ្ឌ៣ប្រទេសគោលដៅទេសចរណ៍តែមួយរវាងកម្ពុជា វៀតណាម និងឡាវ នៅមានកម្រិតនៅឡើយ ដោយសារប្រព័ន្ធដឹកជញ្ជូនឆ្លងដែននៅពុំទាន់ស៊ីចង្វាក់គ្នា ស្របពេលនីតិវិធីក្នុងការផ្តល់​ទិដ្ឋាការរួមមិនទាន់មានការឯកភាពគ្នា។ បើតាមអ្នកជំនាញរូបនេះ ដើម្បីឱ្យក្របខណ្ឌ «ប្រទេស៣គោលដៅ១» អាចដំណើរការទៅបានលុះណាតែស្ថាប័នរដ្ឋមានឆន្ទៈ គោលនយោបាយ និងការប្ដេជ្ញាចិត្តក្នុងការដោះស្រាយជារួម នោះទើបអាចធ្វើឱ្យក្របខណ្ឌនេះមានការរីកចម្រើនទៅមុខ។

​ពាក់ព័ន្ធនឹងបញ្ហានេះដែរ សារព័ត៌មាន ខេមបូណូមីស ពុំទាន់អាចទាក់ទងសុំការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យក្រសួងទេសចរណ៍បាននៅឡើយទេ។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជួបពិភាក្សាការងារពាក់ព័ន្ធវិស័យទេសចរណ៍ជាមួយថ្នាក់ដឹកនាំប្រទេសវៀតណាម និងឡាវ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ ថ្នាក់ដឹកនាំនៃប្រទេសទាំងបីបានឯកភាពនឹងណែនាំឱ្យរដ្ឋមន្ត្រីទេសចរណ៍នៃប្រទេសទាំង៣ បន្តពិភាក្សាជា​មួយគ្នា សំដៅជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ក្នុងក្របខណ្ឌ«ប្រទេស៣ គោលដៅ១»៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


ថៃ កំពុងខ្វែងគំនិតគ្នាយ៉ាងខ្លាំងជុំវិញនាយករដ្ឋមន្ត្រី អានុទីន ចុះ MoU រ៉ែកម្រជាមួយអាម៉េរិក ដ្បិតវាអាចធ្វើឱ្យខូចខាតសេដ្ឋកិច្ចថៃ និងធ្វើឱ្យចិន ខឹង

នៅអំឡុងពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ឬសេចក្ដីថ្លែងការណ៍រួមក្រុងគូឡាឡាំពួ កាលពីថ្ងៃទី២៦ តុលា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊…

៥ចំណុចសំខាន់ដែលពិភពលោកកំពុងតាមដានពីជំនួបកំពូលរវាងលោក ដូណាល់ ត្រាំ និងលោក ស៊ី ជីនពីង នៅក្នុងកិច្ចប្រជុំកំពូល APEC នៅកូរ៉េខាងត្បូង

ប្រទេសកូរ៉េខាងត្បូង ត្រូវធ្វើជាម្ចាស់ផ្ទះទទួលរៀបចំកិច្ចប្រជុំកំពូល នៃវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ហៅកាត់ថា APEC ស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ