ការនិយាយលេងសើចមិនសមរម្យចំពោះស្ត្រី

តើការនិយាយលេងសើចប្រើពាក្យសម្ដីមិនសមរម្យទៅលើស្ត្រី និងក្មេងស្រីបានជះផលប៉ះពាល់អ្វីខ្លះមកលើសង្គម?


មានការផ្ទុះការវែកញែក និងប្រតិកម្មយ៉ាងខ្លាំងពីមហាជននៅលើបណ្តាញសង្គម បន្ទាប់ពីអ្នកអត្ថាធិប្បាយប្រដាល់គុនខ្មែរម្នាក់បានប្រើប្រាស់ពាក្យសម្តីលែបខាយក្នុងន័យលេងសើចមកលើនារីជាអ្នកលើកស្លាកទឹកប្រដាល់ម្នាក់ក្នុងកម្មវិធីប្រដាល់មួយកាលពីពេលថ្មីៗ។ ទាំ
ការនិយាយលេងសើចមិនសមរម្យចំពោះស្ត្រី
ដោយ

ទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជរដ្ឋាភិបាល ក៏ដូចជាអ្នកជំនាញបានចាត់ទុកការប្រើប្រាស់សម្តីលែបខាយរបស់ពិធីករប្រដាល់រូបនោះថា ជាសកម្មភាពលេងសើចហួសហេតុ ដែលធ្វើឱ្យប៉ះពាល់ផ្លូវអារម្មណ៍របស់នារីម្នាក់នោះផ្ទាល់ និងស្ត្រីដទៃទៀត។ តើការនិយាយលេងសើចប្រើពាក្យសម្ដីមិនសមរម្យទៅលើស្ត្រី និងក្មេងស្រីបានជះផលប៉ះពាល់អ្វីខ្លះមកលើសង្គម?

លោកបណ្ឌិត ឈត ប៊ុនថង អ្នកស្រាវជ្រាវ និងជាអ្នកជំនាញទស្សនវិជ្ជា នៃរាជបណ្ឌិតសភាកម្ពុជាកត់សម្គាល់ឃើញថា នៅក្នុងតថភាពសង្គមជាក់ស្ដែកការលេងសើចដោយប្រើប្រាស់ពាក្យសម្ដីមិនសមរម្យតែងតែកើតមានឡើងគ្រប់ទីកន្លែង និងគ្រប់រូបភាព មិនថា ក្នុងទំនាក់ទំនងជាមិត្តភក្តិ អ្នកស្គាល់គ្នា ឬអ្នកជិតខាងគ្នានោះទេ។ តែយ៉ាងណាអ្នកជំនាញរូបនេះយល់ឃើញថា ការធ្វើសកម្មភាព ឬប្រើពាក្យសម្តីលេងសើចនានាកុំឱ្យជ្រុលហួសហេតុ ពោលគឺត្រូវចេះគោរព និងផ្ដល់តម្លៃឱ្យគ្នាទៅវិញទៅមក ដែលជាផ្នែកមួយជួយលើកកម្ពស់សេចក្ដីថ្លៃថ្នូររបស់ស្រ្តី និងក្មេងស្រី។ បើតាមលោកបណ្ឌិត ឈត ប៊ុនថង តម្លៃនិងសេចក្ដីថ្លៃថ្នូរនេះមិនមែនមានតែចំពោះស្រី្តនោះទេ ពោលគឺមានទាំងបុរស និងក្រុមអ្នកស្រលាញ់ភេទដូចគ្នាផងដែរ។

ជាមួយគ្នានេះ លោកស្រី ហង្ស សម្ផស្ស ប្រធានក្រុមអ្នកសារព័ត៌មានស្ត្រីកម្ពុជាហៅកាត់ថា CFJ បានលើកឡើងថា សីលធម៌សង្គមធ្លាក់ចុះដែលជាហេតុនាំឱ្យការលេងសើចខុសទំនង និងអសីលធម៌នៅតែកើតមានលើស្រ្តី និងក្មេងស្រី។ បើតាមការគូសបញ្ជាក់របស់លោកស្រី ហង្ស សម្ផស្ស ការលេងសើច ការមើលងាយ ការបៀតបៀនផ្សេងៗ មិនថា ដោយផ្ទាល់ ឬដោយប្រយោលទៅកាន់ស្រ្តី អាចធ្វើឱ្យពួកគេកើតមានជម្ងឺខ្លាចសង្គម បាត់ទឹកចិត្ត ខ្មាសអៀន និងមិនហ៊ានចូលរួមសកម្មភាពនានាក្នុងសង្គមជាដើម។ បើតាមប្រធានក្រុមអ្នកសារព័ត៌មានស្ត្រីកម្ពុជារូបនេះ រដ្ឋាភិបាលគួរតែយកចិត្តទុកដាក់គិតគូរលើរឿងលេងសើចក្នុងន័យបៀតបៀននេះ ដើម្បីជៀសវាងកើតមានទៅលើស្រ្តី និងក្មេងស្រីជំនាន់ក្រោយៗទៀត។

ជាមួយគ្នានេះ កញ្ញា កែវ យ៉ារី ជាមន្ត្រីទំនាក់ទំនង និងបណ្តាញនៃអង្គការ CEDAW បានលើកឡើងថា បុគ្គលណាក៏អាចជាអ្នកប្រព្រឹត្តអំពើបៀតបៀននេះដែរ បើទោះបីភាគច្រើនបុរសជាអ្នកប្រព្រឹត្តិ ហើយ ស្ត្រី និងក្មេងស្រីជាអ្នករងគ្រោះក៏ដោយ ក៏ការប្រព្រឹត្តទាំងនេះអាចមកពីការខ្វះការយល់ដឹង ឬចំណេះដឹងជុំវិញការបៀតបៀន ដែលខ្លួនគិតថា គ្រាន់តែជាការលេងសើចប៉ុណ្ណោះ។ សម្រាប់កញ្ញារូបនេះ ការលេងសើចនោះអាចធ្វើឲ្យអ្នកទទួលរងពាក្យសម្ដីទាំងនោះមិនពេញចិត្ត ឬអ្នកទទួលរងនោះ ក៏មិនបានដឹងខ្លួន ហើយជួនកាលមិនដឹងថា ត្រូវបានគេបៀតបៀនទៀតផង។

ពាក់ព័ន្ធបញ្ហានេះដែរសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រី្តនៃកម្ពុជាបានបង្ហោះសារលើបណ្ដាញសង្គមហេ្វសបុកនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ ថា នៅមួយរយៈនេះកន្លងមកនេះសម្តេចសង្កេតឃើញមានសកម្មភាព ឬការបញ្ចេញមតិរបស់មនុស្សមួយចំនួន ដែលធ្វើឲ្យប៉ះពាល់ទៅដល់អារម្មណ៍ និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ ជាពិសេសស្ត្រីភេទ។ តែយ៉ាងណាសម្តេចយល់ឃើញថា ការធ្វើសកម្មភាព ឬនិយាយមួយចំនួនរបស់អ្នកទាំងនោះ ប្រហែលជាមិនមានចេតនាអាក្រក់នោះទេ ហើយគ្រាន់តែចង់បានការចាប់អារម្មណ៍ពីសំណាក់អ្នកមើល ឬអ្នកស្ដាប់ចំពោះសកម្មភាព ឬពាក្យសម្តីរបស់ខ្លួន។ ជាមួយគ្នានេះ សម្ដេចធិបតី បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសយុវជនធ្វើសកម្មភាព ឬប្រើប្រាស់ពាក្យសម្ដីជាមួយអ្នកដទៃដោយការគោរពគ្នាទៅវិញទៅមក និងប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ និងសេចក្តីថ្លៃថ្នូររបស់ខ្មែរឱ្យស័ក្តិសមជាប្រជាពលរដ្ឋដែលរស់នៅក្នុងសង្គមស៊ីវិល័យ។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានបង្ហោះសារប្រតិកម្មចំពោះការប្រើប្រាស់ពាក្យសម្តីលែបខាយរបស់ពិធីករប្រដាល់នេះដែរថា ការនិយាយលែបខាយពាក្យសម្ដីជាសាធារណៈលើវេទិកាប្រដាល់នេះ ជាទង្វើ និងប្រធានបទធ្វើឱ្យប៉ះពាល់ដល់ផ្លូវចិត្តរបស់នារីម្នាក់ដែរជាអ្នកលើកស្លាកទឹកប្រដាល់ និងស្រ្តីផ្សេងទៀត។ ឯកឧត្តមបានគូសបញ្ជាក់ថា វត្តមានស្រ្តីក្នុងការងារគ្រប់វិស័យ គ្រប់កន្លែង និងគ្រប់ពេល ក៏ជាវត្តមានម្ដាយ ភរិយា កូនស្រី ឬប្អូនស្រី ក្មួយស្រីគ្រប់គ្នាដូច្នេះដែរ។ សម្រាប់ឯកឧត្តម ស សុខា មិនថាបុរស ឬស្រ្តី ការខិតខំបំពេញការងារទាំងយប់ទាំងថ្ងៃទៅតាមសមត្ថភាព និងលទ្ធភាពរៀងៗខ្លួននោះ គឺដើម្បីជីវភាពខ្លួនឯង និងក្រុមគ្រួសារនៅឯផ្ទះ ហើយសុទ្ធតែបានរួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍ និងភាពរីកចម្រើនរបស់សង្គមជាតិ៕

អត្ថបទដោយ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


បរធនបាលកិច្ចរៀបចំការផ្គូរផ្គងធុរកិច្ច ដើម្បីជំរុញការអភិវឌ្ឍវិស័យអចលនទ្រព្យនៅកម្ពុជា

និយ័តករបរធនបាលកិច្ច និងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានរៀបចំការផ្គូរផ្គងធុរកិច្ចតាមរយៈយន្តការបរធនបាលកិច្ច ដើម្ប…

ការហោះហើរទ្វេទិសចេញចូលកម្ពុជាកើនឡើងជាង៦០ជើងក្នុង១សប្តាហ៍ ខណៈកម្ពុជានឹងមានការភ្ជាប់ជើងហោះហើរពីអឺរ៉ុបនៅឆ្នាំនេះ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានវាយតម្លៃថា វឌ្ឍនភាពនៃជើងហោះហើរអន្តរជាតិរបស់កម្ពុជា បានរីកចម្រើនគួរជាទីមោទននាពេលបច្ចុប្បន្ននេះ តួយ៉ាងនៅដើមឆ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ