នៅក្នុងជំនួបជាមួយលោក ឡរ៉េន វង់ នាយករដ្ឋមន្ត្រីសិង្ហបុរី កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ លោក ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្ត្រីបាននិយាយថា សិង្ហបុរី មិនត្រឹមតែជាដៃគូវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែក៏ជាអ្នកបំផុសគំនិតសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ហើយឥណ្ឌាក៏ចង់បង្កើតឱ្យមានសិង្ហបុរីឱ្យបានច្រើននៅក្នុងប្រទេសឥណ្ឌា។
ជាមួយគ្នានេះប្រទេសឥណ្ឌា និងសិង្ហបុរី បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួន៤ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួនដូចជាបន្ទះឈីប បច្ចេកវិទ្យាឌីជីថល ការអភិវឌ្ឍជំនាញ និងការថែទាំសុខភាព។
ប្រទេសអាស៊ីទាំងពីរ បានក្លាយជាទិសដៅសំខាន់ក្នុងការទាក់ទាញការវិនិយោគលើផលិតកម្មបន្ទះឈីប ខណៈក្រុមហ៊ុនបស្ចិមលោក និងចិន ព្យាយាមធ្វើពិពិធកម្មផលិតកម្ម ដើម្បីឆ្លើយតបនឹងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ។ ក្រៅពីសិង្ហបុរី ឥណ្ឌា ក៏គ្រោងនឹងបង្កើនសហប្រតិបត្តិការនៅក្នុងវិស័យនេះជាមួយនឹងម៉ាឡេស៊ី ដែលជាមជ្ឈមណ្ឌលបន្ទះឈីបដ៏សំខាន់មួយផងដែរ។
សិង្ហបុរី គឺជាដៃគូពាណិជ្ជកម្មធំជាងគេទី៦របស់ឥណ្ឌា និងធំជាងគេបំផុតក្នុងតំបន់អាស៊ាន។ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសមានទំហំជាង៣៥ពាន់លានដុល្លារ ហើយសិង្ហបុរី ជាប្រភពនៃការវិនិយោគផ្ទាល់ពីបរទេសដ៏ធំបំផុតរបស់ឥណ្ឌា ជាមួយនឹងទំហំវិនិយោគជិត១២ពាន់លានដុល្លារ ឬប្រហែល២៧% នៃចំនួនវិនិយោគសរុបរបស់ឥណ្ឌា៕
អត្ថបទ៖ សុខ មង្គល