រដូវវស្សា គឺជាសសៃឈាមដ៏សំខាន់មួយ ដែលជួយទ្រទ្រង់សេដ្ឋកិច្ចជាង៣ទ្រីលានដុល្លាររបស់ឥណ្ឌា តាមរយៈការផ្តល់ទឹកភ្លៀងជិត៧០% សម្រាប់ស្រោចស្រពកសិដ្ឋាន និងបំពេញអាងស្តុកទឹក និងអាងទឹកដទៃទៀត ព្រោះដីស្រែស្ទើរតែពាក់កណ្តាលនៅឥណ្ឌា ដែលគ្មានប្រព័ន្ធធារាសាស្រ្តចូលទៅដល់ គឺត្រូវពឹងផ្អែកលើទឹកភ្លៀងពីខែមិថុនា ដល់ខែកញ្ញា ដើម្បីដាំដុះដំណាំផ្សេងៗ។
ជាធម្មតាភ្លៀងរដូវវស្សានៅប្រទេសឥណ្ឌា អាចនឹងចាប់ផ្តើមបង្អុរធ្លាក់ដោយផ្នែកនៅដើមខែមិថុនា ហើយនឹងបន្តរាលដាលនៅពាសពេញប្រទេសនេះ នៅពាក់កណ្តាលខែកក្កដា ដែលបង្កឱ្យមានទឹកសម្រាប់បម្រើឱ្យការដាំដុះដំណាំដូចជាស្រូវ ពោត កប្បាស សណ្តែកសៀង និងអំពៅជាដើម។
នាយកដ្ឋានឧតុនិយមរបស់ឥណ្ឌា បានកំណត់បរិមាណទឹកភ្លៀងថា នឹងមានជាមធ្យមស្ថិតនៅចន្លោះពី៩៦% ទៅ១០៤% សម្រាប់រដូវវស្សារយៈពេលបួនខែឆ្នាំនេះ។ ភ្លៀងមូសុង ដ៏ច្រើនអាចជួយប្រជាកសិករក្នុងការប្រមែប្រមូលផលដំណាំស្រូវ និងជំរុញឱ្យរដ្ឋាភិបាលពិចារណាបន្ធូរបន្ថយការទប់ស្កាត់ការនាំចេញអង្ករផ្សេងៗ ដែលបានរឹបបន្តឹងតាំងពីឆ្នាំ២០២២ផងដែរ៕
អត្ថបទ៖ សុខ មង្គល